ក្រុមការងារចុះជួយស្រុកអូររាំងឪលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំរៀនសូត្រនិងចៀសឆ្ងាយពីគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃទី០១  ខែវិច្ឆិកា  ឆ្នាំ២០១៩ ក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រះធាតុ   ដឹកនាំដោយ លោក ពុទ្ធ សូរិទ្ធី ប្រធានក្រុមការងារ រួមជាមួយលោក ខ្វៃ អាទិត្យា អគ្គនាយកស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សជាច្រើននាក់ បានអញ្ជើញចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩-២០២០ នៅអនុវិទ្យាល័យចំការស្បូវ ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ បន្ទាប់ពីការអានរបាយការណ៍របស់លោកនាយកងនុវិទ្យាល័យចំការស្បូវ ដោយផ្តោតការយកចិត្តទុកដាក់ គ្រប់គ្រងសាលារៀន គ្រូបង្រៀននិងសិស្សានុសិស្ស ឱ្យការបង្រៀននិងរៀនសូត្របានល្អប្រកបដោយប្រសិទ្ឋិភាព លោក គង់ ផាន់ សមាជិកក្រុមប្រឹក្សាស្រុកអូររាំងឪ បានអានសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩-២០២០ ដោយសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ការអប់រំនៅកម្ពុជា ព្រមជាមួយនឹងការការខិតខំប្រឹងប្រែងបន្តទៀតក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច លើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិត និងធានាបាននូវការអប់រំប្រកបដោយគុណភាព និងបរិយាប័ន្នសម្រាប់ទាំងអស់គ្នា និងដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសជឿនលឿនខ្ពស់។ ក្នុងឱកាសនោះ លោក ពុទ្ធ សូរិទ្ធី បានលើកទឹកចិត្តដល់សិស្សានុសិស្ស ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ស្តាប់ការពន្យល់ណែនាំរបស់លោកគ្រូអ្នកគ្រូ និងមាតាបិតាអាណាព្យាបាល គោរពវិន័យសាលា និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។  លោក ពុទ្ធ សូរិទ្ធី បានជំរុញដល់គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ យកចិត្តទុកដាក់បន្ថែមទៀតពង្រឹងគុណភាពនៃការបង្រៀន និងស្នើសុំឱ្យឪពុកម្តាយសិស្ស អ្នកអាណាព្យាបាល ត្រូវជួយជំរុញកូននិងផ្តល់លទ្ឋភាពឱ្យកូនទៅសិក្សារៀនសូត្រឱ្យបានគ្រប់ៗគ្នា។ ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានក្រុមការងារបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ នៅថ្ងៃទី០៩ វិច្ឆិកា ខាងមុខ ចូលរួមពិសារអំបុកខ្មែរឱ្យបានគ្រប់គ្នាតាមភូមិដ្ឋាន តាមប្រាសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា «អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ»។
សូមបញ្ជាក់ថា នៅក្នុងពិធីបើបវេសនកាលឆ្នាំសិក្សាថ្មី នៅក្នុងវិទ្យាល័យចំការស្បូវនាពេលនេះ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំព្រះធាតុ និងអាជ្ញាធរមូលដ្ឋាន បានចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នូវសម្ភារៈសិក្សា និងថវិកាមួយចំនួនផងដែរ។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner