លោក Joko Widodo ស្បថចូលកាន់តំណែងប្រធានាធិបតីឥណ្ឌូណេស៊ី ជាផ្លូវការ សម្រាប់អាណត្តិទី២
ឥណ្ឌូណេស៊ី៖ ពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo សម្រាប់អាណត្តិទីពីរ បានចាប់ផ្តើមប្រព្រឹត្តទៅយ៉ាងអធឹកអធមកាលពីល្ងាចថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ។
ពិធីស្បថចូលកាន់តំណែងនេះ បានរៀបចំឡើងនៅក្នុងវិមានរដ្ឋសភាឥណ្ឌូណេស៊ី ក្រោមវត្តមានភ្ញៀវកិត្តិយស និងឥស្សរជនជាច្រើនរូប រួមមានមេដឹកនាំ ក៏ដូចជាប្រតិភូមកពីតំបន់អឺរ៉ុប និងអាស៊ី។ ក្រៅពីលោក Widodo អនុប្រធានាធិបតីឥណ្ឌូណេស៊ី លោក Ma’ruf Amin ក៏ត្រូវស្បថចូលកាន់តំណែងក្នុងពិធីជាមួយគ្នានេះផងដែរ។ ក្រោយពីស្បថចូលកាន់តំណែង លោក Widodo នឹងប្រកាសពីសមាសភាពគណៈរដ្ឋមន្រ្តីអាណត្តិថ្មីនៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ។
សូមបញ្ជាក់ផងដែរថា លោក Joko Widodo បានបន្តជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូណេស៊ី សម្រាប់អាណត្តិទី២ ក្នុងការបោះឆ្នោតសកល ដែលបានប្រព្រឹត្តទៅកាលពីខែមេសា ឆ្នាំ២០១៩កន្លងមកនេះ។ ដោយមួយអាណត្តិប្រធានាធិបតីមានរយៈពេល៥ឆ្នាំ លោក Widodo នឹងត្រូវកាន់តំណែងរហូតដល់ឆ្នាំ២០២៤ ដែលវាគឺជាអាណត្តិចុងក្រោយរបស់លោក៕ធ.ដ