ចិនជំរុញឱ្យសហរដ្ឋអាមេរិក ប្រឈមមុខ នឹងការរំលោភសិទ្ធិមនុស្សរបស់ខ្លួន
យូអិន៖ បេសកជនចិនថ្មីៗនេះបានបដិសេធការវាយប្រហាររបស់សហរដ្ឋអាមេរិក លើរបាយការណ៍ផ្នែកសិទ្ធិមនុស្សរបស់ប្រទេសចិន ហើយបានជំរុញឱ្យមហាអំណាចពិភពលោកនេះប្រឈមមុខនឹងការរំលោភសិទ្ធិមនុស្សរបស់ខ្លួន។
តំណាងអចិន្ត្រៃយ៍រងរបស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិលោក តៃ ពីង (Dai Bing) បានចោទប្រកាន់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី លីនដា ថូម៉ាស គ្រីនហ្វីល (Linda Thomas-Greenfield) ថា បានបំពានលើកិច្ចប្រជុំនៃមហាសន្និបាត ក្នុងឱកាសទិវាអន្តរជាតិសម្រាប់ការលុបបំបាត់ការរើសអើងពូជសាសន៍។
លោក តៃ បាននិយាយថា សហរដ្ឋអាមេរិក ដោយមិនគិតពីភាពជឿជាក់របស់ខ្លួន រហូតមកទល់ពេលនេះ បានប្រើប្រាស់កិច្ចប្រជុំនេះ ដើម្បីវាយប្រហារផ្នែកនយោបាយ លាបពណ៌ចិន និងប្រទេសជាច្រើនទៀតទាក់ទងនឹងកិច្ចការផ្ទៃក្នុងរបស់ពួកគេ។ លោកបន្តថា ទង្វើបែបនេះធ្វើឱ្យមានការចំអកដ៏សោកសៅចំពោះឋានៈរបស់ខ្លួនក្នុងនាមជាប្រទេសម្ចាស់ផ្ទះ។
ទន្ទឹមនេះ លោក ថា ការចោទប្រកាន់របស់សហរដ្ឋអាមេរិកលើអ្វីដែលគេហៅថា អំពើប្រល័យពូជសាសន៍ និង ការរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ស្វយ័ត ស៊ិនជាំង (Xinjiang) របស់ប្រទេសចិន គឺជាការកុហកទាំងស្រុងនៃសតវត្សន៍ និងជាគម្រោងនយោបាយដ៏កាចសាហាវ ដែលរៀបចំឡើងដោយគ្មាននរណាម្នាក់ក្រៅពីសហរដ្ឋអាមេរិក ដែលចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងតឹងរ៉ឹង៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ឈឹម ទីណា




