ឯកឧត្តម ព្រុំ គន្ធិ ៖ អប់រំកាយ និងកីឡា ជាផ្នែកដ៏សំខាន់នៃវិស័យអប់រំ
ឯកឧត្តម ព្រុំ គន្ធិ អភិបាលរងនៃគណៈអភិបាលខេត្តកែបមានប្រសាសន៍ថា វិស័យអប់រំកាយ និងកីឡា គឺជាផ្នែកដ៏មានសារៈសំខាន់ក្នុងវិស័យអប់រំ ដែលត្រូវបានទទួលការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដោយបានចាត់ទុកផ្នែកនេះជាសមាសធាតុយ៉ាងសំខាន់ដែលមិនអាចខ្វះបាន ក្នុងចំណោមសមាសធាតុអប់រំធំៗទាំងប្រាំគឺ ការអប់រំបញ្ញា ការអប់រំសីលធម៌ ការអប់រំកាយ ការអប់រំពលកម្ម និងការអប់រំសោភណ្ឌ។
នេះជាការលើកឡើងរបស់ឯកឧត្តម នៅក្នុងពីធីបិទការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំសិក្សា២០២១-២០២២ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២។
ឯកឧត្តម ព្រុំ គន្ធិ បញ្ជាក់ទៀតថា ខេត្តកែបមានហេដ្ឋារចនាសម្ព័ន្ធកីឡាជាច្រើនកន្លែងត្រូវបានកសាងថ្មី និងជួសជុលកែលម្អ ជាពិសេសខេត្តបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធបាល់ទាត់កម្ពុជាបានបង្កើតឲ្យមានសាលាតម្រង់ទិសបាល់ទាត់នៅវិទ្យាល័យ ហ៊ុន សែន ចំការដូងដែលបជាតារាងបាល់ទាត់កម្រិតស្តង់ដា និងបំពាក់នូវសម្ភារមួយចំនួន សម្រាប់បម្រើឲ្យការហ្វឹកហាត់ និងប្រកួតនានាផងដែរ។
ឯកឧត្តម ព្រុំ គន្ធិ បានផ្តាំផ្ញើឲ្យកីឡាករ កីឡាការីនី និងសិស្សានុសិស្សទាំងអស់បន្តយកចិត្តទុកដាក់ចូលរួមហ្វឹកហាត់ និងលេងកីឡាទៅតាមការបង្ហាត់បង្ហាញរបស់លោកគ្រូ អ្នកគ្រូ ប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព ភាតរភាព មានសុខភាពមាំមួន និងមានទេពកោសល្យខ្ពស់ ក្លាយទៅជាកីឡាអាជីពនាថ្ងៃអនាគត។ គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ទូទាំងខេត្តត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តម៉ោងសិក្សាអប់រំកាយ-កីឡាទៅតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឲ្យកុមារ និងយុវជនរបស់យើងមានសុខភាពមាំមួន កម្លាំងខ្លាំងក្លា បញ្ញាស្មារតីវាងវៃ និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ដើម្បីក្លាយទៅជាពលរដ្ឋពេញលេញ ក្នុងរួមចំណែកអភិវឌ្ឍគ្រួសារ សហគមន៍ និងសង្គមជាតិ។
ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានជំរុញឲ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្រូវបន្តការយកចិត្តទុកដាក់រៀបចំដំណើរការប្រកួតកីឡាសិស្សបឋមសិក្សា មធ្យមសិក្សា និងមហាជនថ្នាក់ខេត្ត ឲ្យបានច្រើនវិញ្ញាសា ដូចជា៖ វិញ្ញាសាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៊ូល វាយសី វាយកូនបាល់ និងវិញ្ញាសាកីឡាផ្សេងៗទៀត ដែលខេត្តអាចមានលទ្ធភាពឱ្យបានរៀងរាល់ឆ្នាំ ដោយសហការគ្នាឱ្យបានល្អជាមួយស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្ត។
លោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯក ទូទាំងខេត្តកែប ប្រចាំឆ្នាំសិក្សា ២០២១-២០២២ ដែលបានដំណើរការចាប់ពីថ្ងៃទី៧-៩ ខែមេសា ឆ្នាំ២០២២ ដោយមានកីឡាករ កីឡាការិនីចូលរួមសរុប ២៤០ នាក់ ស្រី២៤នាក់ ចូលរួមប្រកួតមាន៤ប្រភេទកីឡា ដូចជាបាល់ទាត់មាន០៤ក្រុម បាល់ទះមាន០៨ក្រុម និងអត្តពលកម្មមាន០៦ក្រុម។ ក្នុងនាមគណៈកម្មការរៀបចំការប្រកួត លោកប្រធានមន្ទីរបានវាយតម្លៃខ្ពស់ ចំពោះកីឡាករ កីឡាការិនី ដែលបានខិតខំប្រឹងប្រែងបញ្ចេញអស់កម្លាំងកាយចិត្ត សមត្ថភាព ទេពកោសល្យបច្ចេកទេស ដែលខ្លួនមានរហូតដល់ដណ្តើមបានជោគជ័យ។
ឆ្លងកាត់ការប្រកួតជ្រើសរើសជើងឯកទូទាំងខេត្តកែបយ៉ាងស្វិតស្វាញពេញ៣ថ្ងៃនេះ លោកអះអាងថា កីឡាករ កីឡាការិនីបានខិតខំប្រកួតដោយឈរលើស្មារតីចេះអធ្យាស្រ័យគ្នា មានសាមគ្គីភាព មិត្តភាព ហើយប្រកាន់ខ្ជាប់ខ្ជួននូវបទបញ្ជាបច្ចេកទេស ក្នុងការប្រកួតនេះ៕ ចាន់ វិចិត្រ













