វៀតណាមនឹងឈប់ឱ្យប្រើថង់ប្លាស្ទិកក្នុងផ្សារទំនើបនៅឆ្នាំ២០២៦
ហាណូយ៖ ចាប់ពីឆ្នាំ ២០២៦ ផ្សារទំនើប និងហាងលក់ទំនិញនៅក្នុងផ្សារទំនើបនឹងមិនត្រូវបានអនុញ្ញាតឱ្យវេចខ្ចប់ទំនិញ ក្នុងថង់ប្លាស្ទិកប្រើតែម្តងបានទេ នេះបើតាមមន្ត្រីក្រសួងបរិស្ថានបាននិយាយ។
វៀតណាមមានបទប្បញ្ញត្តិផ្សេងៗសម្រាប់ការគ្រប់គ្រងកាកសំណល់ប្លាស្ទិក ហើយរួមមានការឱ្យអ្នកលក់រាយទាំងអស់ប្តូរទៅប្រើរបស់វេចខ្ចប់ ដែលមិនប៉ះពាល់ដល់បរិស្ថាន នៅឆ្នាំ២០២៥ នេះបើតាមលោក Nguyen Trung Thang អនុប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ និងគោលនយោបាយស្តីពីធនធានធម្មជាតិ និងបរិស្ថាន នៃក្រសួងធនធានធម្មជាតិ និងបរិស្ថាន។
លោកបាននិយាយនៅក្នុងសន្និសីទមួយ នៅទីក្រុងហាណូយ កាលពីថ្ងៃទី២០ មេសាថា “ចាប់ពីឆ្នាំ ២០២៦ តទៅ អ្នកលក់រាយណាដែលនៅតែផ្តល់ឱ្យអតិថិជននូវថង់ផ្លាស្ទិកប្រើតែមួយដង នឹងត្រូវពិន័យ” ។
យ៉ាងណាក៏ដោយ លោកមិនបាននិយាយថា តើច្បាប់នេះ នឹងមានអ្វីពិសេស សម្រាប់បណ្តាហាងផ្សេងៗទៀត ក្រៅតែពីផ្សារទំនើបនិងផ្សារទំនើបនោះទេ។
យោងតាមវិទ្យាស្ថានខាងលើ ផ្សារទំនើបប្រើប្រាស់ថង់ប្លាស្ទិកប្រើម្តងបោះចោល ចំនួន១០៤០០០ថង់ ក្នុងមួយថ្ងៃ ជាមធ្យម ឬ ៣៨ លានថង់ ក្នុងមួយឆ្នាំ៕ ប្រភពពី vnexpress ប្រែសម្រួល៖ សារ៉ាត

