សង្គ្រាមអ៊ុយក្រែន, ការបិទខ្ទប់ប្រទេសចិន ៧០ ភាគរយនៃក្រុមហ៊ុនធំៗបំផុតរបស់អាស៊ី បានធ្លាក់ចុះ
ប្រមាណ ៧០ ភាគរយនៃក្រុមហ៊ុនធំរបស់អាស៊ីបានបាត់បង់តម្លៃភាគហ៊ុនរបស់ពួកគេក្នុងរយៈពេលពីរខែដំបូងនៃការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ខណៈពេលវិនិយោគិនមានភាពភ័យខ្លាចអំពីវិបត្តិសេដ្ឋកិច្ច ចេញពីសង្គ្រាមនេះ និងការបិទខ្ទប់កូវីដ-១៩យ៉ាងតឹងរ៉ឹងនៅមជ្ឈមណ្ឌលឧស្សាហកម្មរបស់ប្រទេសចិន។
តម្លៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Tencent Holdings, Taiwan Semiconductor Manufacturing Company, និង Samsung បានធ្លាក់ចុះ ខណៈពេលដែលតម្លៃវត្ថុធាតុដើមកើនឡើង ហើយខ្សែសង្វាក់ផ្គត់ផ្គង់កំពុងប្រឈមមុខជាមួយនឹងបញ្ហាជាច្រើន។ ប៉ុន្តែតម្លៃភាគហ៊ុននៃក្រុមហ៊ុនថាមពល និងទំនិញនៅប្រទេសឥណ្ឌា ថៃ និងម៉ាឡេស៊ី បានកើនឡើងខណៈពេលដែលតម្លៃផលិតផលរបស់ពួកគេកើនឡើង។
ទស្សនាវដ្ដី Nikkei Asia បានធ្វើការប្រៀបធៀបទិន្នន័យភាគហ៊ុនរបស់ក្រុមហ៊ុនអាស៊ីធំៗ រវាងថ្ងៃទី២៣ កុម្ភៈ មួយថ្ងៃមុនការចាប់ផ្ដើមការឈ្លានពានរបស់រុស្ស៊ី ដល់ថ្ងៃទី២២ ខែមេសា។ គេរកឃើញថាក្នុងចំណោមក្រុមហ៊ុនចំនួន ៦២៧ ដែលមានតម្លៃលើសពី ១០ ពាន់លានដុល្លារ ៣១ ភាគរយបានឃើញការកើនឡើងតម្លៃ ខណៈពេលដែល ៦៩ ភាគរយបានបាត់បង់តម្លៃ ក្នុងរយៈពេលពីរខែនេះ។
មុនសង្គ្រាមកើតឡើង ទីផ្សារហិរញ្ញវត្ថុបានរងផលប៉ះពាល់រួចទៅហើយ ដោយការផ្លាស់ប្ដូរគោលនយោបាយរូបិយវត្ថុរបស់អាមេរិកឱ្យតឹងរ៉ឹងជាងមុន ខណៈពេលដែលពួកគេកំពុងទប់ទល់នឹងការកើនអត្រាអតិផរណាក្នុងអំឡុងពេលងើបឡើងវិញពីវិបត្តិកូវីដ-១៩។ ការឈ្លានពានរបស់រុស្ស៊ី បានបង្កការភ័យខ្លាចនៅលើទីផ្សារអន្តរជាតិ ប៉ះពាល់ដោយផ្ទាល់លើប្រទេសដែលមានទំនាក់ទំនងសេដ្ឋកិច្ចជិតស្និតជាមួយរុស្ស៊ី ហើយបង្កឱ្យមានការកើនឡើងតម្លៃថាមពល និងស្រូវសាលី។
អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនគឺកំពុងធ្លាក់ ជាមួយនឹងអត្រាកំណើននៃការនាំចេញមិនរីកចម្រើន ដោយមានការកើនជិតដល់សូន្យភាគរយកាលពីខែមិនា។ ស្របពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកបានបង្កើនអត្រាការប្រាក់របស់ខ្លួនដើម្បីទប់ទល់នឹងការកើនឡើងអត្រាអតិផរណា ប៉ុន្តែការធ្វើបែបនេះក៏បានដាក់ការរឹតបន្តឹងលើទីផ្សារបំណុលពិភពលោក ដែលនឹងរារាំងកំណើនសេដ្ឋកិច្ច។
ភាគហ៊ុនធំៗរបស់ចិន បានដឹកនាំការធ្លាក់ចុះក្នុងតំបន់សម្រាប់រយៈពេលពីរខែចុងក្រោយនេះ។ តម្លៃក្រុមហ៊ុនកក់មធ្យោបាយធ្វើដំណើរ DiDi Global ដែលកំពុងស្ថិតក្នុងដំណើរដកខ្លួនចេញពីទីផ្សារភាគហ៊ុនក្រុងញូវយ៉ក បានធ្លាក់ចុះ ៥៩ ភាគរយ ដែលជាការធ្លាក់ចុះខ្លាំងបំផុតក្នុងចំណោមក្រុមហ៊ុនទាំង ៦២៧។ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក JD.com បានធ្លាក់ចុះ ២៧ ភាគរយ ក្រុមហ៊ុន Tencent និងក្រុមហ៊ុន Alibaba Group បានធ្លាក់ចុះ ២៣ ភាគរយ។
តម្លៃភាគហ៊ុនបច្ចេកវិទ្យាទាំងនេះ គឺក្នុងចំណោមភាគហ៊ុនងាយរងគ្រោះបំផុត ពីការកើនឡើងអត្រាការប្រាក់ ដោយការធ្វើបែបនេះគឺនឹងបន្ទាបតម្លៃប្រាក់ចំណូលនាពេលអនាគតរបស់ពួកគេ។ ក៏ប៉ុន្តែការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុគឺមិនមែនជាកត្តាតែមួយគត់ប៉ុណ្ណោះនោះទេ ដែលបង្កឱ្យមានការធ្លាក់ចុះបែបនេះ។
បើក្រឡេកមើលដំបូងវិបត្តិជំងឺកូវីដ-១៩ វិធានការបិទខ្ទប់ និងវិធានការដាក់កម្រិតលើការធ្វើដំណើរ គឺគួរតែបង្កើនតម្រូវការសម្រាប់សេវាកម្មឌីជីថល ដូចជាគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក ហើយធ្វើឱ្យក្រុមហ៊ុនទាំងនេះមានកំណើនតម្លៃ ប៉ុន្តែស្ថានភាពជាក់ស្ដែងគឺផ្ទុយពីនេះ។ អ្នកវិភាគមួយចំនួននិយាយថាវិធានការដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលក្រុងប៉េកាំងដើម្បីទប់ទល់នឹងការឆ្លងជំងឺកូវីដ-១៩ បានរារាំងយ៉ាងខ្លាំងទៅលើវិស័យខ្សែសង្វាក់ផ្គត់ផ្គង់ និងដឹកជញ្ជូន ដូច្នេះបើទោះបីជាមានការកើនឡើងតម្រូវការក៏ដោយ ក្រុមហ៊ុនទាំងនេះក៏មិនអាចបំពេញការងាររបស់ខ្លួនបានទេ។ អ្នកមួយចំនួនក៏និយាយថាការភ័យខ្លាចថាប្រទេសចិនមិនអាចបំពេញគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួន ក៏ធ្វើឱ្យវិនិយោគិនមួយចំនួនបោះបង់ភាគហ៊ុនចិនផងដែរ។
នៅក្រៅប្រទេសចិន ក្រុមហ៊ុន SEA របស់សិង្ហបុរី ដែលប្រឈមមុខនឹងការខាតបង់រួចទៅហើយ បានធ្លាក់ចុះ ២៧ ភាគរយបន្ថែមទៀត ខណៈពេលដែលក្រុមហ៊ុនហ្គេមអនឡាញ និងពាណិជ្ជកម្មអេឡិចត្រូនិកនេះកំពុងប្រឈមនឹងការកើនឡើងនៃអត្រាការប្រាក់។ ក្រុមហ៊ុន TSMC របស់តៃវ៉ាន់បានធ្លាក់ចុះ ១១ ភាគរយ ក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូងបានធ្លាក់ចុះ ៨ ភាគរយ ក្នុងរយៈពេលពីរខែបន្ទាប់ពីការចាប់ផ្ដើមនៃសង្គ្រាមអ៊ុយក្រែន។
កាលពីខែមុនក្រុមហ៊ុន Samsung បានផ្អាកការដឹកជញ្ជូនទូរស័ព្ទ និងផលិតផលដទៃទៀតទៅប្រទេសរុស្ស៊ី ខណៈពេលដែលពួកគេចូលរួមជាមួយក្រុមហ៊ុនលោកខាងលិចក្នុងការដកខ្លួនចេញពីប្រទេសនេះ។ ការបិទខ្ទប់ទីក្រុងសៀងហៃ ក៏បានបង្កឱ្យប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុននេះដែរ។
ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនដែលមើលឃើញការកើនឡើងតម្លៃភាគហ៊ុន គឺក្រុមហ៊ុនក្នុងវិស័យថាមពល និងទំនិញសំខាន់ៗ។
ក្រុមហ៊ុន Adani Total Gas របស់ឥណ្ឌាបានទទួលផលប្រយោជន៍ខ្ពស់ជាងគេ ដោយមានកំណើនតម្លៃរហូតដល់ ៤៩% ឯណោះ។ ក្រុមហ៊ុននេះផ្ដល់សេវាផ្គត់ផ្គង់ឧស្ម័នធម្មជាតិទៅឱ្យភ្ញៀវអតិថិជនដូចជារោងចក្រ និងប្រជាជនទូទៅ។ នៅប្រទេសថ្ងៃក្រុមហ៊ុនប្រេង PTT Exploration and Production បានឃើញការកើនឡើង ១៤ ភាគរយខណៈពេលដែលក្រុមហ៊ុនប្រេង Petronas របស់រដ្ឋម៉ាឡេស៊ីបានកើនឡើង ១២ ភាគរយ។
ក្រុមហ៊ុនឥណ្ឌូនេស៊ី Astra International ដែលមានមុខរបរជាច្រើនចាប់ពីការផលិតរថយន្ត ជីករ៉ែធ្យូងថ្ម រហូតដល់ការចម្រាញ់ប្រេងដូង បានឃើញកើនឡើងតម្លៃរហូតដល់ ២៥ ភាគរយ។ ការកើនតម្លៃរបស់ក្រុមហ៊ុន Astra គឺបង្កដោយសារការកើនឡើងតម្រូវការសម្រាប់ធ្យូងថ្ម និងប្រេងដូង។
ស្ថានភាពរបស់ក្រុមហ៊ុន Astra គឺត្រូវបានគេចាត់ទុកជារង្វាស់សម្រាប់សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី ដោយក្រុមហ៊ុននេះមានពាក់ព័ន្ធនឹងវិស័យសំខាន់ស្ទើរទាំងអស់របស់ប្រទេសនេះ។ ពិតណាស់សូចនាករទីផ្សារភាគហ៊ុនរបស់ឥណ្ឌូនេស៊ីបានកើនឡើង ៤ ភាគរយក្នុងរយៈពេលពីរខែ ដែលប្រសើរជាងប្រទេសជិតខាងរបស់ខ្លួន៕

ប្រភព៖ Nikkie Asia