ហេតុអ្វីអ្នកជំងឺក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវ ជ្រើសរើសយក មន្ទីរពេទ្យនៅប្រទេសម៉ាឡេស៊ី ជាគោលដៅថែទាំសុខភាពបែបទេសចរណ៍?
កូឡាឡាំពួ៖ ដំណើរទស្សនកិច្ចចុងក្រោយរបស់ក្រុមអ្នកសារព័ត៌មាន ដែលមកពីប្រទេសចំនួន៧ បានទន្សនកិច្ចមន្ទីរពេទ្យចំនួន៨ នៅទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី រយៈពេលពេញមួយថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ តែម្តង។ រួមមានមន្ទីរពេទ្យ Subang Jaya Medical center, ដែលជាមន្ទីរពេទ្យឯកជនពហុវិន័យ ដែលមាន ៣៩៣ គ្រែដែលទទួលស្គាល់ជាអន្តរជាតិនៅប្រទេសម៉ាឡេស៊ី និង មានឧបករណ៍វេជ្ជសាស្ត្រទំនើប ហើយជាអ្នកត្រួសត្រាយផ្លូវនៅជួរមុខ នៃការអនុវត្តគ្លីនិកពិសេសនៅក្នុងតំបន់។
មន្ទីរពេទ្យ Prince Court medical Centre ដែលជាមជ្ឈមណ្ឌលថែទាំសុខភាពឯកជនមួយដែលមានគ្រែចំនួន ២៧០។ មជ្ឈមណ្ឌលនេះ ជាអ្នកផ្តល់សេវាថែទាំសុខភាពឈានមុខគេមួយនៅក្នុងទ្វីបអាស៊ីដែលផ្តល់ជូននូវការថែរក្សាសុខភាពយ៉ាងទូលំទូលាយដល់ស្តង់ដារអន្តរជាតិខ្ពស់បំផុតតាមរយៈគ្រឿងបរិក្ខារលំដាប់ពិភពលោកបច្ចេកវិទ្យាច្នៃប្រឌិតនិងសេវាកម្មអតិថិជនល្អបំផុត។ មន្ទីរពេទ្យ Sunway Medical , និង មជ្ឈមណ្ឌលសហគមន៍បង្កកំណើត។ ក្រៅពីមន្ទីរពេទ្យទាំង៤នេះ ក្រុមអ្នកសារព័ត៌មានចម្រុះជាតិសាសន៍ ក៏នឹងត្រូវទៅទស្សនៈកិច្ចនៅមន្ទីរពេទ្យ ៤ផ្សេងទៀតមានដូចជា Alpha Fertilities Centre, Thomson Hospital, Beverly Wilshire, និង KPJ Damansar.។ មន្ទីរពេទ្យទាំងនេះ សុទ្ធសឹងតែមានវេជ្ជបណ្ឌិតតាមជំនាញច្បាស់លាស់ ប្រើប្រាស់នូវបច្ចេកវិទ្យាវេជ្ជសាស្ត្រចុងក្រោយគេងបង្អស់ ដែលមានសមត្ថភាពអាចធ្វើរោគវិនិច្ឆ័យបានយ៉ាងត្រឹមត្រូវ មុននឹងធ្វើការព្យាលបាល។
បើតាមលោក Desmond Chan បណ្ឌិតផ្នែកអភិវឌ្ឍន៍ជំនួញអន្តរជាតិ បានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា មន្ទីរពេទ្យ Sunway Medical គឺត្រូវបានកំណត់ស្តង់ដារសេវាកម្មថ្មីសម្រាប់អតិថិជនកំពុងកើនឡើង ដែលមានគ្រែសរុបចំនួន ៦១៧ បន្ទប់មានបន្ទប់ពិគ្រោះចំនួន ១៨០ រោងកុនចំនួន ១២ កន្លែងនិងកន្លែងចតឡានច្រើនជាន់។ មន្ទីរពេទ្យនេះ មានម៉ាស៊ីនដ៏ទំនើប និងមុនគេបង្អស់ក្នុងតំបន់អាស៊ីអាគេ្នយ៍យើងនេះ ហើយវា មានសមត្ថភាពអាចដុតបំផ្លាញកោសិកាជំងឺមហារីកក្នុងខ្លួនមនុស្សដោយមិនចាំបាច់វះកាត់ និង ប្រើរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ តួយ៉ាងដូចជាអ្នកដែលកើតជំងឺមហារីកខួរក្បាល រឺ ក្នុងបរិវេនផ្នែកក្បាល គឺប្រើប្រាស់កាំរស្មីវិទ្យុសកម្ម ធ្វើការដុតបំផ្លាញកោសិកាមហារីកដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់វះកាត់ និងមានម៉ាស៊ី វះកាត់ និង ស្កេន៧ផ្សេងទៀត ដែលមានមុខងារខុសៗគ្នាក្នុងវិស័យវេជ្ជសាស្ត្រ ។ សម្រាប់គ្រួសារអ្នកជំងឺ ដែលត្រូវមើលថែអ្នកជំងឺ គឺមានកន្លែងសម្រាប់ឲ្យស្នាក់នៅក្នុងមន្ទីរពេទ្យ ហើយនៅឆ្នាំ២០២០ខាងមុខ មន្ទីរពេទ្យនេះ នឹងផ្តល់សេវាកម្មដឹងជញ្ជូនអ្នកជំងឺ ដោយឥតគិតថ្លៃទាំងមក ទាំងទៅ ជាពិសេសនឹងផ្តល់ជូនអ្នកបកប្រែភាសាដោយមិនគិតថ្លៃ។ មន្ទីរពេទ្យ Sunway Medical ទទួលបានពានរង្វាន់ទេសចរណ៍វេជ្ជសាស្រ្ត និង ផ្នែកថែទាំសុខភាព ២ឆ្នាំជាប់ៗគ្នា គឺ២០១៨ និង ២០១៩។
បើតាមលោក Desmond Chan ដដែល មន្ទីរពេទ្យនៅទីក្រុងកូឡាឡំាពួ មិនត្រឹមតែផ្តល់សេវាកម្មទេសចណ៍វេជ្ជសាស្ត្រ ដ៏ទំនើបប៉ុណ្ណោះទេ ថែមទាំងបានឆ្លើយតបទៅនឹងគោលនយោបាយរបស់ ក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី ដែលចង់បង្កើនចំណូលលើផ្នែក ឧស្សាហកម្មទេសចរណ៍ផ្នែកសុខភាពរបស់ម៉ាឡេស៊ីនេះថែមទៀតផង។
ក្រុមអ្នកសារព័ត៌មានក៏បានបញ្ចប់ទស្សនកិច្ចចុងក្រោយរបស់ខ្លួន នៅមន្ទីរពេទ្យ ThomSon (ថមសាន់) ដែលមានឯកទេស ក្នុងផ្សាំ ព្យាបាល និង ចាក់បញ្ចូលមេជីវិត ញី និង ឈ្មោលបញ្ចូលគ្នា សម្រាប់គូសេ្នហ៍ភរិយាណា ដែលមិនមានកូន។ បើតាមការឲ្យពីលោកវេជ្ជបណ្ឌិត SURINDER SINGH ឲ្យដឹងថា ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុត ដើម្បីជួយដល់គូស្វាមីភរិយាណាដែលមិនមានលទ្ធភាព មានកូន គឺមិនប៉ះពាល់ដល់សុខភាពនោះទេ បើទុកជាក្នុងរយៈពេល២០ឆ្នាំ ទៅ៣០ឆ្នាំក៏ដោយទំរាំកោសិកាពេញវ័យ។ មួយវិញទៀតសម្រាប់ IQ របស់មនុស្សក៏នៅជាប្រក្រតីដែរ ព្រោះមានឯកទេស ផ្នែកសម្ភព និងរោគស្ត្រី រួមទាំង ឯកទេសខាងការបង្កកំណើត។
តាមការប៉ាន់ប្រមាណ ក្នុងមួយឆ្នាំៗ ប្រទេសម៉ាឡេស៊ី មានអ្នកជំងឺទៅទទួលការពិនិត្យព្យាលបាលកាន់តែកើនឡើងជាលំដាប់ មកពីគ្រប់ជាតិសាសន៍ ហើយបើតាមការរំពឹងទុក របស់ក្រសួងហិរញ្ញវត្ថុរបស់ម៉ាឡេស៊ី ចាប់ពីឆ្នាំ២០២០ទៅ អ្នកដែលមកទទួលសេវាព្យាបាលជាកញ្ចប់បែបទេសចរណ៍ នឹងមានការកើនឡើង ហើយប្រាក់ចំណូល ពីវិស័យនេះ នឹងកើនឡើងទ្វេដង តាមរយៈក្រុមប្រឹក្សាសុខភាពទេសចរណ៍ម៉ាឡេស៊ី (MHTC) ដែលជាទីភ្នាក់ងារមួយ មានភារកិច្ចសម្របសម្រួល និងលើកកម្ពស់ឧស្សាហកម្មទេសចរណ៍សុខភាពរបស់ប្រទេសម៉ាឡេស៊ី និងកសាងភាពជាដៃគូសាធារណៈឯកជន និងឯកជន ទាំងក្នុង និងក្រៅស្រុក ដើម្បីចូលរួមសហការណ៍ ផ្តល់សេវាសុខភាពដល់ប្រជាជននៅទូទាំងពិភពលោក។
ដំណើរទស្សនកិច្ចអ្នកសារព័ត៌មានចំរុះជាតិសាសន៍សរុបជាង៨០នាក់ មកពី៨ប្រទេស នៅទីក្រុងកូឡាឡាំពួ គឺមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងនោះរួមមានកម្ពុជាផងដែរ ដែលនឹងមកដល់កម្ពុជាវិញនៅព្រឹកនេះ៕