អាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតថ្នាំញៀនមួយចំនួន

អត្ថបទដោយ៖
Kien Sereyvuth

ព្រះវិហារ៖ ជនសង្ស័យដែលជាមេក្លោងយ៉ាងសកម្មនៅក្នុងការចែកចាយថ្នាំញៀន ប្រចាំភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បើកប្រតិបត្តិការឆ្មក់ចុះបង្ក្រាបបានជាបន្តបន្ទាប់ ស្ថិតក្នុងភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នៅក្នុងការឆ្មក់ចុះបង្ក្រាបនេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការស្នាក់ការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត កាលពីថ្ងៃទី២០ ខែតុលាម្សិលមិញ។ នេះបើយោងតាមព័ត៌មានដែលភ្នាក់ងារទូរទស្សន៍អប្សរាប្រចាំខេត្តព្រះវិហារទទួលបាន នៅព្រឹកថ្ងៃច័ន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក.ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ។

លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរងទទួលបន្ទុកការងារព្រហ្មទណ្ឌ បានឲ្យដឹងថា នៅវេលាម៉ោង១២និង៥០នាទី ថ្ងៃទី២០ ខែតុលា ត្រង់ចំណុច UTM(485257-1572311) ស្ថិតក្នុងភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កម្លាំងបានចុះបង្ក្រាបករណីចែកចាយ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១)ឈ្មោះ ហម ណែត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទី២)ឈ្មោះ កន ចាវ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ដកហូតវត្ថុតាងបានរួមមាន៖ ១)ថ្នាំញៀន(ម៉ាទឹកកក) ចំនួន03កញ្ចប់ ទម្ងន់១២,២១ក្រាម ២)ទូរសព្ទដៃចំនួន២គ្រឿង ៣)ម៉ូតូម៉ាក Exciter ពណ៍ទឹកប៉ិច គ្មានស្លាកលេខចំនួន១គ្រឿង ៤)លុយខ្មែរចំនួន២៧០០០រៀល ៥)កាបូបដាក់លុយចំនួន១ រួមនឹងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនទៀត។

លោកអនុសេនីយ៍ឯក ជុន បូរ៉ា បានបញ្ជាក់បន្ថែមថា ក្រោយពីបានស្តាប់ចម្លើយបំភ្លឺរបស់ជនសង្ស័យឈ្មោះ ហម ណែត ថាថ្នាំញៀនទាំងបីកញ្ចប់ខាងលើ ខ្លួនបានទិញពីឈ្មោះ ជិន រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងតម្លៃ៣០០ដូល្លារ។ លោកបន្តថា រហូតដល់វេលាម៉ោង១៤និង៥៩នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចជំនាញបានបន្តចុះប្រតិបត្តិការឆែកឆេរ និងឃាត់ខ្លួនឈ្មោះ ជិន រដ្ឋា ដោយធ្វើការដកហូតវត្ថុតាងមួយចំនួនដូចជា៖ លុយខ្មែរចំនួន៦លានរៀល លុយដុល្លារចំនួន២១៥ដុល្លារ ទូរសព្ទដៃចំនួន១គ្រឿង ត្រង់ចំណុច UTM(491081-1572043) ស្ថិតក្នុងភូមិឃុំខាងលើ។

ជាមួយគ្នានោះ លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរងទទួលបន្ទុកការងារព្រហ្មទណ្ឌ ក៏បានបញ្ជាក់ឲ្យដឹងដែរថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនបន្តទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ចាត់ការបន្តតាមនីតិវិធី៕ធ.ដ

ដោយៈ សួន លីណា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner