សហភាព​អឺរ៉ុប​ដាក់​សំណើ​បិទ​ការ​នាំ​ចូល​ធ្យូង​ថ្ម​ពី​​រុស្ស៊ី​ ហើយ​ពិចារណា​​​​លើ​ទណ្ឌកម្ម​ប្រេង​

គណៈកម្មការ​អឺរ៉ុប​កាល​ពី​ថ្ងៃ​អង្គារ​​ ស្នើ​ឱ្យ​បិទ​ការ​នាំ​ចូល​ធ្យូង​ថ្ម​រុស្ស៊ី​ ដែល​ជា​ផ្នែក​មួយ​នៃ​​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​វិមាន​ក្រឹម​ឡាំង​ចំពោះ​ការ​លុក​លុយ​​អ៊ុយក្រែន​ ខណៈ​ពិចារណា​លើ​ទណ្ឌកម្ម​បិទ​ការ​នាំ​ចូល​ប្រេង​ពី​រុស្ស៊ី​។​

អ្នក​ស្រី​ Ursula von der Leyen ​ប្រធាន​គណៈកម្មការ​អឺរ៉ុប​និយាយ​ថា​៖​ «​យើង​នឹង​ដាក់​បម្រាម​នាំ​ចូល​ធ្យូង​ថ្ម​ពី​រុស្ស៊ី ​ដែល​មាន​តម្លៃ​ ៤,៣៩ ​ប៊ីលាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​»​។​ ​អ្នក​ស្រី​បន្ត​ថា​​​៖​ «​​យើង​ក៏​កំពុង​ធ្វើ​ការ​លើ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ រួម​ទាំង​ការ​នាំ​ចូល​ប្រេង​ ហើយ​យើង​កំពុង​ឆ្លុះ​បញ្ចាំង​ពី​គំនិត​មួយ​ចំនួន​ដែល​បង្ហាញ​ដោយ​រដ្ឋ​សមាជិក​ ដូច​ជា​ការ​យក​ពន្ធ​ ឬ​ការ​ទូទាត់​តាម​ការ​ព្រម​ព្រៀង​»​។​

​ការ​ប្រកាស​របស់​សហភាព​អឺរ៉ុប​ ធ្វើ​ឡើង​ចំ​ពេល​ដែល​ប្លុក​ជួប​នឹង​វិបត្តិ​ថាមពល​ជាមួយ​រុស្ស៊ី​ ​ហើយ​ទណ្ឌកម្ម​លើ​វិស័យ​​នេះ ​ជា​​បញ្ហា​​ប្រឈម​​សម្រាប់​​ប្លុក​ ​ដែល​នឹង​ត្រូវ​​ពឹង​ផ្អែក​​​លើ​​ធន​ធាន​​របស់​​ប្រទេស​​ដែល​ជា​រដ្ឋ​សមាជិក​។​ យោង​តាម​ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​អឺរ៉ុប​ សហភាព​អឺរ៉ុប​​​នាំ​ចូល​ធ្យូង​ថ្ម​ ១៩,៣ ​ភាគ​រយ​ ប្រេង​ ៣៦,៥ ​ភាគ​រយ​ និង​ឧស្ម័ន​ធម្មជាតិ​ ៤១,១ ​ភាគ​រយ​ ពី​​រុស្ស៊ី​ក្នុង​ឆ្នាំ​ ២០២០។​

សំណើ​បិទ​ការ​នាំ​ចូល​ធ្យូងថ្ម​ពី​រុស្ស៊ី​ ជា​កញ្ចប់​ទណ្ឌកម្ម​ទី​ ៥ ​របស់​សហភាព​ ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​សម្លាប់​ជន​ស៊ីវិល​របស់​យោធា​រុស្ស៊ី​នៅ​ទីក្រុង​ប៊ូឆា​ជិត​រដ្ឋ​ធានីកៀវ​ ដែល​អ៊ុយក្រែន​ និងបស្ចិម​លោក​ ចោទ​ថា​ជា​​ឧក្រិដ្ឋកម្ម​សង្រ្គាម​។​ អ្នក​​ស្រី​​ von der Leyen ​​និយាយ​​​ថា​​​៖​​ ​​​«​​អំពើ​​ឃោរឃៅ​​ទាំង​​នេះ​​មិន​​អាច​​ទុក​​ចោល​​ដោយ​​គ្មាន​​ការ​​ឆ្លើយ​​តប​​នោះ​​ឡើយ​​​។​​ ជន​​ល្មើស​​នៃ​​ឧក្រិដ្ឋកម្ម​​ដ៏​​ឃោរឃៅ​​ទាំង​​នេះ​​ ​ត្រូវ​​តែ​​ទទួល​​ការ​​ផ្តន្ទាទោស​​​»​​។​ ​

សំណុំ​​វិធានការ​​ថ្មី​​នឹង​​ត្រូវ​​ពិភាក្សា​​ដោយ​​ឯកអគ្គ​រដ្ឋ​ទូត​​អឺរ៉ុប​​នៅ​​ថ្ងៃ​​ពុធ​។​ ការ​អនុម័ត​ចុង​ក្រោយ​នៃ​ទណ្ឌកម្ម​នឹង​មិន​កើត​ឡើង​ទេ​​រហូត​​ការ​ចរចា​បញ្ចប់​។​ ការ​ដាក់​ទណ្ឌកម្ម​ថ្មី​នេះ ​ក៏​រួម​បញ្ចូល​ផង​ដែរ​នូវ​ការ​បិទ​ប្រតិបត្តិការ​ពេញ​ទី​លើ​ធនាគារ​រុស្ស៊ី​សំខាន់​ៗ​ចំនួន​៤​ ការ​ហាម​នាវា​​ និង​កប៉ាល់​រុស្ស៊ី​មិន​ឱ្យ​ចូល​ទៅ​កាន់​កំពង់​ផែ​សហភាព​អឺរ៉ុប ​និង​កំណត់​គោលដៅ​ហាម​ឃាត់​ការ​នាំ​ចេញ​ដែល​មាន​តម្លៃ​ ១០ ​ប៊ីលាន​អឺរ៉ូ​ ដែល​ពាក់​ព័ន្ធ​នឹង​កុំព្យូរទ័រ​ Quantum ​និងសឺ​មីកុងឌុចទ័រ​​ទំនើប​។​​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ សំណើ​ទណ្ឌកម្ម​ថ្មី​​បាន​បែង​ចែក​សហភាព​អឺរ៉ុប​ ដោយ​ប្រទេស​មួយ​ចំនួន​គាំទ្រ​​ ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​​ជំទាស់​ថា​ ទង្វើ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ខ្លួនច្រើ​ន​ជាង​រុស្ស៊ី​។​​

ប្រភព៖ CNBC

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner