ស្តេចថៃ បន្តដកតំណែងមន្ត្រីក្នុងវាំងបន្ថែមទៀត

ព្រះមហាក្សត្រថៃ វេជ្ជរ៉ាឡុងកន បានសម្រេចព្រះទ័យបន្តដកតំណែងមន្ត្រីក្នុងព្រះបរមរាជវាំងបន្ថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចំនួន២របស់វាំង កាលពីថ្ងៃអង្គារម្សិលមិញ ជាការបណ្តេញចេញជាថ្មីទៀត បន្ទាប់ពីទ្រង់បានដកតំណែងមន្ត្រីសំខាន់ៗ ក្នុងវាំង រួមទាំងស្នំឯករបស់ព្រះអង្គផងដែរ កាលពីសប្តាហ៍មុន។

ក្នុងសេចក្តីប្រកាសព័ត៌មានទីមួយបញ្ជាក់ថា មន្ត្រីវាំង២រូបដែលគេស្គាល់ថា ជាសន្តិសុខការពារបន្ទប់បន្ទុំ (គេង) ត្រូវបានបណ្តេញចេញ ដោយសារតែរួមដំណេកជាមួយអ្នកផ្សេង ដែលមិនមែនជាប្តីប្រពន្ធនឹងគ្នា ដោយទង្វើនេះត្រូវបានចាត់ទុកថាជាការបំពានធ្ងន់។ ក្នុងសេចក្តីប្រកាសព័ត៌មានមួយទៀតបញ្ជាក់ថា មន្ត្រីយោធា២រូប ត្រូវបានបណ្តេញចេញពីតំណែងដោយសារតែបំពេញតួនាទីជាមន្ត្រីការពារសន្តិសុខវាំងមិនពេញលេញ មានឥរិយាបទមិនសមនឹងតួនាទី និងឋានៈ។ មន្ត្រីទាំង៤នាក់នេះ ត្រូវបានដកតំណែង និងតួនាទីទាំងអស់។ នេះបើតាមប្រភពដដែល។

ការដកតំណែងមន្ត្រីទាំង៤រូបខាងលើ បានធ្វើឡើង ក្រោយពេលដែលមន្ត្រីវាំង៦នាក់ ត្រូវបានបណ្តេញចេញពីតំណែងផងដែរ កាលពីសប្តាហ៍មុន ដោយបានរងការចោទប្រកាន់ថា បានធ្វើខុសបទបញ្ជាផ្ទៃក្នុង ធ្វើឲ្យប៉ះពាល់ដល់វាំង។ រីឯស្នំឯករបស់ព្រះអង្គ ព្រះនាម Sineenat Wongvajirapakdi ក៏ត្រូវបានបណ្តេញចេញដែរ ដោយសារតែមិនស្មោះត្រង់ ហើយមានបញ្ហាជាមួយអគ្គមហេសី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner