សម្ព័ន្ធសង្គមស៊ីវិល សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធវេទិកាសន្ទនា ជាមួយអង្គការ សមាគម សហជីព និងសហគមន៍នៅខេត្តព្រះសីហនុ
សម្ព័ន្ធសង្គមស៊ីវិល សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធវេទិកាសន្ទនា ជាមួយអង្គការ សមាគម សហជីព និងសហគមន៍នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ៖”ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាលសំដៅសម្រេចបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា”។
វេទិកាសន្ទនានេះដែរបានធ្វើឡើងនៅព្រឹកថ្ងៃ០១ខែវិច្ឆិកាឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម កឹម រត្ន័វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធអង្គការសង្គមស៊ីវិល ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អ្នកជំនាញពាក់ព័ន្ធ និងមានការចូលរួមពីថ្នាក់ដឹកនាំតាមបណ្តារមន្ទីរ អង្គភាព និងមានតំណាង អង្គការសង្គមស៊ីវិល សមាគម សហជីប ចំនួន២៥ ដែលធ្វើសកម្មភាពនៅខេត្តព្រះសីហនុ រួមទាំង
ប្រជាសហគមន៍មកពីតំបន់ផ្សេងៗក្នុងខេត្តព្រះសីហនុ ផងដែរ។
វេទិកានេះបានធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហការជិតស្និទរវាងអង្គការសង្គមស៊ីវិល និងមន្ត្រីរាជរដ្ឋាភិបាល ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាសំដៅអភិវឌ្ឍន៍មួយប្រកបដោយចីរភាព។
វេទិកាសន្ទនានេះដែរ ក៏បានផ្តល់ឱកាសឲ្យតំណាងអង្គការ សមាគម ប្រជាសហគមន៍ បានលើកឡើងពីកង្វល់ បញ្ហាប្រឈម និងសំនូមពរនានាជូនអង្គវេទិកាដើម្បីមានដំណោះស្រាយផងដែរ។
ថ្លែងក្នុងឱកាសនេះដែរ ឯកឧត្តម កឹម រត្ន័វិសិដ្ឋ បានទទូចអង្គការសង្គមស៊ីវិលទាំងអស់
ត្រូវចាត់ទុកថាបញ្ហាប្រឈមគឺជារឿងរបស់យើងទាំងអស់គ្នាហើយមានកាតព្វកិច្ចរួមគ្នាដោះស្រាយ និងរួមសហការគ្នាធ្វើការក្នុងភាពជាដៃគូដ៏ស្មោះត្រង់ដើម្បីធ្វើឲ្យមានការអភិវឌ្ឍ និងរស់នៅប្រកបដោយសុខដុមនីយកម្ម។
ទន្ទឹមនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា៖
ភាពជាដៃគូរវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាលនេះគឺជាផ្នែកសំខាន់មួយដែលមិនអាចខ្វះបាន ដែលនឹងជួយធ្វើឲ្យកាងារគ្រប់គ្រងថ្នាក់ក្រោមជាតិតាមបែបលទ្ធិប្រជាធិបតេយ្យដើម្បីអភិវឌ្ឃន៍ខេត្ តនិងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពជីវភាពប្រជាជន។ពោលគឺត្រូវធ្វើឲ្យប្រជាជនទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍនានាដើម្បីកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។
ឯកឧត្តម គួច ចំរើន បង្ហាញទស្សនៈបើកចំហគាំទ្រសហការជាមួយអង្គការសង្គមស៊ីវិលទាំងឡាយណាដែលបានបំពេញបេសកកម្មនៅខេត្តព្រះសីហនុ ស្របតាមច្បាប់ និងលក្ខខន្តិកៈដែលបានដំកល់នៅក្រសួងមហាផ្ទៃ។ ឯកឧត្តម គួច ចំរើន គូសបញ្ជាក់ថា”អង្គាការសមាគម អាចបំពេញបេសកកម្មរបស់ខ្លួនឲ្យស្របតាមលក្ខខន្តិកៈដែលបានកំណត់ហើយមិនចាំបាច់ដាក់ពាក្យស្នើសុំការអនុញ្ញាតមករដ្ឋបាលខេត្តទៀតទេ ព្រោះក្រសួងមហាផ្ទៃបានអនុញ្ញាតរួចហើយ៕ ធ.ដ
ដោយ ខៀវ សាវ៉ុន