អ្នកវិភាគ​មួយរូប​បញ្ចេញ​ទស្សនៈ​ជុំវិញដំណើរ​ទស្សនកិច្ច​រប​ស់​ឯកឧត្តម ប្រាក់ សុខុន ទៅកាន់​មី​យ៉ាន់​ម៉ា​ក្នុងនាម​ជា​ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន​

ភ្នំពេញៈ លោក​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នកវិភាគ បាន​មានប្រសាសន៍ប្រាប់ AMS នៅ​ថ្ងៃ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃទី​២១​ខែមីនា​ក្នុងឋានៈ​ជា​បេសកម្ម​ជន​ពិសេស​របស់​ប្រធាន​អាស៊ាន​ទទួលបន្ទុក​កិច្ចការ​មី​យ៉ាន់​ម៉ា គឺជា​ចំណុច​ចាប់ផ្តើម​ដ៏​មាន​សារៈសំខាន់​និង​ជា​លើក​ទី​១​បើ​ពិនិត្យមើល​ចំណុច​ចាប់ផ្តើម​មុនៗ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ សម្តេច​តេ​ជោ​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​៧ ខែមករា​ឆ្នាំ​២០២២​កន្លងទៅនេះ​ក៏បាន​ត្រួស​ត្រាយផ្លូវ​មួយចំនួនធំ​រួចទៅហើយ​ហើយក៏​ឃើញ​មានការ​ប្តេជ្ញាចិត្ត​ពី​សំណាក់ មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​ផងដែរ​ថា នឹង​ផ្តល់​កិច្ចសហការ​ពេញលេញ​ជាមួយ​បេសកជន​របស់​ប្រធាន​អាស៊ាន​។​សង្ឃឹមថា ដំណើរ​ទស្សនកិច្ច​នេះ​អាច​នឹង​ត្រួស​ត្រាយផ្លូវ​បន្ថែមទៀត​ឆ្ពោះទៅរក​ដំណោះស្រាយ​មួយ​សមស្រប​ដែលមាន​លក្ខណៈ​បរិ​យាប​ន្ន ។

លោក​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នកវិភាគ(រូបថតឯកសារ)

​លោក​បណ្ឌិត គិ​ន ភា បាន​បន្តថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​គណៈប្រតិភូ ជាការ​យល់ឃើញ​របស់​លោក​រឿង​សំខាន់​ដែលជា​របៀបវារៈ​អាទិភាព​បំផុត គឺ​ការបញ្ឈប់​នៅ​អំពើហិង្សា​នានា​ដែលមាន នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ដើម្បី​ឈានទៅរក​ការចរចា​ឬ​ការសម្របសម្រួល​ខាង​នយោបាយ​ណាមួយ​ដែលមាន​លក្ខណៈ​ទូលំទូលាយ (​ចំណុច​សំខាន់​ទី​១)​។ ចំណុច​សំខាន់​ទី​២. ការពិភាក្សា​ទៅលើ​លទ្ធភាព​នៃ​ការផ្តល់​ជំនួយ​មនុស្សធម៌​តាម រយៈ​មជ្ឈមណ្ឌល​មនុស្ស​ធម៌​អាស៊ាន​គឺជា​រឿង​សំខាន់បំផុត​ដែល​ប្រជាជន​មី​យ៉ាន់​ម៉ា​កំពុងតែ​ត្រូវការ​ក៏ដូចជា​វ៉ាក់សាំង​បង្ការ​វីរុស​កូ​វីដ​។ ជា​រឿង​សំខាន់​ដែល​គណៈប្រតិភូ​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គួរតែ​ជជែក​រឿង​នឹង​ឲ្យ​បាន​ស៊ីជម្រៅ​។​ចំណុច​ទាំងអស់​នឹង​ដូច​បានកំណត់ នៅក្នុង កិច្ចព្រមព្រៀង​កុងសង់ស៊ីស​ទាំង ៥​ចំណុច នៃ​មេដឹកនាំ​អាស៊ាន​កន្លងទៅ ហើយ ក្នុងនោះ​ក៏​មេដឹកនាំ​មី​យ៉ាន់​ម៉ា​ក៏បាន​ចុះ​ហត្ថ លេខា​ផងដែរ​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា(រូបថតឯកសារ)


​លោក​បណ្ឌិត គិ​ន ភា បាន​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នេះ អាចជា​ពន្លក​នៃ​ក្តីសង្ឃឹម​មួយ ។​ជា​សុ​ទិ​ដ្ឋ​និយម​មួយ​ក៏ប៉ុន្តែ យើង​មិនគួរ​ផ្តល់​ក្តីសង្ឃឹម​ខ្លាំងពេក​ទេ​ព្រោះ​វា​គ្រាន់តែ​ចំណុច​ចាប់ផ្តើម​។​ជឿជាក់ថា​នឹងត្រូវ​មានដំណើរ​ទស្សន​កិច្ច​ជា​បន្តបន្ទាប់​ទៀត ដើម្បី ធ្វើយ៉ាងណា​ឲ្យ​ពួក​មេដឹកនាំ​មី​យ៉ាន់​ម៉ា​ទទួលយក​នៅ​លក្ខខណ្ឌ នៅ​សេណា​រី​យ៉ូ នៃ​ដំណោះស្រាយ នយោបាយ​នៅ​មី​យ៉ាន់​ម៉ា​ពីព្រោះ​យើង​ត្រូវ​ដឹងថា​បញ្ហា​នៅ​មី​យ៉ាន់​ម៉ា​នេះ​គឺជា​រឿង​ស្មុគស្មាញ​ដែលមាន​លក្ខណៈ​ប្រវត្តិសាស្ត្រ​ផង ភូមិសាស្ត្រ​ផង ជាតិ​ពិ​ន្ធុ​ផង ហើយ​ជា​មរតក​នយោបាយ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​តាំងពី​ក្រោយ​ឆ្នាំ​១៩៤៨ ។​
​លោក​បន្តថា​ក្រោយពេល​មី​យ៉ាន់​ម៉ា​ទទួលបាន​នៅ​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​តួនាទី​របស់​ពួកយោធា​ហាក់ដូចជា​ទូលំទូលាយ​ខ្លាំង​នៅក្នុង​សង្គម​នយោបាយ​នៅ​មី​យ៉ាន់​ម៉ា​។​ដូច្នេះ​ការដកហូត​ណាមួយ​នៅ​អំណាច​និង​តួនាទី​របស់​យោធា​ចេញពី​សង្គម​មី​យ៉ាន់​ម៉ា គឺ​មិនមែនជា​ការងាយស្រួល​ទេ​។ លោក​យល់ថា មេរៀន និង​បទពិសោធន៍​របស់​ប្រទេស​កម្ពុជា​ពាក់ព័ន្ធ ជាមួយនឹង​ការនាំមក​នៅ​សុខសន្តិភាព​ពេញលេញ​គួរតែ​ជា​មេរៀន​ដែល​ត្រូវបាន​អនុវត្ត​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​គឺ​ទស្សនវិជ្ជា​នយោបាយ​ឈ្នះ​ឈ្នះ ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ស្ថាបនិក​គួរតែ​ត្រូវបាន​អនុវត្ត​។​រាល់​បញ្ហានយោបាយ វិបត្តិ​នយោបាយ​ទាំងអស់​ស្ទើរ​នៅ​ជុំវិញ​ពិភពលោក​នេះ បើសិនជា​គ្មាន​ដំណោះស្រាយ​នយោបាយ​បែប​ឈ្នះ​ឈ្នះ​ទេ គឺ​ពិបាក​រកឃើញ​នៅ​សន្តិភាព ស្ថិរភាព​យូរអង្វែង​ណាស់​។ ចំណុច​សំខាន់​នៅពេលនេះ គឺ​ធ្វើយ៉ាងណា​ឲ្យ​ដំណើរ ទស្សនកិច្ច​នេះ​ទទួលបាន​នៅ​ការបញ្ចប់​អំពើហិង្សា​នានា​នៅ​មី​យ៉ាន់​ម៉ា​ឈានទៅរក​ការបើកផ្លូវ​ឲ្យ​មានការ​ផ្តល់ជំនួយ​មនុ​ស្ស​ធម៌​ដោយ​អត់​មានការ​រើសអើង ហើយនឹង​អាច​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន​។ តែ​លោក​មិន​សង្ឃឹមថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​អាច​នឹង​ជួប​លោកស្រី អោ​ង សាន​សូ​ជី ទេ ពីព្រោះ​លោកស្រី អោ​ង សាន​សូ​ជី​គឺជា​តួអង្គ​សំខាន់​មួយ​ដែល​ត្រូវបាន​មេដឹកនាំ​យោធា​ចោទប្រកាន់​ក្នុងករណី​បទល្មើស​ធ្ងន់ធ្ងរ​។​ជា​ដំណាក់កាល​ដំបូង​នេះ លោក​គិតថា គណៈប្រតិភូ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អាច ជួប​លោកស្រី អោ​ង សាន​សូ​ជី ទេ ប៉ុន្តែ អាច​នឹង​ជំហាន​បន្ត បន្ទាប់​ទៀត​។ រឿង​មី​យ៉ាន់​ម៉ា​នេះ អាច​បន្ត​រហូតដល់​ឆ្នាំក្រោយ ឬ​ឆ្នាំក្រោយ មួយទៀត គឺ​មិនអាច​ចប់​ងាយ​នោះទេ​៕ ដោយ​: ពល​ជ័យ​

ads banner