ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ «សៀមរាបសង្រ្កាន្ដ» ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានបើកដំណើរ នៅប្រាសាទ ចៅសាយទេវតា

សៀមរាប៖ នៅព្រឹកថ្ងៃទី១៣ខែមេសាឆ្នាំ២០២២ ព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត ឆ្នាំ២០២២ ក្នុងបរិបទកូវិដ១៩នេះ បានបើកដំណើរការក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួម ពីសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុងស្រុក មន្ត្រីរាជការ កងកម្លាំងទាំងបី និង ប្រជាពលរដ្ឋផងដែរ ។

លោក ប្រាក់ សោភ័ណ្ឌ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានឲ្យដឹងថា ឧត្តមភាពនៃវប្បធម៌ និង ការផ្សព្វផ្សាយព្រឹត្តិការណ៍សៀមរាបសង្រ្កាន្តនេះ កន្លងមកបានបង្កើននូវភាពទាក់ទាញ ដល់ភ្ញៀវទេសចរណ៍ ក្នុងនិងក្រៅប្រទេស ចូលមកទស្សនាកម្សាន្តខេត្តសៀមរាបកាន់តែមានការកើនឡើងជាបន្តបន្ទាប់ ។ ក្រោយពីការបញ្ចប់អង្គរសង្ក្រាន្ត រដ្ឋបាលខេត្តសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ធ្វើសៀមរាបសង្ក្រាន្ត នៅឆ្នាំ២០១៩ ។ តែអកុសលខេត្តទេសចរណ៍មួយនេះ ក៏ដូចនៅទូទាំងប្រទេស និង លើពិភពលោក បានជួបនូវវិបត្តិកូវិដ១៩ បានធ្វើឲ្យមានការអាក់ខានការប្រារព្ធអស់រយៈពេល២ឆ្នាំ ។ ក្រោយពីប្រមុខរាជរដ្ឋាភិបាលបានបើកឲ្យដំណើរឡើងវិញ រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំនូវព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះឡើងក្នុងបរិបទកូវិដ១៩។ លោកបានបន្តទៀតថា តាមរយៈសៀមរាបសង្ក្រាន្ដនេះ ធ្វើឲ្យមានការរំពឹងទុកថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២២នេះ មានភ្ញៀវជាតិ អន្តរជាតិ ចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹង ការចូលទស្សនានៅលើទីតាំងទាំង១៩ ដែលបានគ្រោងទុក នៃខេត្តសៀមរាបទាំងមូល នឹងអាចមានការកើនឡើងក្នុងបរិបទកូវិដ នេះ ។

ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា នេះជាប្រវត្តិសាស្ត្រ ក្នុងការប្រារព្ធព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ក្នុងបរិបទកូវិដ១៩ ឆ្នាំនេះសង្ក្រាន្តឆ្នាំថ្មីត្រូវបានរៀបចំឡើងនៅតាមបណ្ដារាជធានី ខេត្តមួយចំនួន និងដើម្បីបង្ហាញ អំពីកេរ្ត៍តំណែលវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់ខ្មែរយើង ដែលជាមោទនៈភាពជាតិ ។ ឯកឧត្តម បានមានប្រសាសន៍គោរពអរគុណយ៉ាងជ្រាលជ្រៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកសន្តិភាព មានសន្តិភាពទើបយើងអាចមកជួបជុំគ្នា ប្រារព្ធ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះឡើងបាន ក្រោមបិរិយាកាសសុខសន្តិភាព រីកចម្រើនលើគ្រប់វិស័យ បានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរយើង ទាំងជនបរទេស ចូលរួមសប្បាយរីករាយ តែចូលកុំភ្លេចនូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ។

ឯកឧត្តមក៏បានកោតសរសើរ ដល់អាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានចូលរួមថែរក្សាការពារ សណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍សៀមរាបសង្រ្កាននេះបានយ៉ាងល្អ សំខាន់ការផ្ដល់លទ្ធភាពឲ្យយុវជន បានចូលរួមក្នុងសកម្មភាពផ្សេងៗ ដើម្បីជួយជម្រុញការអភិវឌ្ឍសង្គម ដូចជាព្រឹត្តិការណ៍សៀមរាបសង្រ្កាន្តនេះជាដើម។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះ បាននាំមកនូវការបង្ហាញនៃការតាំង ពិព័រណ៍ជាច្រើន ដោយបង្ហាញនូវកសិផល ដែលប្រជាកសិករផលិតបាននៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្ត និង ស្នាដៃកូនខ្មែរក្នុងការផលិតវត្ថុអនុស្សាវរីយ៍ ដើម្បីជូនដល់ភ្ញៀវជាតិ អន្តរជាតិ និង បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់បានស្គាល់ពីទម្រង់សិល្បៈ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរដ៏សម្បូរបែបទៀតផង។

ទន្ទឹមនឹងការរៀបចំសៀមរាបសង្ក្រាន្តនេះ គឺបានផ្ដល់ផលប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប តាមរយៈការទាក់ទាញភ្ញៀវទេសចរ ចូលមកទស្សនាកម្សាន្ត កាន់តែច្រើនឡើងថែមទៀត តាមរយៈទេសចរណ៍វ៉ាក់សាំង។ ម៉្យាងទៀតក៏ជាការផ្ដល់នូវភាពសប្បាយរីករាយ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាសំខាន់ឆ្លុះបញ្ចាំង ពីការសាមគ្គីភាព មិត្តភាព ភាតរភាព ក្នុងចំណោមមហាក្រុមគ្រួសារខ្មែរទាំងអស់ ជាពិសេសនៅក្នុងស្រទាប់យុវជនយើង ។ តាមរយៈព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ក៏បានជម្រុញឲ្យមានព្រឹត្តិការណ៍សង្ក្រាន្តកាន់តែច្រើនឡើងថែមទៀត នៅតាមបណ្ដាស្រុក ភូមិ សាលារៀនជាដើម ៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner