អ្នកការទូត៖ សហរដ្ឋអាមេរិក-ចក្រភពអង់គ្លេសជាប់ពាក់ព័ន្ធនឹងទុក្ខវេទនារបស់ប្រជាជនស៊ីរី
ហ្ស៊ឺណែវ៖ ថ្មីៗនេះ អ្នកការទូតជាន់ខ្ពស់ចិនម្នាក់បានអះអាងថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងភាពវេទនារបស់ប្រជាជនស៊ីរី។
លោក ចាង ទូអាន (Jiang Duan) ជារដ្ឋមន្ត្រីនៃបេសកកម្មអចិន្ត្រៃយ៍របស់ចិនប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានថ្លែងថា នៅក្នុងប្រទេសស៊ីរី ការវាយប្រហារតាមផ្លូវអាកាសដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសដទៃទៀតបានបណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងភៀសខ្លួនយ៉ាងច្រើន។
លោក ចាង បាននិយាយនៅក្នុងកិច្ចពិភាក្សាមួយស្តីពីស៊ីរី ដែលធ្វើឡើងក្នុងអំឡុងសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមផ្លូវអាកាសជាង ៩០,០០០លើកនៅស៊ីរី និងប្រទេសដទៃទៀតក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដោយបានសម្លាប់ជនស៊ីវិលរហូតដល់ ៤៨,០០០នាក់។
បន្ថែមលើនេះ លោក ចាង ក៏បានចោទប្រកាន់ដែរថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសផ្សេងទៀតបានអនុវត្តវិធានការបង្ខិតបង្ខំឯកតោភាគីខុសច្បាប់មួយចំនួនប្រឆាំងនឹងប្រទេសស៊ីរី ដោយធ្វើឱ្យមានការបំផ្លិចបំផ្លាញដល់សិទ្ធិមនុស្ស និងស្ថានភាពមនុស្សធម៌របស់ប្រទេសមួយនេះផងដែរ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ឈឹម ទីណា


