អ៊ុយក្រែន៖ កិច្ចព្រមព្រៀងណាមួយជាមួយរុស្ស៊ីនឹងត្រូវធ្វើប្រជាមតិ
កៀវ៖ ខណៈពេលកំពុងប្រាប់ពីវឌ្ឍនភាពក្នុងកិច្ចពិភាក្សាជាមួយ រុស្ស៊ី នោះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅ ថ្ងៃចន្ទថ្លែងថា ការសម្របសម្រួលណាមួយជាប្រវត្តិសាស្ត្រដែល ក្រុម អ្នក ចរចារបស់លោកបានព្រមព្រៀងគ្នា នឹងត្រូវទទួលការយល់ព្រម ពីប្រទេសទាំងមូល តាមរយ:ការធ្វេីប្រជាមតិមួយ។
លោក ហ្សេលេនស្គី បានប្រាប់ទូរទស្សន៍សាធារណៈរដ្ឋអ៊ុយក្រែន ក្នុង បទសម្ភាសន៍មួយថា ខ្ញុំបានពន្យល់ដល់ក្រុមចរចាទាំងអស់ថា នៅពេលអ្នកនិយាយអំពីការផ្លាស់ប្តូរទាំងអស់នេះ ហើយពួកវា អាចជាប្រវត្តិសាស្ត្រ យើងនឹងមិនទៅណាទេ យើងនឹងមក ធ្វើ ប្រជាមតិ។
លោកបន្តថា ប្រជាជននឹងមានឱកាសបញ្ចេញមតិរបស់ពួកគេ ហើយផ្តល់ចម្លើយរបស់ពួកគេចំពោះប្រភេទនៃការសម្របសម្រួល។ ថ្ងៃចន្ទដេីមសប្តាហ៍នេះ គឺជាឱកាសដំបូងដែលលោក ហ្សេលេនស្គី បានលើកឡើងពីគំនិតនៃការបោះឆ្នោតប្រជាមតិ ចាប់តាំងពីទី ក្រុងម៉ូស្គូ បានបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែនជិតមួយខែមុន។
ត្រលប់ទៅខែធ្នូវិញ បន្ទាប់ពីមានការអំពាវនាវពីប្រធានាធិបតី បារាំង លោក អេម៉ានុយអែល ម៉ាក្រុង លោក ហ្សេលេនស្គី បាននិយាយថា លោកនឹងមិនច្រានចោលការបោះឆ្នោតប្រជាមតិរបស់អ៊ុយក្រែនទាំងអស់ ទាក់ទងនឹងសាធារណរដ្ឋ ដុនបាស់ និងឧបទ្វីបគ្រីមេនោះទេ ដែលប្រការនេះទំនងជាអាចបញ្ឈប់សង្គ្រាម ដែលត្រូវបាន បន្តនៅ ភាគ ខាងកើតនៃប្រទេសអ៊ុយក្រែនចាប់តាំងពីឆ្នាំ ២០១៤មក៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា



