គោលនយោបាយសូន្យកូវីដចិនរបស់លោក ស៊ី ក្រោមការត្អូញត្អែរកាន់តែច្រើនពីពលរដ្ឋ និងអ្នកសេដ្ឋកិច្ច
ខណៈប្រទេសខ្លះបន្តប្រឈមមុខនឹងការឆ្លងរាលដាលនៃវីរុសកូវីដ-១៩វ៉ារ៉្យង់អូមីក្រុង ពលរដ្ឋរស់នៅប្រទេសភាគច្រើនទូទាំងពិភពលោក កំពុងត្រឡប់ទៅរកសកម្មភាពធម្មតានៃជីវិតឡើងវិញ ក្រោយជំងឺរាតត្បាតយាំយីអស់រយៈជាង២ឆ្នាំមកនេះ។
ប៉ុន្តែដោយសារគោលនយោបាយសូន្យកូវីដរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ករណីនេះមិនដូចគ្នាទេនៅតាមទីក្រុងធំៗរបស់ចិនមួយចំនួន ដែលធ្លាក់ទៅក្នុងការឆ្លងរាតត្បាតជាថ្មីនៃកូវីដ ហើយត្រូវធ្វើការបិទខ្ទប់យ៉ាងតឹងរ៉ឹង។ អ្នកជំនាញមើលឃើញថា វិបត្តិនេះកំពុងតែធ្វើឱ្យប៉ះពាល់ខ្លាំងដល់ផ្នែកនយោបាយរបស់លោក ស៊ី ដែលសង្ឃឹមថានឹងបន្តកាន់ដំណែងអាណត្តិទី៣ នៅពេលមានការត្អូញត្អែរកាន់តែច្រើនពីពលរដ្ឋ អ្នកជំនួញ និងអ្នកសេដ្ឋកិច្ចជាច្រើន។
ពេញ១ខែមេសា លោក ស៊ី មិនបានថ្លែងសុន្ទរកថាជាសាធារណៈ ដែលផ្តោតលើការផ្ទុះកូវីដឡើងវិញក្នុងប្រទេសនោះទេ។ លោក ស៊ី ក៏មិនបាននិយាយដោយផ្ទាល់ទៅកាន់ប្រជាជនសៀងហៃ ដែលអាជ្ញាធរបញ្ជាឱ្យស្នាក់ក្នុងផ្ទះជាច្រើនសប្តាហ៍មកហើយនោះដែរ ទោះបីជាមានការត្អូញត្អែរអំពីកង្វះខាតស្បៀង និងអ្នកជំងឺនៅមន្ទីរពេទ្យលើសលប់ក្ដី។
បទបញ្ជាផ្សេងៗរបស់លោក ស៊ី ជំនួសមកវិញតាមរយៈអ្នកក្រោមបង្គាប់ ហើយគោលនយោបាយសូន្យកូវីដរបស់លោក ត្រូវតែប្រកាន់ខ្ជាប់ ដើម្បីឱ្យបានគោលដៅសំខាន់ដែលធានាថា មិនមានករណីណាមួយនៅក្នុងចំណោមប្រជាជនជាង ១,៤ ប៊ីលាននាក់ តាមរយៈការធ្វើតេស្តទ្រង់ទ្រាយធំ ការបិទខ្ទប់ដ៏តឹងរ៉ឹង ការអនុវត្តន៍វិធានការចត្តាឡីស័កអ្នកឆ្លង និងអ្នកប៉ះពាល់ដោយផ្ទាល់ជាដើម។
កាលពីថ្ងៃសុក្រ ការិយាល័យនយោបាយរបស់បក្សកុម្មុយនិស្ត ដែលជាក្រុមប្រឹក្សានៃមេដឹកនាំ ២៥ នាក់ រួមទាំងលោក ស៊ី ផងដែរនោះ បានបន្តការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលដៅសូន្យកូវីដ ដោយកត់សម្គាល់ពីការកើនឡើងហានិភ័យសេដ្ឋកិច្ចពីកូវីដ-១៩ និងសង្រ្គាមនៅអ៊ុយក្រែន។
គេប៉ាន់ស្មានថា ប្រជាជនចិនប្រមាណ ៣៤០ លាននាក់នៅក្នុងទីក្រុងយ៉ាងហោចណាស់ ៤៦ កំពុងស្ថិតនៅក្រោមវិធានការបិទខ្ទប់ ដោយសារករណីកើតឡើងនៅក្នុងខេត្តជាច្រើន។ ការផ្ទុះឡើងថ្មីនៃកូវីដនៅក្នុងទីក្រុងសៀងហៃ ទីក្រុងប៉េកាំង និងទីក្រុងផ្សេងទៀត កំពុងសាកល្បងសមត្ថភាព និងសិទ្ធិអំណាចរបស់លោក ស៊ី មុនពេលសមាជបក្សកុម្មុយនិស្តដ៏សំខាន់ប្រព្រឹត្តនៅចុងឆ្នាំនេះ។ ក្នុងនាមជាអគ្គលេខាបក្ស លោក ស៊ី ក៏ចង់ធានាថាការដឹកនាំនឹងពេញទៅដោយមន្ត្រីដែលនឹងការពារលោក និងអនុវត្តរបៀបវារៈរបស់លោក។
ដើម្បីទទួលបានលទ្ធផលនោះ លោក ស៊ី ចង់បង្ហាញពីភាពស្ទាត់ជំនាញខាងនយោបាយដ៏ស្ងប់ស្ងាត់ ហើយរហូតមកដល់ពេលថ្មីៗនេះ យុទ្ធសាស្ត្រសូន្យកូវីដ គឺជាសមិទ្ធិផលជោគជ័យមួយ។ បន្ទាប់ពីមន្ត្រីបក្សកុម្មុយនិស្តប្រកាសយកឈ្នះការរាលដាលនៃវីរុសនៅដើមឆ្នាំ ២០២០ លោក ស៊ី បានដាក់ប្រទេសចិនឱ្យនៅក្នុងបន្ទាយមួយដែលការពារពីជំងឺរាតត្បាត ទប់ស្កាត់ការឆ្លង និងការពារសេដ្ឋកិច្ច ខណៈកូវីដសហរដ្ឋអាមេរិកសម្លាប់មនុស្សជិត១លាននាក់។
គោលនយោបាយសូន្យកូវីដ ពិតជាបានជួយសង្គ្រោះជីវិតមនុស្ស ប៉ុន្តែខណៈដែលការរាលដាលថ្មីនៃកូវីដផ្ទុះឡើង ផលវិបាកនៃគោលនយោបាយនេះមានកាន់តែច្រើនទាំងផ្នែកសេដ្ឋកិច្ច និងគោលនយោបាយ ខណៈដែលលោក ស៊ី ព្យាយាមបង្ហាញថា ចិនអាចគ្រប់គ្រងវីរុសបានដោយមិនត្រូវការវ៉ាក់សាំងក្រៅប្រទេស ដែលមានប្រសិទ្ធភាពជាងផលិតផលរបស់ខ្លួន។
អ្នកវិភាគក៏បារម្ភថា តាមរយៈគោលនយោបាយសូន្យកូវីដដែលចងភ្ជាប់នឹងចំណងនយោបាយបាយរបស់លោក ស៊ី ចិននឹងមិនអាចចូលរួមជាមួយពិភពលោកក្នុងការរស់នៅជាមួយកូវីដបានទេ ទោះបីជាស្ថានភាពកាន់តែប្រសើរឡើងក្ដី ខណៈអត្រានៃការចាក់វ៉ាក់សាំង និងការចាក់ដូសជំរុញរបស់ប្រទេសនេះ ជាពិសេសក្នុងចំណោមមនុស្សចាស់ គឺមិនខ្ពស់គ្រប់គ្រាន់ទេ ហើយប្រព័ន្ធវេជ្ជសាស្ត្រមិនមានធនធានគ្រប់គ្រាន់ដើម្បីបញ្ជៀសជំងឺ និងការស្លាប់ដ៏មហន្តរាយជាដើម។
លោក Patricia Thornton សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Oxford ដែលសិក្សាផ្នែកនយោបាយ និងសង្គមចិននិយាយថា៖ «គោលនយោបាយនេះ គឺជាការបង្ហាញមួយដែលរដ្ឋាភិបាលបានដាក់សុខភាព និងសុខុមាលភាពរបស់ប្រជាជនចិនជាមុន។ នោះបានក្លាយជារឿងពិបាកកាន់តែច្រើនសម្រាប់លោក ស៊ី ក្នុងការប្រាប់»។
ការបិទខ្ទប់ និងការទាមទារឱ្យមានការត្រួតពិនិត្យជាប្រចាំ និងការប្រុងប្រយ័ត្ន ជាពិសេសនៅទីក្រុងសៀងហៃ បានបញ្ឆេះការខកចិត្តជាសាធារណៈ ធ្វើឱ្យមន្ត្រីក្នុងតំបន់ និងបុគ្គលិកពេទ្យអស់កម្លាំង ខណៈសន្ទុះសេដ្ឋកិច្ចថយចុះជាគំហុក។ ស្របពេលដែលពលរដ្ឋដែលជាប់ក្នុងការបិទខ្ទប់ពីមុនៗត្អូញត្អែរអំពីការរឹតបន្តឹងយ៉ាងខ្លាំងនោះ ពេលនេះមានអ្នករិះគន់កាន់តែច្រើនឡើងៗរួមទាំងអ្នកសេដ្ឋកិច្ច និងនាយកប្រតិបត្តិអាជីវកម្ម ដោយលើកហេតុផលថាសូន្យកូវីដមិនអាចទទួលយកមកឱ្យប្រឈមមុខនឹងវ៉ារ្យ៉ង់ថ្មីបាន។
ភាពច្របូកច្របល់ដែលមិននឹកស្មានដល់នៃឆ្នាំ ២០២២ រួមទាំងជំហរដ៏រសើបរបស់ចិនចំពោះការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី នៅតែមិនអាចបដិសេធលោក ស៊ី ក្នុងអាណត្តិទី៣បានទេ។ លោកគឺជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ចិនក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ហើយការខឹងសម្បារនៅក្រុងសៀងហៃ មិនបង្ហាញសញ្ញានៃការកើនឡើងទៅជាបញ្ហាប្រឈមណាមួយចំពោះការគ្រប់គ្រងរបស់លោកនោះទេ។
យ៉ាងណាមិញ លោក Minxin Pei សាស្ត្រាចារ្យនៅមហាវិទ្យាល័យ Claremont McKenna College ក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលសិក្សាពីនយោបាយចិននិយាយថា ការពង្រីកការខូចខាតផ្នែកសេដ្ឋកិច្ច និងភាពតានតឹងក្នុងសង្គមពីការបិទខ្ទប់រយៈពេលយូរ អាចបន្ទន់អំណាចរបស់លោក ស៊ី ក្នុងការជួយជ្រោមជ្រែងឥស្សរជនដែលនៅពីក្រោយការជ្រើសរើសរបស់លោកសម្រាប់ក្រុមអ្នកដឹកនាំបន្ទាប់។
អ្នកវិភាគដដែលនិយាយថា លោក ស៊ី ទំនងជានៅតែមានឥទ្ធិពលមិនថាមានបញ្ហាអ្វីនោះទេ ប៉ុន្តែវាអាចកើនឡើងឬធ្លាក់ចុះជាបន្តបន្ទាប់ ហើយមន្ត្រីដែលនៅជុំវិញលោកមានសារៈសំខាន់។
សូម្បីតែមុនពេលមានវិបត្តិក្រុងសៀងហៃ ក៏លោកស៊ីនិយាយតទល់ដែរ។ ក្រុមមន្ត្រីស្នើនាពេលថ្មីៗនេះថា ការរិះគន់គោលនយោបាយកូវីដ គឺជាការមិនស្មោះត្រង់ចំពោះលោក ស៊ី ឬហៅថាការលុបបំបាត់ «កាតព្វកិច្ចនយោបាយដែលមានអាទិភាពលើអ្វីៗគ្រប់យ៉ាង»។
កាលពីសប្តាហ៍មុន លោក ស៊ី សន្យាថានឹងជំរុញកំណើនសេដ្ឋកិច្ចរបស់ចិន ជាមួយនឹងលំហូរនៃការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ហើយកាលពីថ្ងៃសុក្រ ការិយាល័យនយោបាយនិយាយថា រដ្ឋាភិបាលនឹងធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព ខណៈបង្រ្កាបការឆ្លងរបស់កូវីដ។
ប៉ុន្តែក្រុមអ្នកសេដ្ឋកិច្ចចិន និងអ្នកជំនួញចិនដែលមានសំឡេងកាន់តែខ្លាំងឡើងៗ ប្រកែកថា ការខូចខាតពីការបិទខ្ទប់នឹងពិបាកព្យាបាលជាង។ ភាពមិនប្រាកដប្រជារ៉ាំរ៉ៃក្នុងការធ្វើដំណើរ ចំណាយ ទិញអចលនទ្រព្យ ឬវិនិយោគក្នុងអាជីវកម្មធ្វើឱ្យខូចទំនុកចិត្តដល់អ្នកប្រើប្រាស់ និងក្រុមហ៊ុន។ អ្នកទាំងនេះមានសុទិដ្ឋិនិយមទៅលើការពន្លឿនការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំង និងការព្យាបាលបន្ថែមទៀត ហើយត្រូវប្រាកដថាមនុស្សចាស់ និងក្រុមដែលងាយរងគ្រោះផ្សេងទៀត បានទទួលវ៉ាក់សាំង ដែលអនុញ្ញាតឱ្យមានភាពបត់បែនកាន់តែច្រើនពេលដែលការឆ្លងផ្ទុះឡើង។
ទោះបីយ៉ាងនេះក្ដី ការដកខ្លួនពីសូន្យកូវីដ អាចជារឿងនយោបាយពិបាកជាងអ្នករិះគន់មួយចំនួនគិតទៅទៀត ដោយលោក ស៊ី បង្ហាញឱ្យឃើញមកហើយថា គោលនយោបាយនេះជាស្នូលនៃអំណះអំណាងរបស់លោក ដែលថាបក្សកុម្មុយនិស្តមានប្រសិទ្ធភាពក្នុងរដ្ឋាភិបាលក្នុងការគ្រប់គ្រងជាងលទ្ធិប្រជាធិបតេយ្យសេរីណាមួយ។
លោក Chang Chuan Chan អ្នកជំនាញខាងគោលនយោបាយសុខភាពនៅសាកលវិទ្យាល័យជាតិតៃវ៉ាន់ពន្យល់ថា គោលនយោបាយដូចជាការបិទខ្ទប់បានក្លាយជារឿងមោទនភាពសម្រាប់ក្រុមមេដឹកនាំចិន ដោយគិតថាវាអាចប្រើក្នុងការលុបបំបាត់ករណីឆ្លងបាន។

ប្រភព៖ The Guardian