ជំនួញដីធ្លីមមាញឹក! ការខ្វៃជ្រូកកណ្តុរយកទៅសែននៅលើភ្នំដោះក្រមុំ ក៏សម្បូរហូរហៀរដែរ

អត្ថបទដោយ៖
Kien Sereyvuth

មណ្ឌលគិរី៖ វាជារឿងធម្មតាសម្រាប់ប្រជាជនកម្ពុជា ដែលមានជំនឿអរូបី ក្នុងការសែនព្រេន បន់ស្រន់ សុំសេចក្តីសុខ ឬបួងសួងសុំអ្វីមួយដែលប្រាថ្នាឲ្យបានជោគជ័យ។ សម្លឹងមកមើលលើកំពូលភ្នំដោះក្រមុំ ជាទីកន្លែងទីសក្ការៈបូជាទី១ របស់ខេត្តមណ្ឌលគិរី ត្រូវគេឃើញថា សម្បូរទៅដោយក្រុមឈ្មួញដីធ្លី ឬប្រជាពលរដ្ឋ យកគ្រឿងដង្វាយទៅសែនព្រេនណាស់។ អ្វីដែលជាការកត់សម្គាល់ ក្រៅពីនុំ ឬផ្លែឈើនោះ គឺជ្រូកកណ្តុរខ្វៃ ក្លាយជាដង្វាយដ៏ពេញនិយមក្នុងការសែនព្រេនតែម្តង។

តើជ្រូកកណ្តុរខ្វៃ ជាជ្រូកអ្វី? សូមស្វែងយល់ទាំងអស់គ្នា!
សាច់ជ្រូកកណ្តុរ ឬត្រូវបានគេហៅតាមអ្នកស្រុកលើនេះថា ជ្រូកជនជាតិ។ ជ្រូកនេះ មានរូបរាងស្រដៀងគ្នានឹងជ្រូកព្រៃដែរ ហើយអម្បូរជ្រូកនេះ ត្រូវបងប្អូនខ្មែរលើចិញ្ចឹមតាមបែបធម្មជាតិ ជាលក្ខណៈគ្រួសារ ក្នុង១គ្រួសារច្រើនអស់បួនដប់ក្បាលប៉ុណ្ណោះ។ ជ្រូកនេះ កំពុងមានតម្រូវការខ្ពស់ក្នុងការយកទៅខ្វៃ ព្រោះសាច់ និងស្បែកមានឱជារសឆ្ងាញ់ជាងជ្រូកស្រុកដែលបងប្អូនខ្មែរយើងចិញ្ចឹម។

អ្នកយាមនៅលើភ្នំដោះក្រមុំបានឲ្យដឹងថា ក្រោយមានសកម្មភាពផ្ទុះរឿងជួញដូរដីធ្លីនៅក្នុងខេត្តមណ្ឌលគិរី មានអ្នកបន់ស្រន់សែនជ្រូកខ្វៃ មានការកើនឡើងច្រើន រហូតថ្ងៃខ្លះមានជ្រូកខ្វៃរហូតដល់ជាង១០ក្បាលឯណោះ។ដោយឡែកអ្នកជំនាញខ្វៃជ្រូកថា ជាមធ្យមជ្រូកខ្វៃធម្មជាតិនេះ មានតម្លៃចាប់២០ម៉ឺនរៀលទៅ៤០ម៉ឺនរៀល អាស្រ័យទំហំជាក់ស្តែងដែលអ្នកទិញត្រូវការ។ សព្វថ្ងៃមិនទាន់មានប្រភពផ្គត់ផ្គង់ជ្រូករស់បានគ្រប់គ្រាន់នៅឡើយ ដោយសារជ្រូកប្រភេទនេះ មិនមានអ្នកចិញ្ចឹមច្រើនទេ ពោលគឺគេចិញ្ចឹមបែបយថាកម្ម ចិញ្ចឹមប្រលែងចោលរត់ពេញភូមិ ស៊ីចំនីពាសវាលពាសកាល ដាក់បាយឲ្យវាស៊ីម្តងម្កាលប៉ុនណោះ។

លោក វុធ សារុំ នាយកដែនជម្រកការពារសត្វព្រៃណាំលៀរ ដែលសព្វថ្ងៃកំពុងសាកល្បងចិញ្ចឹមជ្រូកកណ្តុរធ្វើពូជជាង៥០ក្បាល បានឲ្យដឹងថា ការចិញ្ចឹមជ្រូកប្រភេទនេះ ងាយស្រួលជាងចិញ្ចឹមជ្រូកធម្មតាឆ្ងាយណាស់។ ងាយស្រួលដោយសារវាមិនរើសចំនី ធន់ជំងឺ ប៉ុន្តែវាមានរយៈពេលប្រមូលផលយូរជាងជ្រូកពូជធម្មតា ព្រោះវាស៊ីចំណីបែបធម្មជាតិសុទ្ធសាធដូចជា ទំពាំង ដើមចេក ឬសឈើ មើមឈើ ស្លឹកឈើ ជាដើម ដែលនេះមូលហេតុធ្វើឲ្យវាមានការលូតលាស់យឺតជាងជ្រូកស៊ីចំណីកសិកម្ម៕ធ.ដ

ដោយៈសាត ចាន់បុត្រ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner