អគារសិក្សា ជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះមហាក្សត្រ នៅស្រុកបរិបូរណ៌ កសាងបានជាង២០%ហើយ
កំពង់ឆ្នាំង៖ អគារសិក្សាចំនួន២ខ្នង គឺអគារសាលាបឋមសិក្សា និងអគារអនុវិទ្យាល័យសេះស្លាប់ ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចទ្រង់សព្វព្រះរាជហឬទ័យប្រទានជូនប្រជាពលរដ្ឋនៅក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ មកដល់ពេលនេះដំណើរការកសាងបានប្រមាណ២០%ហើយ។
លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌បានឲ្យដឹងថា កន្លងមកប្រជាពលរដ្ឋនៅក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ចំនួន២២៩គ្រួសារ ដែលបានបំលាស់ទីផ្ទះបណ្តែតទឹកឡើងមករស់នៅលើគោក ចំណែកសាលារៀន ក៏ត្រូវផ្លាស់ទីឡើងគោកតាមប្រជាពលរដ្ឋដែរ ប៉ុន្តែសាលាធ្វើអំពីឈើបែកបាក់ទ្រុតទ្រោមអស់ទៅហើយ។ ក្រោយពីការបំលាស់ទីមកនៅលើគោក សាលារៀនសេះស្លាប់ បានជួបការលំបាកច្រើនណាស់។
ពេលនោះរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរ បានដាក់សំណើស្នើសុំសាលាដល់សម្ដេចចៅហ្វាវាំង គង់ សំអុល ប្រធានក្រុមការងារចុះជួយខេត្តកំពង់ឆ្នាំង។ ហើយបន្ទាប់មក ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទ្រង់សព្វព្រះរាជហឬទ័យ កសាងសាលាបឋមសិក្សា និងអនុវិទ្យាល័យនេះឡើង ប្រទានជូនកូនចៅប្រជាពលរដ្ឋនៅក្នុងភូមិសេះស្លាប់ បានរៀនសូត្រគ្រប់ៗគ្នា។
សាលាថ្មីនេះ មានចំនួន២ខ្នង ១ខ្នងមាន៦បន្ទប់ ជាសាលាបឋមសិក្សា និង១ខ្នងទៀត មាន៦បន្ទប់ដូចគ្នា ជាសាលាអនុវិទ្យាល័យ។ សិស្សដែលបានចូលរៀនក្នុងសាលានេះមានចំនួន២៤៨នាក់ មានគ្រូ៦នាក់ (ស្រី២)។ បច្ចុប្បន្ន សាលាបឋម និងអនុវិទ្យាល័យសេះស្លាប់ មិនត្រឹមតែទទួលសិស្ស តែក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ប៉ុណ្ណោះទេ សិស្សដែលមានលំនៅដ្ឋានជាប់ព្រំប្រទល់ គឺក្នុងឃុំខុនរ៉ង ក៏មករៀននៅសាលានេះដែរ។
លោកមេឃុំឆ្នុកទ្រូ តំណាងឲ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិសេះស្លាប់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារសម្ដេចចៅហ្វាវាំង គង់ សំអុល ជាពិសេសសូមថ្លែងអំណរព្រះរាជគុណថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ដែលបានប្រទានអគារសិក្សាខាងលើនេះ និងសូមគោរពថ្វាយព្រះពរព្រះករុណា ព្រះមហាក្សត្រ សូមព្រះអង្គមានព្រះជន្មាយុយឺនយូរ គង់ជាម្លប់ គ្រប់គ្រងកូនចៅ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការអភិឌ្ឍប្រទេសជាតិ ឲ្យបានសម្បូរសប្បាយរុងរឿងរហូតតរៀងទៅ។
សូមរំឮកថា បន្ទាប់ពីអាជ្ញាធរខេត្តបានរៀបចំបំលាស់ទីផ្ទះបណ្តែតទឹកឲ្យឡើងគោករួចមក សាលារៀន ក្នុងឃុំឆ្នុកទ្រូ មាន២កន្លែង គឺក្នុងភូមិយុគន្ធ និងភូមិសេះស្លាប់ ក៏ត្រូវឡើងគោកតាមសិស្សដែលជាកូនចៅរបស់ប្រជាពលរដ្ឋដែរ ប៉ុន្តែសាលាបឋម និងអនុវិទ្យាល័យយុគន្ធ ត្រូវបានអគ្គិភ័យឆាប់ឆេះខ្ទេចទាំងស្រុងតែម្តង បច្ចុប្បន្នសិស្សនៃសាលាមួយនេះកំពុងរៀននៅក្នុងវត្តយុគន្ធ ជាបណ្តោះអាសន្ន រង់ចាំចូលរៀនសាលាថ្មី ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះមហាក្សត្រ ដែលកំពុងសាងសង់ដូចសាលារៀនសេះស្លាប់ដែរ៕ធ.ដ
ដោយៈ គឹម សៀន