រាជធានីភ្នំពេញ និងខេត្តបារៀ-វង់កាវ នៃប្រទេសវៀតណាម ជំរុញកិច្ចការតភ្ជាប់វិស័យ ទេសចរណ៍ជាមួយគ្នា
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញជំរុញការតភ្ជាប់វិស័យទេសចរណ៍រវាងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងខេត្តបារៀ-វង់តាវ នៃប្រទេសវៀតណាម ដើម្បីទាក់ទាញភ្ញៀវទេសចរ នៃប្រទេសទំាង២ឲ្យទៅទស្សនាកម្សាន្តទៅវិញទៅមកឲ្យកាន់តែច្រើន។
ឯកឧត្ត ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចង់ឲ្យមានការភ្ជាប់ទំនាក់ទំនងរវាងវិស័យដឹកជញ្ជូនអ្នកដំណើរតាមរយៈរថយន្តក្រុងពីរាជធានីភ្នំពេញទៅខេត្តបារៀ-វង់កាវ នៃប្រទេសវៀតណាម ឬពីខេត្តខេត្តបារៀ-វង់កាវ មកកាន់រាជធានីភ្នំពេញវិញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកទេសចរនៃប្រទេសទាំងពីរ បានទៅទស្សនាកម្សាន្តនៅតំបន់ទេសចរណ៍សំខាន់ៗ ទាំងនៅរាជធានីភ្នំពេញ និងខេត្តបារៀ-វង់កាវជាដើម។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានថ្លែងដូច្នេះក្នុងឱកាសទទួលស្វាគមន៍ក្រុមគណៈប្រតិភូវៀតណាមដែលដឹកនាំដោយឯកឧត្តម ង្វៀន ហុងលិញ សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបារៀ-វង់កាវ នៃប្រទេសវៀតណាម នៅព្រឹកថ្ងៃទី២១ ខែតុលានេះ ដើម្បីពិភាក្សាគ្នាលើគម្រោងភ្ជាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនទាំងសងខាង។
ឯកឧត្តម បានអះអាងថា គម្រោងតភ្ជាប់វិស័យទេសចរណ៍រវាងរាជធានី-ខេត្តនៃប្រទេសទាំងពីរនេះ និងជាកញ្ចប់ផលិតផលថ្មីក្នុងការទាក់ទាញភ្ញៀវទេសចរ ខណៈដែលរាជធានីភ្នំពេញ និងបារៀ-វង់តាវ សម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្រ្ត ដ៏ច្រើនដូចគ្នា។
ឥឡូវនេះ ក្រោមសេដ្ឋកិច្ចជាង៧ភាគរយជាង២ទស្សវត្សនេះ ប្រជាជនកម្ពុជារស់នៅ ក្នុងភាពស៊ីវិល័យ ក្នុងការធ្វើដំណើរកម្សាន្តទាំងក្នុងប្រទេស និងក្រៅប្រទេស។
ដូច្នេះហើយស្របពេលដែលទីក្រុងបារៀ-វង់កាវ នៃប្រទេសវៀតណាម និងរាជធានីភ្នំពេញ សម្បូរទៅដោយតំបន់ទេសចរណ៍ដូច្នេះ យើងត្រូវតែផ្លាស់ប្តូរវិស័យទេសចរណ៍ទៅវិញទៅមក ពិសេសការភ្ជាប់សេវារថយន្តក្រុងដោយផ្ទាល់ពីរាជធានីភ្នំពេញទៅបារៀ-វង់តាវ ឬពីបារៀ-វង់តាវ មកកាន់រាជធានីភ្នំពេញវិញ។ បន្ថែមពីនេះទៀត គឺការផ្លាស់ប្តូរវិនិយោគលើវិស័យទេសចរណ៍ ដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាជននៃប្រទេសទាំងពីរបានធ្វើដំណើរកម្សាន្តទៅវិញទៅមក។
ឯកឧត្តម ង្វៀន ហុងលិញ សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងប្រធានក្រុមប្រឹក្សាប្រជាជន ខេត្តបារៀ-វង់តាវ នៃប្រទេសវៀតណាមបានគាំទ្រចំពោះគម្រោងពង្រីកកិច្ចសហប្រតិបត្តិការ លើការផ្លាស់ប្តូរវិស័យទេសចរណ៍នេះថា នឹងជួយទាក់ទាញភ្ញៀវទេសចរទាំងសងខាងបានកាន់តែច្រើន៕ធ.ដ