អាជ្ញាធរខណ្ឌច្បារអំពៅចុះរៀបចំសណ្តាប់ធ្នាប់ និងបោសសំអាតផ្លូវជាតិលេខ១

អត្ថបទដោយ៖
Kien Sereyvuth

ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់នៅលើដងនានាក្នុងភូមិសាស្ត្រខណ្ឌឲ្យមានរបៀបរៀបរយ នៅព្រឹកថ្ងៃទី២២ ខែតុលាឆ្នាំ២០១៩អាជ្ញាធរខណ្ឌច្បារអំពៅបានចុះបោសសំអាតផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់ព្រំប្រទល់សង្កាត់វាលស្បូវ។

ដោយមានការណែនាំពីលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ  កម្លាំងសន្តិសុខ ប្រចាំសាលាខណ្ឌបានចុះ រៀបចំសណ្តាប់ និងសម្អាតបរិស្ថានដោយប្រើប្រាស់រថយន្តបូមខ្សាច់ចេញពីលើផ្លូវជាតិលេខ១ ដែលខ្សាច់ទាំងនេះធ្លាក់ចេញពីរថយន្តដឹកខ្សាច់ចេញពីដេប៉ូលក់ខ្សាច់ និងបូមខ្សាច់នៅចំនុចភូមិបឹងស្នោ សង្កាត់និរោធ ។  ក្នុងនោះក្រុមសន្តិសុខប្រចាំនៅសាលាខណ្ឌច្បារអំពៅបាននាំគ្នាបោសសំអាតដីខ្សាច់ដែលធ្លាកមកលើផ្លូវ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជាតិលេខ១ ជាពិសេសនៅតំបន់ស្មុគ្រស្មាញ ដូចជាផ្សារព្រែកឯង និងផ្សារច្បារអំពៅ ។ដីខ្សាច់ទាំងអស់នេះធ្លាក់ចេញពីឡានដឹកខ្សាច់ និងឡានដីកដី ព្រោះនៅក្នុងភូមិសាស្ត្រសង្កាត់និរោធ និងសង្កាត់វាលស្បូវ សំបូរទៅដោយដេប៉ូលក់ខ្សាច់ និងទីតាំងក្រឡុកស៊ីម៉ង់ត៍ ។

សូមបញ្ជាក់ថាបញ្ហាសណ្តាប់ បរិស្ថាន អនាម័យ នៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅមានភាពស្មុគ្រស្មាញគឺនៅតាមបណ្តោយផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់តំបន់ច្រាំងបាក់សំបូរទៅដោយដេប៉ូលក់ឈើហើយរថយន្តដឹកឈើប្រភេទយីឌុប ភ្លៅ៤ ភ្លៅ៥ ចូលចតទាំងថ្ងៃទាំងយប់  មួយផ្នែកទៀតនៅតំបន់ផ្សាចាមក្នុងសង្កាត់ព្រែកប្រាក៏កំពុងតែធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ផងដែរ ។  ដោយឡែកនៅតាមបណ្តោយផ្លូវជាតិលេខ១ ដែលជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មានភ្ញៀវទេសចរអន្តរជាតិឆ្លងកាត់ជារៀងរាល់ថ្ងៃ ត្រូវបានអាជ្ញាធរខណ្ឌច្បារអំពៅយកចិត្តទុកដាក់ចុះរៀបចំសណ្តាប់ធ្នាប់ជាប្រចាំ ។

ទោះជាមានការយកចិត្តទុកដាក់ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងបរិស្ថានអនាម័យយ៉ាងណាក៏ដោយ  អ្នកលក់ដូរមួយចំនួននៅមិនទាន់ចូលរួមជាមួយអាជ្ញាធរឡើយ ពោលគឺនៅតែរំលោភលើដីចំណីផ្លូវដាក់តាំងលក់ទំនិញសព្វសារពើរដដែល ជាពិសេសក្នុងសង្កាត់វាលស្បូវ និងសង្កាត់ព្រែកឯង  មកដល់ថ្ងៃនេះចិញ្ចើមផ្លូវជាតិលេខ១នៅក្នុងសង្កាត់វាលស្បូវ និងសង្កាត់ព្រែកឯងមិនទាន់មានសណ្តាប់ធ្នាប់នៅឡើយទេ ៕ធ.ដ

សណ្តោស

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner