ប្រេសិតពិសេសប្រធានអាស៊ានបញ្ជាក់ជំហរដោះស្រាយបញ្ហាមីយ៉ាន់ម៉ា (Video Inside)
ប្រេសិតពិសេសនៃប្រធានអាស៊ាន បានប្រាប់អនុរដ្ឋមន្ត្រីការបរទេស អាមេរិកលោកស្រី Wendy Sherman ថាលោកនឹងស្នើសុំឱ្យមានកិច្ចប្រជុំជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅមីយ៉ាន់ម៉ា។
ការបញ្ជាក់ប្រាប់របស់លោក ប្រាក់ សុខុន ដែលជារដ្ឋមន្ត្រីការបរទេសកម្ពុជា បានធ្វើឡើងក្នុងសប្តាហ៍នេះនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ក្នុងឳកាសជួបពិភាក្សាការងារជា មួយនឹងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក ពាក់ព័ន្ធនឹង ស្ថានភាពនិងស្ថាន ការណ៍នយោបាយ ក្នុងប្រទេសមីយ៉ាន់ម៉ា។
យោងតាមក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការស្នើសុំឱ្យមានកិច្ចប្រជុំជា មួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស លោកស្រី អោង សាន់ស៊ូជី និង លោកអតីតប្រធានាធិបតី វីន មីន នោះជាដើម។
ការបញ្ជាក់ប្តេជ្ញាស្នើជួបភាគីមីយ៉ាន់ម៉ាពាក់ព័ន្ធទាំងអស់នេះ បានធ្វើឡើងនៅមុនពេលដែល ប្រេសិតពិសេសប្រធានអាស៊ាន ត្រៀមនឹងបំពេញទស្សនកិច្ចផ្លូវការជាលើកទី២ក្នុងក្រុងណៃ ពិដោរ នាចុងខែឧសភានេះ ថែមទៀត។
លោក ប្រាក់ សុខុន បានប្រាប់អនុរដ្ឋមន្ត្រីការបរទេស អាមេរិកនូវវិធីសាស្ត្ររបស់ខ្លួន ដើម្បីស្វែងរកការផ្សះផ្សារជាតិមីយ់ាន់ម៉ា និងបញ្ជាក់ទៀតថា វិធីសាស្រ្តដែលដើរ មួយជំហានម្តងៗ របស់កម្ពុជា ផ្តោតលើសកម្ម ភាពជាក់ស្តែង តាមរយៈការអនុវត្តយន្តការកសាងទំនុកចិត្ត និងភាពជឿជាក់ ក្នុងចំណោមភាគីពាក់ព័ន្ធផ្សេងៗ។