សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ដោយហៅកាត់ថា «កជទី២» នៅរសៀលថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២ ។


សូមជម្រាបថា ពិធីប្រកាសផ្សព្វផ្សាយកម្មវិធីជាតិ សម្រាប់ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាល ទី២ (២០២១-២០៣០) ត្រូវបានធ្វើនៅព្រឹកថ្ងៃចន្ទ ទី២១ ខែមីនា ក្រោមវត្តមានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ .អ .ប ក្នុងគោលបំណង ដើម្បីបង្ហាញអំពីសមិទ្ធផល និងបញ្ហាប្រឈមនៃកិច្ចដំណើរការ កំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ ក្នុងអំឡុងពេលនៃការ អនុវត្តកម្មវិធីជាតិសម្រាប់ការអនុវត្តតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី១ (២០១០ -២០២០) ព្រមទាំង ផ្សព្វផ្សាយអំពីចក្ខុវិស័យ គោលបំណង គោលដៅ សមិទ្ធផលរំពឹង ទុក និងបេសកកម្មនៃកម្មវិធីជាតិ ដំណាក់កាលទី២។
ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ រំលឹកឡើងវិញអំពីមូលហេតុសំខាន់ៗនិងកិច្ចដំណើរការនៃការអនុវត្ត កំណែទម្រង់វិជ្ឈការ និងវិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា ដោយសម្តេចក្រឡាហោម បានមានប្រសាសន៍ថា ជាទូទៅ វិមជ្ឈការ និង វិសហមជ្ឈការត្រូវបានគេចាត់ទុកថាគឺជាយុទ្ធសាស្ត្រ ឬជាគោលនយោបាយសាធារណៈមួយដ៏មានប្រជាប្រិយភាព និង មានប្រសិទ្ធភាពខ្ពស់ក្នុងការលើកកម្ពស់ប្រជាធិបតេយ្យ និង អភិបាលកិច្ចក្នុងការគ្រប់គ្រង ការផ្តល់សេវា និងការអភិវឌ្ឍ មូលដ្ឋានឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និងឆាប់រហ័សទៅ នឹងសំណើ សំណូមពរនិងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ។


ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង បានផ្តល់អនុសាសន៍ ដោយសង្ឃឹមយ៉ាងមុតមាំថា គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា នៃរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អ្នកពាក់ព័ន្ធនានា ត្រូវបន្តរួម គ្នាឱ្យកាន់តែសកម្ម ប្រកបដោយផ្លែផ្កាថែមទៀតទៅតាម តួនាទី ការទទួលខុសត្រូវ និងតាមវិស័យពាក់ព័ន្ធនានា ក្នុងការជំរុញ ការអនុវត្តកម្មវិធីជាតិ ដំណាក់កាលទី២នេះឱ្យសម្រេចបាន ជោគជ័យ តាមផែនការដែលគ្រោងទុក។
សូមបញ្ជាក់ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់ កំណែទម្រង់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិក្នុងរយៈ ពេល១០ឆ្នាំខាងមុខ (ឆ្នាំ២០២១-២០៣០) គឺ “ប្រជាពលរដ្ឋទទួល បានសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋាន ដែល ផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ដែលរួមចំណែកសម្រេចឱ្យបាននូវគោលបំណង ដ៏ទូលំទូលាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងប្រែក្លាយ ប្រទេសកម្ពុជាឱ្យទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០”៕
ដោយ៖ វណ្ណលុក


