ឯកឧត្តម អ៊ុំ រាត្រី ជំរុញឲ្យអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធស្រុកថ្មពួក ត្រូវបន្តរួមគ្នា ការពារសន្តិភាព និងអភិវឌ្ឍន៍មូលដ្ឋាន
បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី បានធ្វើការក្រើនរម្លឹកដោយជំរុញដល់មន្ត្រី អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់នៅស្រុកថ្មពួក ត្រូវបន្តរួមគ្នាថែរក្សា ការពារសន្តិភាព និងអភិវឌ្ឍន៍មូលដ្ឋាន ឱ្យមានការរីកចម្រើន ធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខសាន្ដ មានជីវភាពកាន់តែប្រសើរបន្ថែមទៀត។ ឯកឧត្តមបានជំរុញបែបនេះ ក្នុងឱកាសឯកឧត្តមអញ្ជើញចូលរួមក្នុងពិធីប្រកាសលោក ម៉ែន សោ ភ័ណ ចូលកាន់មុខតំណែងជាអភិបាលរងស្រុកថ្មពួក នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ។

ឯកឧត្តម អ៊ុ រាត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុម-ប្រឹក្សា-ស្រុក គណៈអភិបាល ស្រុក អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអង្គភាពពាក់ព័ន្ធក្នុង ស្រុកទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍស្រុក ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈ សង្គមបានល្អប្រសើរ នាពេលកន្លងមកនេះ។ ជាមួយនេះដែរ ឯកឧត្តមក៏បានថ្លែងនូវការអបអរសាទរ និងបានផ្ដាំផ្ញើចំពោះ អភិបាលរងស្រុកដែលទើបទទួលការតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការចូលរួមក្នុងដំណើរការអភិវឌ្ឍន៍មូលដ្ឋានឱ្យមានការផ្លាស់ប្តូររីកចម្រើនថែមទៀត។

ដោយឡែក អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវបន្តចាត់តាំងការអនុវត្តន៍យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពធ្វើយ៉ាងណាបង្ការទប់ស្កាត់ និងបង្រ្កាបឱ្យបានចំពោះបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសប្លន់ប្រដាប់អាវុធ គ្រឿងញៀន ល្បែងស៊ីសង និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើរជាមួយប្រទេសជិតខាងយើង គឺប្រទេសថៃ ពិសេសស្រុកដែលមានភូមិសាស្ត្រជាប់គ្នា ដើម្បីរួមគ្នាថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ព្រំ ដែននិងការបង្ការទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ។

ត្រូវបង្កើនការចុះធ្វើវេទិកាសាធារណៈស្តីពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឱ្យបានទូលំទូលាយ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានយល់ច្បាស់ហើយចូលរួមទាំងអស់គ្នា។ ការងារដែលសំខាន់ទៀតនោះ ហើយត្រូវតែរួមគ្នាគិត រួមគ្នាធ្វើក្នុងការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈជូនដល់ ប្រជាពលរដ្ឋឱ្យបានលឿន ទាន់ពេលវេលា ដើម្បីបង្កើនជំនឿរបស់ប្រជាពលរដ្ឋលើការដឹកនាំរបស់រាជរដ្ឋាភិបាលសំដៅ ចូលរួមអភិវឌ្ឍន៍មូលដ្ឋានយើងឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕ធ.ដ
ដោយ៖ឃិន គន្ធា


