សមត្ថកិច្ចសម្រេចវាយកម្ទេចរបងសំណង់ខុសច្បាប់ចំនួន២កន្លែងសង់នៅលើទំនប់ត្រពាំងហែផ្កា និងទួលគោកគូ
សៀមរាប៖ សំណង់ខុសច្បាប់ចំនួន២កន្លែង ដែលបានសង់រំលោភបំពានលើទីទួលបុរាណគោកគូ និងលើខ្នងទំនប់ត្រពាំងហែផ្កា សង់ឡើងក្នុងស.វ.ទី៩ ដែលស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង និងខេត្តសៀមរាប ត្រូវបានកម្លាំងចម្រុះរួមមាន អាជ្ញាធរជាតិអប្សរា អាជ្ញាធរក្រុងសៀមរាប មានអាជ្ញាធរ និងកងរាជអាវុធហត្ថ បានចុះប្រតិបត្តិការរុះរើសម្រចជាស្ថាពរ នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ ចំពោះសំណង់ទី១ដែលត្រូវបានរុះរើ គឺជាកម្មសិទ្ធិរបស់លោក ឃន់ សុខន ជាប្រភេទសំណង់របងបេតុងធ្វើរំលោភបំពានលើខ្នងទំនប់ត្រពាំងហែផ្កាខាងត្បូង មានកម្ពស់២,៥០ម៉ែត្រ បណ្តោយ៨៧ម៉ែត្រ គុណនឹង៣៨ម៉ែត្រ រួមនឹងសំណង់ខ្ចុសមួយខ្នង ធ្វើពីថ្មប្រក់ក្បឿង មានទំហំប្រហែល៤ម៉ែត្របួនជ្រុង និងបង្គន់មួយ។
រីឯសំណង់ទី២ គឺជាកម្មសិទ្ធិរបស់អ្នកស្រី ពុម គន្ធា ជាសំណង់របងធ្វើរំលោភព័ទ្ធជុំវិញទួលបុរាណ (គោកគូ) ស្ថិតនៅក្នុងតំបន់ការពារត្រពាំងហែផ្កា មានកម្ពស់២,៥០ម៉ែត្រ មានទំហំប្រហែល៣០គុណ៤០ម៉ែត្រ។
ក្នុងយុទ្ធនាការរុះរើនេះ ក្រុមការងារចម្រុះធ្លាប់បានជួបពិភាក្សា និងជូនដំណឹងជាមួយម្ចាស់សំណង់ចំនួន២ដងរួចមកហើយ ហើយសាមីខ្លួនទាំងពីរក៏យល់ព្រមចុះកិច្ចសន្យារុះរើដោយខ្លួនឯងតាមការកំណត់។ តែផ្ទុយទៅវិញ ម្ចាស់សំណង់ទាំងពីរមិនបានអនុវត្តទៅតាមការសន្យានោះឡើយ ទើបឈានដល់ការរុះរើដោយផ្ទាល់ពីក្រុមការងារចម្រុះប្រកបដោយជោគជ័យ បើទោះបីជាមានការរារាំង ការប្រើហិង្សា ការប្រើពាក្យអសុរស និង រារាំងដោយសកម្មភាពផ្សេងៗពីពលរដ្ឋ និងសកម្មជនហ្វេសប៊ុកដែលមានឈ្មោះ ថា ស្អែក ស្លាប់ មិនស្គាល់អត្តសញ្ញាណឬអង្គភាពណានោះទេ។
អភិបាលក្រុងសៀមរាប លោកនួន ពុទ្ធារ៉ា បានបង្ហាញអំពីហេតុផល ដែលត្រូវតែអនុវត្ត គឺទីទួលបុរាណ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា ហើយត្រូវបានសាងសង់បំពាន ខុសច្បាប់គឺពុំអាចលើកលែងបានឡើយ។ លោកបញ្ជាក់ថា ទោះបីជាយ៉ាងណាគឺត្រូវតែអនុវត្ត ដោយជោគជ័យជាមួយនឹងការលើក ហេតុផលរបស់អភិបាលក្រុងនេះ គេឃើញសកម្មជន ហ្វេសប៊ុក ដែលមានឈ្មោះ ថា ស្អែក ស្លាប់ បានសួរជាសំណួរ បញ្ច្រាស ទៅលោកអភិបាលក្រុងថា ហេតុអ្វីក៏ជ្រើសរើស យកថ្ងៃទី០១នេះ មកអនុវត្ត រុះរើសំណង់ទាំងនេះ ថ្ងៃមុន ទាំងម្ចាស់សំណង់ ទាំងអាជ្ញាធរ បានធ្វើកិច្ចសន្យាមួយរួចហើយថា នឹង លើកពេលទៅដល់ថ្ងៃទី១៥ ដែលជាឱកាសទុកឲ្យម្ចាស់សំណង់រើខ្លួនឯង ចុះពេលនេះ ហេតុអ្វីក៏ស្រាប់តែដាក់គ្រឿងចក្រ មកវាយកម្ទេច សំណង់ខាងលើបែបនេះ ជាការឆ្លើយតប លោកអភិបាលក្រុង បានបញ្ជាក់យ៉ាងខ្លីថា មូលហេតុដែលសម្រេចរុះរើ នៅល្ងាចថ្ងៃដដែលនេះ ដោយសារតែម្ចាស់សំណង់ បានយល់ព្រម មោកភាព កិច្ចសន្យា នៅថ្ងៃទី១៥ចោលហើយ។
ដោយឡែកសំណង់ខុសច្បាប់មួយទៀត ជាកម្មសិទ្ធិរបស់លោក ឈិត សុឌាំង ដែលបានដាំបង្គោលស៊ីម៉ង់តិ៍ព័ទ្ធបន្លាលួសលើខ្នងត្រពាំងហែផ្កា ការចាក់ដីធ្វើផ្លូវលុបមាត់ត្រពាំងហែផ្កាផ្នែកខាងលិច និងខាងជើង ម្ចាស់កម្មសិទ្ធិនេះ បានធ្វើកិច្ចសន្យារុះរើដោយខ្លួនឯង ចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី ០៧ វិច្ឆិកា ឆ្នាំ២០១៩។
ប្រសិនបើម្ចាស់ពុំធ្វើទៅតាមកិច្ចព្រមព្រៀម ក្រុមការងារចម្រុះ នឹងចុះអនុវត្តការរុះរើដោយផ្ទាល់ដូចករណីសំណង់ទាំងពីរខាងលើដើម្បីសង្គ្រោះបុរាណដ្ឋានឱ្យរួចផុតពីការកាន់កាប់របស់ឯកជន។
សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សមត្ថកិច្ចចម្រុះដែលរួមមាន នគរបាល កងរាជអាវុធហត្ថ អាជ្ញាធរអប្សរា និង អាជ្ញាធរមូលដ្ឋាន បានចុះមកវាយកម្ទេចរបងថ្ម និង សំណង់របស់ឈ្មោះឃន់ សុខន ដែលបានសាងសង់លើទួលបុរាណរដ្ឋានត្រពាំងហែផ្កា គេឃើញកម្លាំងសមត្ថកិច្ចចម្រុះជាច្រើនបានឈរពង្រាយគ្នា ដើម្បីការពារខ្លាចក្រែង មានអំពើហិង្សា ណាមួយកើតឡើងទន្ទឹម នឹង ការដាក់ពង្រាយរបស់សមត្ថកិច្ចក្នុងពេលគ្រឿងចក្រចូលវាយកម្ទេចរបង និងបន្ទប់ទឹកក៏ស្រាប់តែក្រុមអ្នកគាំទ្រ ម្ចាស់សំណង់បានគប់រហូតដល់បំបែកកញ្ចក់ និង បង្កឱ្យរបួសដល់តែកុងគ្រឿងចក្រ ។
ពេលជាមួយគ្នានោះសមត្ថកិច្ចក៏បានដកថយមួយជំហានហើយធ្វើការចរចាគ្នាជាមួយនឹងម្ចាស់សំណង់ ក្នុងការចរចាអស់រយៈពេលប៉ុន្មានម៉ោងជាលទ្ធផល លោកឡុង កុសល អ្នកនាំពាក្យអង្គភាពអាជ្ញាធរអប្សរាបានបញ្ជាក់ថា និងដកឃ្លាមួយជំហ៊ានសិនដោយម្ចាស់សំណង់សុំពន្យាពេលរហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ រូបគាត់ស្ម័គ្រចិត្តរុះរើដោយខ្លួនឯងក៏ប៉ុន្តែនៅល្ងាចថ្ងៃដដែលក៏ស្រាប់តែមានបទបញ្ជាថ្មីដោយលោកអភិបាលក្រុងសៀមរាបបញ្ជាក់ថា ទទួលបញ្ជាពីអភិបាលខេត្តហើយក៏សម្រេចដាក់គ្រឿងចក្រចូលមកជាលើកចុងក្រោយដោយសម្រេចជាផ្លូវការ ៕ធ.ដ