ទីក្រុងប៉េកាំងបិទកន្លែងមួយចំនួន ដើម្បីរឹតបន្តឹងវិធានការការពារខណៈកូវីដកើនឡើង
ទីក្រុងប៉េកាំងបិទការទទួលទានអាហារនៅតាមភោជនីយដ្ឋានទាំងអស់ សួន Universal Studios និងបញ្ជាឱ្យប្រជាជនផ្តល់ភស្តុតាងបញ្ចាក់តេស្តអវិជ្ជមានកូវីដមុនចូលទៅកាន់កន្លែងសាធារណៈ ដើម្បីជាការរឹតបន្តឹងវិធានការសុវត្ថិភាពខណៈករណីថ្មីនៃវីរុសកើនឡើងជាថ្មី។
ថ្ងៃឈប់សម្រាកនៃទិវាពលកម្មអន្តរជាតិ គឺជាពេលវេលាដ៏មមាញឹកសម្រាប់ការធ្វើដំណើរ និងការជួបជុំគ្នាយ៉ាងច្រើននៅក្នុងប្រទេសចិន ប៉ុន្តែឆ្នាំនេះមានការស្ងប់ស្ងាត់ដោយសាររដ្ឋាភិបាលចិន បង្កើនទ្វេដងលើគោលនយោបាយសូន្យកូវីដរបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងជាថ្មីនៃកូវីដ-១៩ ក្រោយស្រាកស្រាន្តតាំងពីដើមឆ្នាំ ២០២០។
រដ្ឋាភិបាលក្នុងតំបន់ជាច្រើនបញ្ជាពលរដ្ឋមិនឱ្យចាកចេញពីទីក្រុងរបស់ខ្លួន លើកលែងតែចាំបាច់ និងដាក់លក្ខខណ្ឌតម្រូវឱ្យចត្តាឡីស័ករយៈពេលវែងសម្រាប់អ្នកដែលមកពីតំបន់ដែលករណីកូវីដត្រូវបានរាយការណ៍។
ខណៈដែលការបិទខ្ទប់រយៈពេល១ខែនៅតែបន្តនៅក្រុងសៀងហៃ រដ្ឋធានីប៉េកាំងរបស់ចិនកំពុងប្រឈមមុខនឹងការផ្ទុះឡើងនូវវ៉ារ៉្យង់អូមីក្រុង។ ពលរដ្ឋក្រុងប៉េកាំងជាច្រើន បានប្រញាប់ប្រញាល់ស្តុកទុកអាហារ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃក្នុងសប្តាហ៍កន្លងមក ដោយបារម្ភថា ការបិទខ្ទប់ដូចទីក្រុងស៊ាងហៃអាចបណ្តាលឱ្យមានការខ្វះខាត។
អាជ្ញាធរក្រុងប៉េកាំងចាប់ផ្តើមការធ្វើតេស្តទ្រង់ទ្រាយធំជាច្រើនលើករួចមកហើយ ដោយបានបិទសហគមន៍រាប់សិបកន្លែង និងសាលារៀន ប៉ុន្តែវិធានការត្រូវបានរឹតបន្តឹងបន្ថែមទៀតនៅដើមថ្ងៃឈប់សម្រាក។ កាលពីថ្ងៃសៅរ៍ មន្ត្រីក្រុងប៉េកាំងប្រកាសថាសេវាកម្មទទួលទានអាហារនៅភោជនីយដ្ឋាន នឹងត្រូវផ្អាកក្នុងអំឡុងពេលឈប់សម្រាក។
លើសពីនេះ បន្ទាប់ពីវិស្សមកាល កម្មករ និងសិស្ស នឹងត្រូវបង្ហាញភស្តុតាងអវិជ្ជមានកូវីដ ដែលធ្វើឡើងក្នុងរយៈពេល ៤៨ ម៉ោងមុន ដើម្បីត្រឡប់ទៅធ្វើការ ឬសាលារៀន ឬចូលទៅកាន់កន្លែងសាធារណៈទាំងអស់ រួមទាំងការដឹកជញ្ជូនសាធារណៈផងដែរ។ អាជ្ញាធរក៏និយាយផងដែរថា ពលរដ្ឋទាំងអស់ត្រូវធ្វើតេស្តយ៉ាងហោចណាស់ម្ដងក្នុង១សប្ដាហ៍។
បន្ទាប់ពីក្រុងស៊ៀងហៃដែលរាយការណ៍កូវីដថ្មីជាង ៧ ៨០០ ករណីកាលពីថ្ងៃអាទិត្យ ក្រុងប៉េកាំងបានរាយការណ៍ពីការឆ្លងក្នុងសហគមន៍ដូចគ្នាចំនួន ៥៩ ករណីក្នុងថ្ងៃតែមួយ ដែលជាចំនួនខ្ពស់បំផុតនៃករណីប្រចាំថ្ងៃក្នុងការផ្ទុះឡើងនាពេលបច្ចុប្បន្នរបស់ខ្លួន។ ទីក្រុងនេះបានរាយការណ៍កូវីដថ្មីជាង ៣០០ ករណីចាប់តាំងពីថ្ងៃទី ២០ ខែមេសាមក។

ប្រភព៖ CNN