កំណើននាំចេញទំនិញ និងលំហូរវិនិយោគផ្ទាល់ពីបរទេស នឹងជួយដល់សេដ្ឋកិច្ចកម្ពុជាស្ទុះឡើង ៥.៣ភាគរយ ក្នុងឆ្នាំនេះ និង៦.៥ភាគរយ ក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីឬ អេឌីប៊ី (ADB) បានឱ្យដឹងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ថា កំណើន នៃការនាំចេញទំនិញ និងលំហូរវិនិយោគផ្ទាល់ពីបរទេស ត្រូវបាន គេរំពឹងទុកថា នឹងជួយឱ្យសេដ្ឋកិច្ចកម្ពុជាកើនឡើង៥.៣ភាគរយ នៅឆ្នាំ២០២២ និង៦.៥ភាគរត នៅឆ្នាំ ២០២៣។

នាយកស្តីទី ប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Anthony Gill មានប្រសាសន៍ថា កំណើនសេដ្ឋកិច្ច របស់ ប្រទេស កម្ពុជា បានងើបឡើងវិញដល់ប្រមាណ ៣.០ភាគរយ ក្នុង ឆ្នាំ២០២១ បន្ទាប់ពីបានធ្លាក់ចុះ៣.១ភាគរយ ក្នុងឆ្នាំ២០២០។

រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយនានា ដើម្បីកាត់បន្ថយ ផល ប៉ះពាល់ អវិជ្ជមាននៃកូវីដ១៩ មកលើអាជីវកម្ម និងប្រាក់ ចំណូល របស់ប្រជាពលរដ្ឋ និងគាំទ្រដល់ការស្តារសេដ្ឋកិច្ច ឡើង វិញ។ លោកបន្តថា ការចាក់វ៉ាក់សាំងបានយ៉ាងទូលំទូលាយ ប្រឆាំង នឹងកូវីដ១៩ បានអនុញ្ញាតឱ្យកម្ពុជាបើកព្រំដែនរបស់ខ្លួនឡើងវិញ សម្រាប់ពាណិជ្ជកម្ម និងទេសចរណ៍ ដែលនាំទៅរកការរំពឹង ទុក វិជ្ជមាន នៃកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះ និងឆ្នាំ២០២៣។

យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ២០២២ ផលិតកម្មឧស្សាហកម្មត្រូវបានរំពឹងថា នឹងកើនឡើង ៨.១% នៅឆ្នាំ២០២២ និង ៩.១% ក្នុងឆ្នាំ២០២៣។ កំណើននេះ ក៏នឹងត្រូវបានជំរុញដោយការអនុវត្ត យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ កាត់ដេរ ផលិតស្បែកជើង និងកាបូប ដែលមានគោលបំណង បង្កើន ការប្រកួតប្រជែងនៅក្នុងផ្នែកនេះ។

ការនាំចេញទំនិញ និងសេវាកម្ម ត្រូវបានព្យាករថា នឹងកើនឡើង នៅឆ្នាំ២០២២ និង ២០២៣ ដោយសារកំណើនតម្រូវការក្រៅស្រុក លើផលិតផលកម្ពុជា ព្រមជាមួយនឹងការងើបឡើងវិញជាបណ្តើរៗ នៃវិស័យទេសចរណ៍។ វិស័យសេវាកម្មត្រូវបានព្យាករថា នឹងងើប ឡើ ងវិញនៅកម្រិត៤.៨ភាគរយ នៅឆ្នាំនេះ និង កើនដល់៦.៨ ភាគរយ ក្នុងឆ្នាំ២០២៣។ ការបើកសេដ្ឋកិច្ចឡើងវិញ និងការចាក់ ថ្នាំ បង្ការទូលំទូលាយប្រឆាំងនឹងកូវីដ១៩ នឹងធ្វើឲ្យមានការងើប ឡើងវិញបន្តិចម្តងៗ នៃវិស័យទេសចរណ៍ ដែលនឹងជួយគាំទ្រ តម្រូវការ នៃកន្លែង ស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្ម ផ្ទាល់ផ្សេងទៀត។

ក្នុងរបាយការណ៍នេះ ក៏បានអំពាវនាវឱ្យកម្ពុជា ធ្វើពិពិធកម្មសេដ្ឋកិច្ច របស់ខ្លួន ដើម្បីជំរុញកំណើនប្រកបដោយចីរភាព។

បច្ចុប្បន្នអេឌីប៊ីកំពុងអនុវត្តគម្រោងវិនិយោគចំនួន ២.៣ពាន់លាន ដុល្លារ នៅកម្ពុជា។ សម្រាប់ឆ្នាំ ២០២១ អេឌីប៊ី បានអនុម័តផ្តល់ ប្រាក់កម្ចី និង ជំនួយឥតសំណងចំនួន ៣២៧.១លានដុល្លារ ហើយ បានកៀគរថវិកាបន្ថែមចំនួន៥លានដុល្លារ តាមរយៈសហហិរញ្ញ ប្បទាន សម្រាប់ប្រទេសកម្ពុជា។

ថវិការបស់ អេឌីប៊ី ដែលត្រៀមសម្រាប់កម្ពុជាក្នុងឆ្នាំ ២០២២ -២០២៥ រួមមាន៖ កម្ចីសម្បទានចំនួន ១.៤៤ពាន់លានដុល្លារ និងជំនួយឥតសំណងចំនួន ៣៧លានដុល្លារ ដើម្បីគាំទ្រដល់ ការអភិវឌ្ឍសេដ្ឋកិច្ច និងការងើបឡើងវិញ ពីជំងឺរាតត្បាតកូវីដ១៩។ ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថា នឹងសម្រេចឲ្យបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្របជាមួយនឹងការ ខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាព ក្រីក្រខ្លាំង។

បង្កើតឡើងនៅឆ្នាំ១៩៦៦ ធនាគារនេះ ត្រូវបានគ្រប់គ្រងដោយ សមាជិកចំនួន៦៨ប្រទេស ដែលក្នុងនោះ មាន៤៩ប្រទេសមក ពីតំបន់ខាងលើនេះ៕ ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner