ថ្ងៃចូលឆ្នាំទីពីរ រមណីយដ្ឋានកាំពី ខេត្តក្រចេះ ទទួលភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹក រហូតអស់កញ្ចុះអង្គុយ

(ក្រចេះ)៖ ថ្ងៃចូលឆ្នាំទីពីរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ រមណីយដ្ឋានធម្មជាតិ ព្រែកកាំពី ស្ថិតក្នុងស្រុកចិត្របុរី ខេត្តក្រចេះ បានទទួលភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹក រហូតមិនមានកញ្ចុះសម្រាប់អង្គុយលេង។

ភ្ញៀវទេសចរទីជិតឆ្ងាយ បាននាំគ្នាមកកម្សាន្ដនៅទីនេះ តាំងពីព្រឹក រហូតដល់ល្ងាច។ ក្រៅពីអង្គុយទទួលទានអាហារនៅតាមកញ្ចុះហើយនោះ ភ្ញៀវទេសចរក៏អាចនាំគ្នាងូតទឹកដែលហូរលេងកម្សាន្ដដោយក្ដីរីករាយផងដែរ។

បើទោះបីថ្ងៃក្ដៅបន្ដិចក៏ពិតមែន ប៉ុន្ដែទឹកមុខរបស់ពួកគាត់ បានបង្ហាញពីក្ដីសប្បាយរីករាយ ដែលបាននាំក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់ដើរលេងកម្សាន្ដ ក្នុងឱកាសបុណ្យចូលឆ្នាំ ក្រោយខកខានប្រមាណ២ឆ្នាំដោយសារតែជំងឺកូវីដ១៩។

ការធ្វើដំណើរកម្សាន្ដមករមណីយដ្ឋានព្រែកកាំពីនេះ ភ្ញៀវទេសចរ ត្រូវដាក់ផ្ញើមធ្យោបាយរថយន្ដ ឬម៉ូតូនៅថ្នល់ជាតិ ហើយចុះតាមជណ្ដើរដែលគេរៀបចំ ទើបដល់កញ្ចុះដែលនៅលើផ្ទៃទឹក។

នៅលើកញ្ចុះនោះទៀតសោធ ភ្ញៀវទេសចរអាចជួលតែកញ្ចុះដើម្បីអង្គុយលេងក៏បាន ដោយក្នុងតម្លៃ៥០០០ម៉ឺនរៀល ឬក៏អាចកម្មង់ហូបអាហារដែលដើម្បីទទួលទានបានដូចគ្នា។ តែយើងសង្កេតឃើញថា ភ្ញៀវទេសចរភាគច្រើន បានខ្ចប់អាហារមកដោយខ្លួនឯង ហើយពួកគាត់គ្រាន់តែជួលកញ្ចុះអង្គុយលេងប៉ុណ្ណោះ។

ប៉ុន្ដែសម្រាប់ការអនុវត្តវិធានការសុខាភិបាលវិញ ហាក់មិនសូវបានល្អគត់មុតនោះទេ ដោយអ្នកខ្លះបានពាក់ម៉ាស់ត្រឹមត្រូវ ហើយខ្លះទៀត មិនបានពាក់ម៉ាស់នោះទេ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner