អាជ្ញាធរខេត្តអំពាវនាវឱ្យប្រជាពលរដ្ឋសំអាតអនាម័យបរិស្ថានជាប្រចាំចៀសវាងការបោះចោលសំរាមពាសវាលពាសកាល

សៀមរាប៖ រដ្ឋបាលខេត្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសំអាតអនាម័យបរិស្ថានជាប្រចាំចៀសវាងការបោះចោលសំរាមពាសវាលពាសកាល
នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយ អាជ្ញាធរក្រុងសៀមរាបសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រួមជាមួយលោកគ្រូអ្នកគ្រូសិស្សានុសិស្ស បានរួមគ្នាក្នុងយុទ្ធនាការបោសសំអាតអនាម័យបរិស្ថានតាមគោលដៅនិងដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប។

លោកស្រី លឹម ផល្លីកា អភិបាលក្រុងសៀមរាបស្តីទី មានប្រសាសន៍ថា យុទ្ធនាការសំអាតតាមដងផ្លូវសំខាន់ៗក្នុងក្រុងនេះ គឺដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ឱ្យមានសម្រស់ស្រស់ស្អាត ទីក្រុងគ្មានសំរាម។ លោកស្រី អភិបាលក្រុងស្តីទី បន្តថា យុទ្ធនាការសៀមរាបផ្ទះខ្ញុំ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីបង្ហាញពីភាពស្រឡាញ់បរិស្ថានស្អាត សមជាកូនចៅរបស់ដូនតាខ្មែរសម័យអង្គរ និងពង្រីកនូវគំនិតស្រឡាញ់បរិស្ថានដែលជាអត្តសញ្ញារបស់ សៀមរាបផ្ទះខ្ញុំឱ្យកាន់តែធំទូលាយទៅដល់មហាជនគ្រប់ស្រទាប់ឱ្យស្រឡាញ់បរិស្ថានគ្រប់ៗគ្នា ដោយចាប់ផ្តើមគ្មានសំរាមរាយប៉ាយនៅមុខផ្ទះរៀងៗខ្លួន។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា រដ្ឋបាលខេត្តនិងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ឬក៏បងប្អូនពលរដ្ឋមកពីបណ្តាខេត្តនានា សូមបន្តចូលរួមសំអាតអនាម័យបរិស្ថាននៅតាមទីសាធារណៈ តាមដងផ្លូវ តាមទីប្រជុំជន ក្នុងក្រុងឲ្យបានស្អាតល្អប្រសើរថែមទៀត។ ទោះបីកម្ពុជារងនូវផលប៉ះពាល់ដោយសារការីករាលដាលនៃជំងឺកូវីដ-១៩ បានបណ្តាលឱ្យចរន្តសេដ្ឋកិច្ចទូទាំងប្រទេសថយចុះនូវប្រាក់ចំណូលក្តី តែសម្តេចតេជោ ហ៊ុន សែន នៅតែពុះពារសម្រេចចិត្តផ្តល់នូវកញ្ចប់ថវិកាកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ និងប្រព័ន្ធលូបង្ហូរទឹក កែលំអដងស្ទឹងសៀមរាប និងកែលំអស្ថាបនាឱ្យមានផ្លូវសម្រាប់ថ្មើជើង ផ្លូវជិះកង់ និងជំរាលសម្រាប់ជនមានពិការភាពទៀតផង។

លោក មានប្រសាសន៍បន្តថា សមិទ្ធផលដ៍ធំធេងនិងថ្លៃថ្លាដែលសម្តេចប្រគល់ឱ្យនេះជាការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្រុង និងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត និងការសម្របសម្រួលពីក្រសួងពាក់ព័ន្ធ និងទទួលបានការផ្តល់ជាមតិយោបល់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប ហើយសមិទ្ធផលទាំងនេះ គឺសម្រាប់បម្រើឱ្យប្រជាពលរដ្ឋទាំងអស់គ្នា។

លោក អភិបាលរង ក៍បានអំពាវនាវនិងសំណូមពរដល់ប្រជាពលរដ្ឋ ជាពិសេសអាជីករ និងម្ចាស់អាជីវកម្មដ្ឋាននានាដែលកំពុងប្រកបអាជីវកម្មតាមបណ្តាដងផ្លូវសំខាន់ៗក្នុងក្រុងដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់និងលំនៅដ្ឋានឯកជនក្តី សូមចូលរួមសំអាតជាប្រចាំដោយការបោសសំអាតនិងវេចខ្ចប់សំណល់សម្រាមដាក់ទៅតាមធុងតាមគោលដៅនិងរួសរាន់បញ្ចេញសម្រាមទៅតាមម៉ោងកំណត់ដែលអាជ្ញាធរក្រុងនិងមន្ទីរបរិស្ថានបានកំណត់ ពោលគឺក្នុងក្រុងត្រូវប្រមូលសំរាមដាក់ក្នុងធុងនៅពេលយប់៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner