អគ្គស្នងការនគរបាលជាតិដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផល នៃប្រតិបត្តិការប្រចាំត្រីមាសទី១ ឆ្នាំ២០២២

ភ្នំពេញៈ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំបូកសរុប សភាពការណ៍ និងលទ្ធផល នៃប្រតិបត្តិការ ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ ២០២២ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ និងក្រសួង មហាផ្ទៃ។ កិច្ចប្រជុំនេះ បាន ប្រព្រឹត្ត ទៅនៅព្រឹក ថ្ងៃទី៦ ខែ មេសានេះ ដោយមានការចូលរួមពីអគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋាន ស្នងការនគរបាលរាជធានី ខេត្ត ទាំង២៥ និងអង្គភាពជំនាញពាក់ព័ន្ធ។

យោងតាមរបាយការណ៍បានបង្ហាញថា បើទោះបីកម្ពុជានៅបន្ត ប្រឈម ដោយការឆ្លងរាតត្បាតជំងឺកូវីដ១៩ និងបន្តទទួលរង ឥទ្ធិពលនៃសភាពការណ៍សន្តិសុខក្នុងតំបន់ និងពិភពលោកក្តី ប៉ុន្តែកម្ពុជានៅតែរក្សានូវសុខសន្តិភាព បញ្ចៀសបាននូវអំពើភេរវកម្ម ក្នុងខណៈពេលការវាយប្រហារដោយភរវកម្មលើពិភពលោកបានកើតឡើងចំនួន ៣៤៤លើកលើ៣៧ប្រទេស។

របាយការណ៍បានបន្តថា ទន្ទឹមគ្នានេះ បន្តរក្សាបានស្ថិរភាពសន្តិសុខ ទប់ស្កាត់បាននូវបទឧក្រិដ្ឋឆ្លងដែន ពង្រឹងបានយ៉ាងរឹងមាំនូវ សន្តិសុខផ្ទៃក្នុង ធានាប្រក្រតីភាព ជិវភាពសង្គម និង ការពារ ប្រកបដោយសុវត្ថិភាពទាំងស្រុងនូវស្ថាប័នកំពូលៗ របស់ជាតិ គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ព្រះរាជបេសកកម្ម និងបេសកកម្មរបស់ព្រះមហាក្សត្រ និង ឥស្សរជន ជាន់ខ្ពស់ ព្រឹត្តិការណ៍សំខាន់ៗជាតិ អន្តរជាតិ ប្រមាណ ជាងបីពាន់លើក ជាពិសេសការពារកិច្ចប្រជុំអាស៊ីអឺរ៉ុប និងការរៀបចំ ដោយជោគជ័យនូវសន្និសីទអាស៊ានណាប៉ូលលើកទី៤០ ដែលកង កម្លាំងនគរបាលជាតិកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានដំណើរការ ទៅដោយ រលូន និងទទួលបានជោគជ័យគួរជាទីមោទនៈ។ ក៏ប៉ុន្តែក៏មាន សភាពការណ៍ មួយចំនួនត្រូវបានកត់សម្គាល់ផងដែរនោះ គឺការកើន ឡើងនៃសកម្មភាពបាតុកម្ម កូដកម្មនានា ដែលនៅក្នុងហេតុការណ៍ មួយចំនួនកើតឡើងក្រោមការញុះញង់របស់មជ្ឈដ្ឋានអគតិដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលក្នុងគោលដៅបង្កអស្ថិរភាពសង្គម។

ប្រភពដដែលបានបន្តថា ម៉្យាងវិញទៀត ការវាយប្រហារដោយ ព័ត៌មាន ក្លែងក្លាយ និងព័ត៌មានប្រឌិតតាមរយៈបណ្តាញ ទំនាក់ ទំនងសង្គម បានបំពុលនូវបរិយាកាសសង្គម និងបង្កឲ្យមានការភ័ន្ត ច្រឡំពីសំណាក់សាធារណៈនតិជាតិ និងអន្តរជាតិ ។ ហេតុការណ៍ និងសកម្មភាពអវិជ្ជមានទាំងនោះ ត្រូវបានដោះស្រាយបន្សាប ឥទ្ធិពល និងបង្ក្រាបតាមរយៈការអនុវត្តវិធានការ និងវិធានការ រដ្ឋបាល និងវិធនាការច្បាប់របស់កងកម្លាំងមានសមត្ថកិច្ច៕
ដោយ៖ពលជ័យ

ads banner