សម្ព័ន្ធសង្គមស៊ីវិល សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធវេទិកាសន្ទនា ជាមួយអង្គការ សមាគម សហជីព និងសហគមន៍នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ៖”ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាលសំដៅសម្រេចបានក្របខណ្ឌ័គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា”
វេទិកាសន្ទនានេះដែរបានធ្វើឡើងនៅព្រឹកថ្ងៃ០១ខែវិច្ឆិកាឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម កឹម រត្ន័វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ពន្ធ័អង្គការសង្គមស៊ីវិល ,ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ,អ្នកជំនាញពាក់ពន្ធ័ និងមានការចូលរួមពីថ្នាក់ដឹកនាំតាមបណ្តារមន្ទីរ អង្គភាពនិងមានតំណាង អង្គការសង្គមស៊ីវិល សមាគម សហជីប ចំនួន២៥ ដែលធ្វើសកម្មភាពនៅខេត្តព្រះសីហនុ រួមទាំង
ប្រជាសហគមន៍មកពីតំបន់ផ្សេងៗក្នុងខេត្តព្រះសីហនុ ផងដែរ។
វេទិកានេះបានធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហការជិតស្និទរវាងអង្គការសង្គមស៊ីវិលនិងមន្ត្រីរាជរដ្ឋាភិបាល ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាសំដៅអភិវឌ្ឍមួយប្រកបដោយចីរភាព។
វេទិកាសន្ទនានេះដែរ ក៏បានផ្តល់ឱកាសអោយតំណាងអង្គការ សមាគម ប្រជាសហគមន៍ បានលើកឡើងពីកង្វល់ បញ្ហាប្រឈមនិងសំនូមពរនានាជូនអង្គវេទិកាដើម្បីមានដំណោះស្រាយផងដែរ។
ថ្លែងក្នុងឱកាសនេះដែរ ឯកឧត្តម កឹម រត្ន័វិសិដ្ឋ បានទទូចអង្គការសង្គមស៊ីវិលទាំងអស់
ត្រូវចាត់ទុកថាបញ្ហាប្រឈមគឺជារឿងរបស់យើងទាំងអស់គ្នាហើយមានកាតព្វកិច្ចរួមគ្នាដោះស្រាយ និងរួមសហការគ្នាធ្វើការក្នុងភាពជាដៃគូដ៏ស្មោះត្រង់ដើម្បីធ្វើអោយមានការអភិវឌ្ឍនិងរស់នៅប្រកបដោយសុខដុមនីយកម្ម។
ទន្ទឹមនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា៖
ភាពជាដៃគូរវាងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាលនេះគឺជាផ្នែកសំខាន់មួយដែលមិនអាចខ្វះបាន ដែលនឹងជួយធ្វើអោយកាងារគ្រប់គ្រងថ្នាក់ក្រោមជាតិតាមបែបលទ្ធិប្រជាធិបតេយ្យដើម្បីអភិវឌ្ឃខេត្តនិងធ្វើអោយប្រសើរឡើងនូវស្ថានភាពជីវភាពប្រជាជន។ពោលគឺត្រូវធ្វើអោយប្រជាជនទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍនានាដើម្បីកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។
ឯកឧត្តម គួច ចំរើន បង្ហាញទស្សនៈបើកចំហគាំទ្រសហការជាមួយអង្គការសង្គមស៊ីវិលទាំងឡាយណាដែលបានបំពេញបេសកកម្មនៅខេត្តព្រះសីហនុ ស្របតាមច្បាប់និងលក្ខខន្តិកៈដែលបានដំកល់នៅក្រសួងមហាផ្ទៃ។
ឯកឧត្តម គួច ចំរើន គូសបញ្ជាក់ថា”អង្គាការសមាគម អាចបំពេញបេសកកម្មរបស់ខ្លួនអោយស្របតាមលក្ខខន្តិកៈដែលបានកំណត់ហើយមិនចាំបាច់ដាក់ពាក្យស្នើសុំការអនុញ្ញាតមករដ្ឋបាលខេត្តទៀតទេ ព្រោះក្រសួងមហាផ្ទៃបានអនុញ្ញាតរួចហើយ៕ (ដោយ ខៀវ សាវ៉ុន)