សិក្ខាសាលាស្តីពី “ការលើកស្ទួយការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និង កង្វះអាហារូបត្ថម្ភនៅកម្ពុជា”
នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីព្រឹកថ្ងៃ៣១តុលា ឆ្នំា២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការលើកស្ទួយការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងកង្វះអាហារូបត្ថម្ភនៅកម្ពុជា”។ សិក្ខាសាលានេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមសមាជិកសភា តំណាងក្រសួងអភិវឌ្ឍជនបទ ក្រសួងសុខាភិបាល និងលោក ខៃរ៉ូល ហាហ្វីស នាយកអង្គការមុស្លិមអេដកម្ពុជា (Muslim Aid Cambodia, MAC) ។
លោក ខៃរ៉ូល ហាហ្វីស បានលើកឡើងពគោលបំណងសំខាន់របស់អង្គការគឺ ផ្តល់ជំនួយមនុស្សធម៌ដើម្បីជួយដល់ជនក្រីក្រ និងជនងាយរងគ្រោះ តាមរយ:លើកកម្ពស់ផលិតភាពផលិតកម្មសត្វគោជាលក្ខណគ្រួសារ។ គោលនយោបាយរបស់អង្គការក្នុងការចែកគោជូនប្រជាពលរដ្ឋ ការបណ្តុះបណ្តាលបច្ចេកទេសការជ្រើសរើស និងបង្កាត់ ពូជ ចិញ្ចឹម ផលិតចំណី ការការពារ ព្យាបាលជំងឺ និងទីផ្សារផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុន បានថ្លែងអំណរគុណចំពោះវត្តមានរបស់សមាជិកសមាជិកា ជា ពិសេសលោក ខៃរ៉ូល ហាហ្វីស និងអង្គការ Muslim Aid ដែលបានសហការរៀបចំសិក្ខាសាលានេះ ដើម្បីធ្វើការត្រួតពិនិត្យ វាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងលើកស្ទួយខ្សែច្រវាក់ផលិតកម្មនៃការចិញ្ចឹមសត្វ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ប្រកបដោយចីរភាព និងលើកទិសដៅអនុវត្តបន្ត ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យបសុសត្វ ២០១៦- ២០២៥ ដោយផ្សាភ្ជាប់ទៅនឹងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩- ២០២៣ ជាពិសេសមុំទី១ នៃចតុកោណទី៤ ស្តីពីការលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។ លោកបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាផ្លែផ្កាទទួលបានពីកិច្ចសហការនេះជាប្រយោជន៍ដល់ន្រជាកសិករ និងសេដ្ឋកិច្ចជាតិជារួម។
បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកវិស័យកសិកម្មជាវិស័យសំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។ ក្នុងនោះ ការលើកកម្ពស់សេវាសុខភាពសត្វ ការការពារ បង្ការទប់ស្កាត់ជំងឺរាតត្បាតសត្វ ការធានាសុវត្ថិភាពសាច់ ផលិតផលសត្វដែលកម្ពុជាបានបំពេញកាតព្វកិច្ចក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) អង្គការសុខភាពសត្វពិភពលោក (OIE) និងការធ្វើសមាហរណកម្មកម្ពុជា ក្នុងអាស៊ាន និងក្នុងសាកលលោកផងដែរ។ ក្នុងបរិការណ៍នេះ ច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់គ្រប់គ្រងអនុវិស័យនេះ ក្នុងគោលដៅពង្រឹងការអនុវត្តស្តង់ដារអនាម័យលើផលិតផលសត្វ និងជំរុញអនុវត្តវិធានការអនាម័យសត្វដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការឆ្លងរាលដាលជំងឺសត្វ ក៏ដូចជាការការពារសុខភាពសាធារណៈជាចម្បងផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា ឆ្លើយតបទៅនឹងបញ្ហានេះ ពិសេសក្នុងក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្រសួងបានដាក់ចេញនូវចក្ខុវិស័យសម្រាប់អភិវឌ្ឍន៍វិស័យផលិត កម្មសត្វ ដើម្បីប្រែក្លាយផលិតកម្មសត្វបែបទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ តាមរយ:ការជំរុញកំណើនផលិតកម្មសត្វឱ្យកើន ៣%ក្នុង១ឆ្នាំ ដោយបង្កើនផលិតផលសាច់ពី ២៤០ពាន់តោននៅឆ្នាំ២០១៩ ដល់២៧០ពាន់តោននៅឆ្នាំ២០២៣ និងអត្រា % នៃការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មកើនពី១៩% នៅឆ្នាំ២០១៧ ដល់ ៣០% នៅឆ្នាំ២០២៣ ជំរុញការចិញ្ចឹមគោពូជកូនកាត់ឲ្យបានប្រមាណ៣០% នៅឆ្នាំ២០២៣៕