រលកកំដៅកំពុងប៉ះពាល់ខ្លាំងដល់ដំណាំនៅឥណ្ឌា
ញ៉ូដេលី៖ ឥណ្ឌាបានហាមឃាត់ការនាំចេញស្រូវសាលី ដោយសាររលកកំដៅដ៏ក្តៅគគុកបានកាត់បន្ថយទិន្នផល ហើយតម្លៃក្នុងស្រុកបានឡើងដល់កម្រិតខ្ពស់បំផុត។
រដ្ឋាភិបាលឥណ្ឌានឹងនៅតែអនុញ្ញាតឱ្យនាំចេញដដែលសម្រាប់ក្រុមហ៊ុនដែលមានលិខិតឥណទានដែលបានចេញរួចហើយ និងសម្រាប់ការនាំចេញទៅកាន់ប្រទេសដែលស្នើសុំការផ្គត់ផ្គង់ «ដើម្បីបំពេញតម្រូវការសន្តិសុខស្បៀងរបស់ពួកគេ»។
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់រដ្ឋាភិបាលឥណ្ឌា ខណៈដែលបានថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយថា វិធានការហាមឃាត់ការនាំចេញទៅក្រៅប្រទេសរបស់ឥណ្ឌានេះធ្វើឡើងមិនជារៀងរហូតទេ ហើយអាចត្រូវបានកែប្រែឡើងវិញ។
រលកកម្តៅកំពុងវាយប្រហារតំបន់ដាំដុះស្រូវច្រើន ដោយសីតុណ្ហភាពក្នុងសប្តាហ៍នេះ នៅតំបន់ Punjab មាន ៤៤អង្សាសេ នៅ Uttar Pradesh ឡើងដល់ ៤២អង្សាសេ។
អ្នកទិញនៅទូទាំងពិភពលោក កំពុងពឹងផ្អែកលើការផ្គត់ផ្គង់ពីប្រទេសផលិតស្រូវសាលីធំជាងគេទីពីររបស់ពិភពលោកមួយនេះ បន្ទាប់ពីការនាំចេញពីតំបន់សមុទ្រខ្មៅបានធ្លាក់ចុះបន្ទាប់ពីមានបញ្ហារុស្ស៊ី អ៊ុយក្រែន។ មុនពេលប្រកាសអំពីការហាមឃាត់នេះ ឥណ្ឌាមានបំណងនាំចេញឱ្យបាន ១០លានតោនក្នុងឆ្នាំនេះ។
ក្រុមមន្ត្រីបានបន្ថែមថា មិនមានការធ្លាក់ចុះទិន្នផលស្រូវលាលីខ្លាំងនោះទេនៅឆ្នាំនេះ ប៉ុន្តែការនាំចេញដែលមិនមានការគ្រប់គ្រង បាននាំឱ្យមានការកើនឡើងតម្លៃក្នុងស្រុក៕ ប្រែសម្រួល៖ សារ៉ាត

