កម្ពុជារៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ាស្នើ បង្កើតក្របខណ្ឌរៀបចំផ្តល់ជំនួយ (Video Inside)
កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា បានបញ្ចប់ ទៅនៅថ្ងៃទី៦ឧសភានេះដោយក្រុមអ្នកចូលរួមបានស្នើរកការបង្កើតក្របខណ្ឌរៀបចំផ្តល់ ជំនួយមនុស្សធម៌របស់អាស៊ាននៅមីយ៉ាន់ម៉ា។
ប្រទេសមីយ៉ាន់ម៉ា ក្រោយព្រឹត្តិការណ៍ផ្តួលរំលំ មេដឹកនាំរដ្ឋាភិបាលលោកស្រីអោងសានស៊ូជី កាលពីដើមខែកុម្ភៈឆ្នាំ២០២១នោះមក បានរងនឹងអំពើចលាចល និងការវាយប្រហារបង្ហូរឈាមរវាងគ្នាទៅវិញទៅមក ដែលព្រឹត្តិការណ៍នោះ ហើយបានតម្រូវឱ្យអាស៊ានចេញនូវគោលការណ៍កុងសុងស៊ុស៥ចំណុច ដើម្បីរកដំណោះ ស្រាយ និងសន្តិភាពសាឡើងវិញ ក្នុងនោះរួមមានការស្វែងរកជំនួយមនុស្សធម៌ដល់ពលរដ្ឋ រងគ្រោះដែលខ្វះខាតពិតប្រាកដ។
ប្រេសិតពិសេសនៃប្រធានអាស៊ាន លោក ប្រាក់ សុខុន បានថ្លែងថា កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ត្រូវបានគេស្នើបង្កើតក្របខណ្ឌយ៉ាងនេះ។
កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ានេះ បាន ធ្វើឡើងនៅមុនដំណើរទស្សនកិច្ចជាលើកទី២របស់ប្រេសិតពិសេសប្រធានអាស៊ានលោក ប្រាក់ សុខុន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលរំពឹងថាគ្រោងធ្វើនាចុងខែឧសភានេះ។
គួរបញ្ជាក់ថាក្នុងដំណើរទស្សនកិច្ចលើកទី១របស់ប្រេសិតពិសេសប្រធានអាស៊ានកាលពី ខែមីនាកន្លងមក នៅមិនទាន់បានជួប ជាមួយនឹងភាគីនយោបាយសំខាន់ៗ ដែលជាប់ពាក់ព័ន្ធ នោះឡើយ។
ប្រធានអាស៊ានសម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចពិភាក្សាមួយតាមប្រព័ន្ធវីដេអូ ក្នុងសប្តាហ៍នេះ ជាមួយនាយឧត្តមសេនីយ៍ មីង អោងឡាំង បានគូសបញ្ជាក់សារជាថ្មីអំពី សារៈសំខាន់ នៃដំណើរបេសកជនពិសេស ដើម្បីរកការជួបគ្រប់ភាគីពាក់ព័ន្ធ ដូចជា លោក ស្រី អោង សានស៊ូជី និងអតីតប្រធានាធិបតីលោក វីនមីយីន នោះជាដើម។
នាយឧត្តមសេ នីយ៍មីនអោងឡាំង បានថ្លែងសន្យាថា គេនឹងជួយសម្រួលដល់កិច្ចប្រជុំជាមួយ ភាគីពាក់ ព័ន្ធនានាក្នុងដំណើរទស្សនកិច្ចនាពេលខាងមុខនេះ។