ប្រមុខរាជរដ្ឋភិបាលផ្ញើសារចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី២
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តផ្ញើសារអបអរសាទរ និងបង្ហាញពីទិដ្ឋភាពនៃព្រះរាជពិធីបុណ្យអុំទូក ដែលឈានចូលដល់ថ្ងៃទីពីរ។ មានប្រសាសន៍នៅលើទំព័រ Page facebook សម្ដេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «ថ្ងៃនេះជាថ្ងៃទី២ហើយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩។
បងប្អូនប្រជាពលរដ្ឋនៅតែបន្តមកលេងកម្សាន្តក្នុងព្រះរាជពិធីនេះជាបន្តបន្ទាប់។ទិដ្ឋភាពនៅមាត់ទន្លេមុខព្រះបរមរាជវាំង ដែលជាកន្លែងប្រណាំងទូក និងនៅតាមស្តង់តាំងពិព័រណ៍ទំនិញផលិតផល គឺត្រូវបានរៀបចំយ៉ាងគួរជាទីទាក់ទាញ។
ជាមួយគ្នានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្ថែមថា ចំណែកបងប្អូនកងកម្លាំងមានសមត្ថកិច្ច ផ្នែកសុខាភិបាល សង្គ្រោះបន្ទាន់ គឺបាននឹងកំពុងតែឈរជើងនៅតាមគោលដៅនីមួយៗ ដើម្បីត្រៀមការពារ រៀបចំសណ្ដាប់ធ្នាប់ ក៏ដូចជាការសង្គ្រោះបន្ទាន់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទទួលបានភាពរីករាយ ជាពិសេសនៅរាត្រីទី២ នៃព្រះរាជពិធីបុណ្យអុំទូកនេះ នឹងមានពិធីសំពះព្រះខែ និងអកអំបុកផងដែរ ដែលបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចមកកម្សាន្តដោយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ។»
លើសពីនេះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរនិងអរគុណដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីឲ្យប្រជាពលរដ្ឋ និងអ្នកទេសចរបរទេស មានឱកាសបានសប្បាយរីករាយនៅក្នុងពិធីបុណ្យអុំទូក ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា៕ធ.ដ