ប្រធានសហព័ន្ធកីឡារាំ បានចាត់ទុកថា ការប្រកួតជើងឯកថ្នាក់ជាតិ គឺជាឪកាសសម្រាប់អត្តពលិកបង្កើនសមត្ថភាព ត្រៀមស៊ីហ្គេម នៅហ្វីលីពីនចុងឆ្នាំនេះ

អត្ថបទដោយ៖
Kien Sereyvuth

ប្រធានសហព័ន្ធកីឡារាំ លោកជំទាវ ញ៉ែម មរកត បានចាត់ទុកថា ការប្រកួតជើងឯកថ្នាក់ជាតិ គឺជាឪកាសសម្រាប់អត្តពលិកបង្កើនសមត្ថភាព ត្រៀមស៊ីហ្គេម នៅហ្វីលីពីនចុងឆ្នាំនេះ ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡារាំជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០១៩ ដោយមានកីឡាករ កីឡាការិនីសរុប៣៤នាក់ មកពីក្លិបចំនួន៥ នៅរាជធានីភ្នំពេញចូលរួម ក្រោមអធិបតីភាព លោកជំទាវ ចាន់ ធី និងលោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម ខៀវ កាញារីទ្ធ ប្រធានកិត្តិយសសហព័ន្ធកីឡារាំ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាជាតិ ។

អ្នកស្រី ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំ បានឲ្យដឹងថា ការប្រកួតជើងឯកឆ្នាំនេះ មានក្លិប៥ចូលរួម មានក្លិបចំប៉ីស ក្លិបពន្លកថ្មី ក្លិបសាលាវ៉េស្ទឡាញន៍ទី១ -ទី២ និងក្លិប New Trend ។ ចង្វាក់រាំ មានដូច Cha Cha Cha, Rumba, Solo, Samba, និង Jive ជាដើម ។ លោកជំទាវ ញ៉ែម មរកត គោលបំណងរៀបចំការប្រកួតថ្នាក់ជាតិនេះ គឺដើម្បីផ្សព្វផ្សាយ និងបណ្តុះថ្នាលកុមារា កុមារី យុវជន យុវនារីដែលមានទេពកោសល្យ និងកីឡាករ កីឡាការិនីឱ្យមានការីកចម្រើនខាងគុណផល ដូចផែនការដែលសហព័ន្ធកីឡារាំកម្ពុជា បានរំពឹងទុក និងស្របតាមផែនការមេ ក្នុងការចូលរួមប្រកួតកីឡា SEA Games ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន និងត្រៀមឆ្ពោះធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ។

ថ្មីៗនេះកីឡាករ កីឡាការិនីសហព័ន្ធកីឡារាំកម្ពុជាបានចូលរួមប្រកួតកីឡារាំពិភព និងអាស៊ី នៅចិនតៃវ៉ាន់ បានទទួលមេដាយមាស១គ្រឿង និងមេដាយប្រាក់២គ្រឿង មកជូនជាតិមាតុភូមិរបស់យើង ។ ក្នុងនាមសហព័ន្ធកីឡារាំកម្ពុជា លោកជំទាវ សូមថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ដែលបានជួយគាំទ្រ និងសហការសម្របសម្រួលដល់សហព័ន្ធកីឡារាំកម្ពុជា ក្នុងការធ្វើកម្មវិធីប្រកួតនេះប្រកបដោយភាពរីករាយ និងជោគជ័យ។
ចំពោះលទ្ធផលវិញ វិញ្ញាសាយុវជនរាំគូ កម្រិត A លេខ១ កីឡាករ ភុន ស៊ីវុត្រា និងកីឡាការិនី Tiffany Tseng ,លេខ២ កីឡាករ ជុំ លីហៀង និងកីឡាការិនី ឱ រក្សា និងលេខ៣ កីឡាករ សេង សុគីម និងកីឡាការិនីម៉ូវ ដានីតា ។

វិញ្ញាសាកុមារក្រោម១៣ឆ្នាំ រាំគូ កម្រិត B លេខ១ កីឡាករ សេង សុខគ័ង និងកីឡាការិនី ឱ រចនី , លេខ២កីឡាករ សារិន រស្មីពណ្ណរាយ និងកីឡាការិនី យូ ប៉ារីស និងលេខ៣ កីឡាការិនី ហង់ រិនកតិកា និងកីឡាការិនី លឹម សុខិណា ។ វិញ្ញាសារាំគូ យុវជន ចង្វាក់ Rumba  លេខ ១កីឡាករ ជុំ ភូណាន់ និងកីឡាការិនី យី អ៊ីលីង,លេខ២ កីឡាករ ភុន ស៊ីវុត្រា និងកីឡាការិនី Tiffany Tseng និងលេខ៣ កីឡាករ សេង សុគីម និងកីឡាការិនី ម៉ូវ ដានីតា ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner