ព្រះមហាក្សត្រកម្ពុជា យាងដល់វេទិកាកិត្តិយស ដើម្បីទតព្រះរាជពិធីបុណ្យអុំទូក ថ្ងៃចុងក្រោយ
ភ្នំពេញ៖ នៅម៉ោងប្រមាណ៤ និង ៣០នាទី ល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងដល់វេទិកាកិត្តិយស ដើម្បីទតការប្រណាំងទូកងថ្ងៃចុងក្រោយ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញ។
វត្តមាននៃការយាង និងអញ្ជើញចូលរួមក្នុងព្រះរាជពិធីថ្ងៃនេះគឺមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រមទាំងញាតិវង្ស ថ្នាក់ដឹកនាំមន្រ្តីរាជការ ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករផងដែរ។
ព្រះរាជពិធីបុណ្យអុំទូក គឺមានរយៈពេល៣ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក។
លទ្ធផលប្រណាំងទូកង នឹងប្រកាសជ័យលាភីនៅល្ងាចនេះផងដែរ។ ទូកជ័យលាភី នឹងត្រូវទទួលព្រះរាជទានរង្វាន់ផ្ទាល់ពីព្រះមហាក្សត្រកម្ពុជា។ នៅរាត្រីនេះ ក៏នឹងមានពិធីបណ្តែតប្រទីប និងបាញ់កាំជ្រួចផងដែរ ។
សូមបញ្ជាក់ថា នៅថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខាងមុខព្រះបរមរាជវាំង មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញទស្សនាការប្រណាំងទូក ៕