ជប៉ុន គ្រោងលើកលែងទោសដល់អ្នកទោសជាង៥០ម៉ឺននាក់ សាទរការឡើងគ្រងរាជ្យ របស់ព្រះចៅអធិរាជថ្មី
អត្ថបទដោយ៖
Kien Sereyvuth
រាជរដ្ឋាភិបាលជប៉ុន បានប្រកាសកាលពីចុងសប្តាហ៍ថា ឧក្រិដ្ឋជនជាងកន្លះលាននាក់ នឹងត្រូវបានលើកលែងទោស ហើយដោះលែងឲ្យមានសេរីភាព នៅសប្ដាហ៍នេះ ដើម្បីលើកទឹកចិត្តឱ្យកែខ្លួន និងស្តានីតិសម្បទាឡើងវិញ។ ការលើកលែងទោសនេះ នឹងត្រូវធ្វើឡើងក្នុងពិធីអបអរសាទរការឡើងគ្រងរាជ្យរបស់ព្រះចៅអធិរាជជប៉ុនថ្មី Naruhito នៅថ្ងៃអង្គារនេះ ដែលមានការចូលរួមពីឥស្សរជនមកពី១៧៤ប្រទេស ក៏ដូចជាអង្គការអន្ដរជាតិសំខាន់ៗ។
ព្រះចៅ Naruhito បានឡើងគ្រងរាជ្យកាលពីខែឧសភាកន្លងទៅ ក្រោយព្រះបិតាព្រះចៅ Akihito សម្រេចដាក់រាជ្យមុនមួយថ្ងៃ។ ការដាក់រាជ្យរបស់ព្រះចៅ Akihito គឺការដាក់រាជ្យមិនធ្លាប់មានអស់រយៈពេលជាង២សតវត្សក្នុងប្រវត្តិសាស្ត្រប្រទេស។ គួរឲ្យដឹងដែរថា ការលើកលែងទោសនេះ នឹងត្រូវផ្ដល់ឲ្យសម្រាប់តែអ្នកជាប់ទោសស្រាលៗ ដូចជា ការបំពានច្បាប់ចរាចរណ៍ជាដើម ហើយអ្នកដែលមានបញ្ហាសុខភាពក៏នឹងត្រូវបានរាប់បញ្ចូលផងដែរ៕ធ.ដ