យន្តហោះមួយគ្រឿងបានធ្លាក់ចំផ្ទះប្រជាពលរដ្ឋ នៅអាម៉េរិក
អត្ថបទដោយ៖
Kien Sereyvuth
កាលពីម្សិលមិញ មានហេតុការណ៍គួរឲ្យរន្ធត់មួយ បានកើតឡើងក្រោយពេលដែលយន្ដហោះមួយគ្រឿងប្រភេទ Cessna 414 បានធ្លាក់មកលើផ្ទះប្រជាពលរដ្ឋក្នុងរដ្ឋ New Jersey សហរដ្ឋអាម៉េរិក។

អាជ្ញាធរថា ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១ព្រឹកក្នុងទីក្រុង Colonia ដែលបណ្ដាលឲ្យអ្នកបើកបរបាត់បង់ជីវិត ប៉ុន្តែជាសំណាងដែរ ដែលម្ចាស់ផ្ទះខាងមិននៅផ្ទះ។ នគរបាលបានបញ្ជាក់ពីការស្លាប់របស់អ្នកបើកបរខាងលើ ហើយមិនមានអ្នករងរបួសផ្សេងទៀតនោះទេ ដោយសារគ្មានអ្នករួមដំណើរ។

ក្រោយកើតហេតុ ក្រុមពន្លត់អគ្គិភ័យ បានចុះទៅធ្វើការបាញ់ពន្លត់ភ្លើងដែលឆាបឆេះផ្ទះប្រជាពលរដ្ឋ។ ប៉ុន្តែចំពោះអត្តសញ្ញាណរបស់អ្នកបើកបរ នៅមិនទាន់ត្រូវបានគេឲ្យដឹងនៅឡើយទេ។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ កំពុងបើកការស៊ើបអង្កេតបន្ដជុំវិញមូលហេតុដែលបណ្ដាលឲ្យមានហេតុការណ៍នេះ៕ធ.ដ