ការបំផ្ទុះគ្រាប់បែកកើតឡើងជាលើកទី២ នៅក្រុងកាប៊ុល មុនថ្ងៃបុណ្យ Eid al-Fitr
ក្រុមមន្ត្រីនិយាយថា ការបំផ្ទុះគ្រាប់បែកក្នុងរថយន្តដឹកអ្នកដំណើរនៅទីក្រុងកាប៊ុលកាលពីថ្ងៃសៅរ៍ បានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ ដែលកើតឡើងជាលើកទី២នៅរដ្ឋធានីអាហ្វហ្គានីស្ថាន ២ថ្ងៃជាប់គ្នា ខណៈដែលការព្រួយបារម្ភផ្នែកសន្តិសុខកើនឡើងនៅមុនថ្ងៃបុណ្យ Eid al-Fitr របស់មូស្លីម។
ក្រុមរដ្ឋអ៊ិស្លាមបានអះអាងលើតេឡេក្រាមថា ក្រុមរបស់ខ្លួនទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃសៅរ៍នេះ។លោក Khalid Zadran អ្នកនាំពាក្យរបស់មេបញ្ជាការក្រុងកាប៊ុលប្រាប់រ៉យទ័រថា៖ «ស្ត្រីម្នាក់បានស្លាប់ និង៣នាក់ទៀតរងរបួស»។
១ថ្ងៃមុននេះ ការផ្ទុះមួយសម្លាប់អ្នកថ្វាយបង្គំជាង ៥០ កាលពីថ្ងៃសុក្រនៅឯវិហារអ៊ិស្លាមមួយក្នុងទីក្រុងកាប៊ុល ចំពេលមានការវាយប្រហារជាច្រើននៅវិហារអ៊ិស្លាមក្នុងអំឡុងពេលខែដ៏វិសុទ្ធរបស់មូស្លីមនៃបុណ្យរ៉ាម៉ាដាន។
ការព្រួយបារម្ភផ្នែកសន្តិសុខកើនឡើងនៅទូទាំងប្រទេស ខណៈដែលអាហ្វហ្គានីស្ថានរៀបចំប្រារព្ធពិធីបុណ្យ Eid al-Fitr នៅថ្ងៃអាទិត្យ ក្រោមការគ្រប់គ្រងរបស់ពួកតាលីបង់ជាលើកដំបូងក្នុងរយៈពេលជាង ២០ ឆ្នាំ។ ក្រុមតាលីបង់ឡើងកាន់អំណាចកាលពីខែសីហាឆ្នាំមុន បន្ទាប់ពីកងកម្លាំងបរទេសដកខ្លួនចេញពីប្រទេស ហើយចាប់តាំងពីពេលនោះមក អាហ្វហ្គានីស្ថានរងនឹងការកើនឡើងនៃការវាយប្រហារពីក្រុមរដ្ឋអ៊ិស្លាម។
អាជ្ញាធរតាលីបង់ប្រកាសកាលពីថ្ងៃសៅរ៍ថា ពិធីបុណ្យ Eid នឹងត្រូវប្រារព្ធនៅថ្ងៃបន្ទាប់ ដែលនាំឱ្យមានការបាញ់កាំជ្រួចអបអរសាទរនៅតាមដងផ្លូវនៃទីក្រុងកាប៊ុល កាលពីយប់ថ្ងៃសៅរ៍។ អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន លោក Abdul Nafee Takor និយាយថា៖ «យើងធានាដល់ជនរួមជាតិរបស់យើង យើងនឹងធានាបាននូវសន្តិសុខក្នុងអំឡុងពេលពិធីបុណ្យ Eid»។

ប្រភព៖ Reuters