សូមប្រុងប្រយ័ត្ន! នារីម្នាក់ឆក់ស្លាប់ ដោយសារស្តាប់កាសបណ្តើរ សាកថ្មទូរស័ព្ទបណ្តើរ
កណ្តាល៖ នារីម្នាក់ដេកស្តាប់កាសទូរស័ព្ទបណ្តើរ សាកថ្មទូរស័ព្ទបណ្តើរ បានឆ្លងចរន្តអគ្គិសនី ក៏បានឆក់ស្លាប់។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៨៖១០នាទី ចំណុចកើតហេតុ ផ្ទះជួលលេខ៣២ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ អាន សុខណា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកម្មការនីរោងចក្រ ជនជាតិខ្មែរ ទីកន្លែងកំណើត ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ។
តាមការបំភ្លឺរបស់ឈ្មោះ សុខ ផាន្នី ភេទស្រី អាយុ៣៤ឆ្នាំ ដែលធ្វើការជាមួយជនរងគ្រោះ បានឲ្យដឹងថានៅថ្ងៃទី ១ វិច្ឆិកា វេលាម៉ោង៧៖០០នាទីព្រឹក ជនរងគ្រោះ មិនឃើញមកធ្វើការដូចសព្វដង ក៏បានខលទៅជាងម៉ូតូឈ្មោះ ឡៅ កុសល ភេទប្រុស ដែលនៅជិតនឹងឲ្យជួយមើលបន្ទប់ជួលជនរងគ្រោះ ពេលទៅដល់បន្ទប់ជនរងគ្រោះ ឃើញបិទទ្វារបង្អួច ចាក់គន្លឹះខាងក្នុង ហើយគោះទ្វារអត់មានបើកទេ ។
រួចខលហៅអ្នកធ្វើការនៅរោងចក្រឲ្យជួយមើល ពេលមកដល់នាំគ្នាទាញបង្អួច លូកដៃទាញគន្លឹះទ្វារបើក ឃើញជនរងគ្រោះដេក ហើយដាស់មិនក្រោក ម្យ៉ាងឃើញជនរងគ្រោះមានសភាពរឹងដៃ រឹងជើង និងឃើញមានកាស់ជាប់នឹងត្រចៀក ឯទូរស័ព្ទ មានសាកថ្មជាប់នឹងព្រីភ្លើង ក៏នាំគ្នាបិទឌីសង់ទ័រភ្លើង ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យ បានបញ្ជាក់ថាជនរងគ្រោះ បានស្លាប់ដោយសារ ឆ្លងចរន្តអគ្គិសនី។ សាកសពត្រូវបានប្រគល់ជូនប្អូនជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕ធ.ដ