ក្រសួងការបរទេសប្រកាសលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ព្រះអង្គម្ចាស់ រដ្ឋមន្រ្តី ការបរទេសអារ៉ាប៊ីសាអូឌីតនៅកម្ពុជា
ភ្នំពេញ៖នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត នៅព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា តបតាមការ អញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ (His Highness Prince Faisal bin Farhan Al Saud ) រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត បានយាងមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជា ណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ សំដៅពង្រឹង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនៃព្រះរាជទស្សនកិច្ច ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ បានយាងចូលជួបសម្តែ ការ គួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានយាង ព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman នៃព្រះរាជា ណាចក្រអារ៉ាប៊ីសាអូឌីត មកបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅ កម្ពុជា។
នៅក្នុងកិច្ចប្រជុំទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ បានពិភាក្សា លើវិស័យផ្សេងៗនៃកិច្ចសហប្រតិបត្តិការនិងបានឯកភាពថាព្រះរាជទស្សនកិច្ចនេះគឺជាចំណុចចាប់ផ្តើមសម្រាប់ការលើកកម្ពស់ទំនាក់ទំនងជាមិត្តភាព និងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពថា ប្រទេសទាំងពីរនៅ មិនទាន់បានប្រើប្រាស់សក្តានុពលទាំងអស់នៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់នៅឡើយ និងបានប្តេជ្ញាចិត្តរួមគ្នាដើម្បីពង្រឹង និង ពង្រីកបន្ថែមទៀតនូវវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
អំពីពាណិជ្ជកម្ម និងការវិនិយោគ បន្ទាប់ពីបានលើកឡើងនូវ កាលានុវត្តភាពប្រកបដោយការលើកទឹកចិត្តរបស់កម្ពុជា ជា ពិសេសច្បាប់វិនិយោគថ្មីដែលអំណោយផល កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីមួយចំនួន និងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ ជ្រុង ជ្រោយ ក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានកាល ពីដើម ឆ្នាំនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានស្នើសុំសមភាគីរបស់ ឯកឧត្ដម ឱ្យជំរុញពាណិជ្ជករអារ៉ាប៊ីសាអូឌីតមកបណ្តាក់ ទុននៅ កម្ពុជាក្នុងវិស័យសំខាន់ៗមួយចំនួន រួមមាន ទេសចរណ៍ កសិកម្ម និងថាមពលកកើតឡើងវិញ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បាន បង្ហាញនូវចំណាប់អារម្មណ៍ចំពោះបទពិសោធន៍ និងជំនាញរបស់ អារ៉ាប៊ីសាអូឌីតក្នុងផលិតកម្មប្រេង និងឧស្ម័ន និងបានស្នើឱ្យផ្តល់ អាហារូបករណ៍ក្នុងការបណ្តុះបណ្តាលផ្នែកវិស្វកម្មប្រេង និង ឧស្ម័ន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើដល់អារ៉ាប៊ីសាអូឌីតពិចារណា លើការ នាំចូលកសិផលពីកម្ពុជា និងចែករំលែកបទពិសោធន៍ ស្ដីពី ការផលិតអាហារហាឡាល់ (Halal Food)។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិ ការក្នុងវិស័យអប់រំ និងការផ្លាស់ប្តូរជំនាញការទូតរវាងវិទ្យាស្ថាន ការទូតនៃប្រទេសទាំងពីរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជំរុញភាគី អារ៉ាប៊ីសាអូឌីតឱ្យធ្វើការពិចារណាចំពោះការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ ទេសចរណ៍ជាមួយកម្ពុជា និងពន្លឿនការពិចារណាចំពោះ អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងអប់រំ រវាងប្រទេសទាំងពីរ។
ឯកឧត្តម ប្រាក់ សុខុន និងព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ ក៏បានពិភាក្សា និងបានឯកភាពគ្នាផងដែរ អំពីការបង្កើត យន្តការសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើកិច្ច ពិគ្រោះយោបល់ជាប្រចាំរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។
ក្នុងអំឡុងពេលនៃជំនួប រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាផងដែរ លើបញ្ហាតំបន់ និងអន្តរជាតិ សំខាន់ៗ មួយចំនួន ដែលជាផលប្រយោជន៍ និងការបារម្ភរួម។រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះការ គាំទ្រគ្នាទៅវិញទៅមកនាពេលបច្ចុប្បន្ន និងបានសន្យាថា នឹង ពង្រឹងការគាំទ្រគ្នាបែបនេះបន្ថែមទៀត។ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ បានសម្តែងនូវការគាំទ្រ និងជូនពរដល់ការ ធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។ ភាគីទាំងពីរ មានគោលជំហរ ដូចគ្នា ក្នុងការគោរពតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និង ច្បាប់អន្តរជាតិ និងការគោរពចំពោះអធិបតេយ្យភាព និង គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួលយកការ អញ្ជើញរបស់ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ ទៅបំពេញទស្សនកិច្ចផ្លូវការនៅអារ៉ាប៊ីសាអូឌីត៕
ដោយ ៖ សួង ពិសិដ្ឋ








