រដ្ឋមន្ត្រី​ការបរទេស​ស៊ុយអែត​និយាយ​ថា​ ហ្វាំងឡង់​ស្ទើរ​តែ​ប្រាកដ​ជា​ដាក់​ពាក្យ​ជា​សមាជិក​ណាតូ

កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១ ឧសភា ​រដ្ឋមន្ត្រី​ការបរទេស​ស៊ុយអែត​លោកស្រី​អាន់ លីនដេ​និយាយ​ថា​ប្រទេស​ជិត​ខាង​ហ្វាំងឡង់​ស្ទើរ​តែ​ប្រាកដ​ជា​ដាក់​ពាក្យ​ ​ដើម្បី​ចូល​ជា​សមាជិក​សម្ព័ន្ធភាព​យោធា​ណាតូ​។

ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន បាន​ធ្វើ​ឱ្យ​ប្រទេស​ស៊ុយអែត និង​ប្រទេស​ហ្វាំងឡង់​ ធ្វើ​ការ​ពិចារណា​ឡើង​វិញ​នូវ​ជំហរ​អព្យាក្រឹតភាព​យោធា​របស់​ពួកគេ​ ខណៈ​ពេល​ដែល​ការ​ស្ទង់​មតិ​សាធារណ​បាន​បង្ហាញ​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ថា​ភាគ​ច្រើន​នៃ​ប្រជាជន​របស់​ពួកគេ​បាន​ផ្លាស់​ប្ដូរ​មតិ​មក​គាំទ្រ​ការ​ចូល​ជា​សមាជិក​យោធា​លោក​ខាង​លិច​នេះ​។

ក្នុង​បទសម្ភាសន៍​ជាមួយ​នឹង​ប៉ុស្តិ៍​ទូរទស្សន៍​ SVT លោក​ស្រី​លីនដេ​បាន​និយាយ​ថា​៖ «យើង​ដឹង​ស្ទើរ​តែ​ច្បាស់​ថា​ពួកគេ (ហ្វាំងឡង់) នឹង​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​ណាតូ។ ហើយ​វា​នឹង​ផ្លាស់​ប្ដូរ​តុល្យភាព​ទាំង​មូល។ ប្រសិន​បើ​ប្រទេស​ណា​មួយ​របស់​យើង​ចូលរួម យើង​ដឹង​ថា​ភាព​តានតឹង​នឹង​កើន​ឡើង»​។

នៅ​ពេល​សួរ​ថា​លោក​ស្រី​គិត​ថា​ហ្វាំងឡង់​ នឹង​ចូល​ជា​សមាជិក​ណាតូ​ដែរ ឬ​ទេ​ លោក​ស្រី​ឆ្លើយ​ថា​៖ «ខ្ញុំ​គិត​ថា​យើង​អាច​និយាយ​បាន​ថា​ប្រាកដ​ណាស់»​។

ទាំង​ស៊ុយអែត​ និង​ហ្វាំងឡង់​ ត្រូវ​បាន​គេ​រំពឹង​ថា​នៅ​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ ពួកគេ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​តើ​គួរ​ចូល​ជា​សមាជិក​អង្គការ​ណាតូ​ដែរ​ ឬ​ទេ។ កាល​ពី​ថ្ងៃ​សុក្រ​រដ្ឋមន្ត្រី​ការបរទេស​ហ្វាំងឡង់​លោក​ប៉េកកា ហាវីស្តូ​និយាយ​ថា​លោក​សង្ឃឹម​ថា​ហ្វាំងឡង់ និង​ស៊ុយអែត​ នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ស្រដៀង​គ្នា​ នៅ​ពេល​តែ​មួយ​៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner