អ៊ុយក្រែនអះអាងថាក្រុមផ្ដាច់ខ្លួននៅប្រទេសម៉ូលដាវីគឺកំពុងត្រៀមចូលរួមជាមួយការឈ្លានពានរុស្ស៊ី
រដ្ឋាភិបាលក្រុងគៀវបានអះអាងថាក្រុមផ្ដាច់ខ្លួនគាំទ្រដោយក្រុងម៉ូស្គូ នៅតំបន់ត្រងនីស្ត្រៀ របស់ប្រទេសម៉ូលដាវី គឺកំពុងត្រៀមខ្លួនឆ្លងព្រំដែនដើម្បីចូលរួមការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។
តំបន់ត្រង់នីស្ដ្រៀគឺជាដែនដីប្រវែង ៤០០ គីឡូម៉ែត្រនៅជាប់ជាមួយប្រទេសអ៊ុយក្រែន។ ដែនដីនេះមានប្រជាជនជាង ៤៧០,០០០ នាក់ ហើយត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិថាជាទឹកដីរបស់ប្រទេសម៉ូលដាវី ប៉ុន្តែចាប់ពីឆ្នាំ ១៩៩២ មកត្រូវបានគ្រប់គ្រងដោយក្រុមផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៊ី។
រដ្ឋាភិបាលអ៊ុយក្រែន និងម៉ូលដាវី បានព្រមានថាការផ្ទុះគ្រាប់បែកថ្មីៗនេះនៅក្នុងតំបន់ត្រង់នីស្ត្រៀ គឺជាផ្នែកមួយនៃផែនការរបស់រុស្ស៊ីដើម្បីបង្កអស្ថិរភាពនៅក្នុងប្រទេសម៉ូលដាវី ហើយអាចបង្កើតជាលេសដើម្បីឱ្យក្រុមផ្ដាច់ខ្លួនចូលរួមជាមួយកងកម្លាំងរុស្ស៊ី។
កាលពីដើមសប្ដាហ៍មុនឧបនាយករដ្ឋមន្ត្រីម៉ូលដាវីលោកនីកូ ប៉ូប៉េស្គូ និយាយថាភាពច្រើននៃប្រជាជនម៉ូលដាវី រួមទាំងប្រជាជននៅតំបន់ត្រង់នីស្ត្រៀ គឺប្រឆាំងការចូលរួមសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែការផ្ទុះគ្រាប់បែកខាងលើគឺកំពុងបង្កើនភាពតានតឹង។
កាលពីថ្ងៃអាទិត្យ ទី១ ឧសភានាយកដ្ឋានចារកម្ម របស់ក្រសួងការពារជាតិអ៊ុយក្រែន បានបង្ហោះរូបភាពទំព័រដំបូងនៃកាសែតមួយរបស់ក្រុមផ្ដាច់ខ្លួននៅត្រង់នីស្ត្រៀ ដែលកាលបរិច្ឆេទថ្ងៃចន្ទ ទី២ ឧសភា ហើយមានរាយការណ៍អំពីការវាយប្រហារដែលនៅមិនទាន់កើតឡើងនៅឡើយទេ។ នាយកដ្ឋាននេះ បានអះអាងថា រុស្ស៊ី និងក្រុមផ្ដាច់ខ្លួនគឺកំពុងត្រៀមធ្វើការវាយប្រហារលើខ្លួនឯង ហើយចោទប្រកាន់អ៊ុយក្រែន ឬលោកខាងលិច ដើម្បីបង្កើតលេសចូលរួមជាមួយកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន។
នាយកដ្ឋានចារកម្មអ៊ុយក្រែនមិនបានបញ្ជាក់ថាពួកគេបានរូបភាពកាសែតនេះមកពីឯណាទេ ហើយនិពន្ធនាយកនៃកាសែតក្រុមផ្ដាច់ខ្លួនបានច្រានចោលការបង្ហោះរូបភាពនេះថា «ក្លែងក្លាយ»៕


ប្រភព៖ News Week