សមត្ថកិច្ចខេត្តស្ទឹងត្រែង បានបង្ក្រាប និងឃាត់ខ្លួនជនបរទេសជាតិឥណ្ឌូនេស៊ីម្នាក់ ដកហូតថ្នាំញៀនម៉ាទឹកកក មានទម្ងន់ជិត១គីឡូក្រាម នៅច្រកទ្វាអន្តរជាតិត្រពាំងក្រៀលកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យជាតិឥណ្ឌូនេស៊ីម្នាក់ រួមជាមួយថ្នាំញៀនមានទម្ងន់ជិត១គីឡូក្រាម បានរងការឃាត់ខ្លួន និងដកហូតបាន នៅគ្រាដែលជនសង្ស័យ បាននាំគ្រឿងញៀនពីប្រទេសឡាវ ឆ្លងដែនចូលមកខេត្តស្ទឹងត្រែង កម្ពុជា តាមច្រកទ្វាអន្តរជាតិត្រពាំងក្រៀល ដោយខុសច្បាប់។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនឆ្លងដែននេះ បានធ្វើឡើងក្រោមកិច្ចសហការ រវាងកម្លាំងប៉ុស្តិ៍នគរបាល ច្រកទ្វាព្រំដែនអន្តរជាតិត្រពាំងក្រៀល និងកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១វិច្ឆិកាឆ្នាំ២០១៩ នៅចំណុចប៉ុស្តិ៍នគរបាល ច្រកទ្វាព្រំដែនអន្តរជាតិត្រពាំងក្រៀល ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ក្រោយការបង្ក្រាប សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ និងថ្នាំញៀន មកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។

ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តស្ទឹងត្រែង លោកវរសេនីយ៍ទោ ចែម ផានិត បានប្រាប់ឲ្យដឹងថា  ជនបរទេសសង្ស័យជួញដូរថ្នាំញៀនឆ្លងដែនចូលមកកម្ពុជា ដោយខុសច្បាប់ ហើយបានរងការបង្ក្រាប និងឃាត់ខ្លួនក្នុងពេលនេះ ឈ្មោះ AGUS ROHMAN ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរ បុគ្គលិកក្នុងភោជនីយដ្ឋាន មានទីលំនៅបច្ចុប្បន្ន នៅទីក្រុងហុងកុង ប្រទេសចិន។ លោកថា ចំពោះវត្ថុតាងថ្នាំញៀនដែលដកហូតបាន គឺជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនក្រាមពណ៌សថ្លា« Ice » ចំនួន ៤កញ្ចប់ធំ មានទម្ងន់សរុប ស្មើនឹង ៩៤៩,៨ក្រាម។

លោក ចែម ផានិត បានបញ្ជាក់ថា ខណៈនេះជនសង្ស័យជួញដូរគ្រឿងញៀនឆ្លងដែន ជនជាតិឥណ្ឌូនេស៊ីម្នាក់ និងវត្ថុតាងថ្នាំញៀនមានទម្ងន់ជិត ១គីឡូក្រាម បាននិងកំពុងស្ថិតក្នុងការគ្រប់គ្រង និងបំពេញនូវកិច្ចនីតិវិធី ពីកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ហើយជនសង្ស័យ និងថ្នាំញៀន ត្រូវបញ្ជូនទៅកាន់សាលាដំបូង និងអយ្យការខេត្តស្ទឹងត្រែង នៅក្រោយពីបានបញ្ចប់ កិច្ចនីតិវិធីសាកសួរ និងកសាងសំណុំរឿងរួច ៕ធ.ដ

ដោយៈ ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner