ប្រេសិតពិសេសប្រធានអាស៊ានចាប់ផ្តើមទៅមីយ៉ាន់ម៉ាសប្តាហ៍ក្រោយ (Video Inside)
ប្រេសិតពិសេសរបស់ប្រធានអាស៊ាន គ្រោងនឹងបំពេញទស្សនកិច្ចការងារនៅក្នុងប្រទេស មីយ៉ាន់ម៉ានៅសប្តាហ៍ក្រោយនេះហើយ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស កម្ពុជាថ្ងៃសុក្រនេះបញ្ជាក់ថាប្រេសិតពិសេសប្រធានអាស៊ាន គឺលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលជារដ្ឋមន្ត្រីការបរទេសកម្ពុជា នឹង បំពេញទស្សនកិច្ចការងារនៅ សាធារណ រដ្ឋសហភាពមីយ៉ាន់ម៉ារវាងពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែមីនាឆ្នាំ២០២២ តបតាមការអញ្ជើញ របស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
អគ្គលេខាធិការអាស៊ាន លោកលោក លឹម ចុកហ៊ុយ, នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្រប សម្រួលអាស៊ានដើម្បី ជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ លោកលី យ៉ាម មីង និងក្រុមការងារពាក់ ព័ន្ធ នឹងធ្វើដំណើរចូលរួមជាមួយគ្នាផងដែរ។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថាដំណើរទស្សនកិច្ចលើកដំបូងនៃប្រេសិតពិសេស របស់ប្រធានអាស៊ាន មានគោលបំណងដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឈាន ទៅដល់ការបញ្ចប់អំពើហិង្សាក៏ដូចជាការអត់ធ្មត់ឱ្យបានខ្ពស់បំផុតពីគ្រប់ភាគីទាំងអស់, ការ ចែកចាយជំនួយមនុស្សធម៌ ដោយមានការគាំទ្រនិងសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះ មហន្ត រាយ,និងលើកទឹកចិត្តឱ្យមានកិច្ចពិគ្រោះយោបល់និងកិច្ចសន្ទនានយោបាយ ក្នុងចំណោម ភាគីពាក់ព័ន្ធទាំងអស់។