លួចទ្រព្យសម្បត្តិមិនបានសម្រេច ត្រូវជាប់ខ្នោះសមត្ថកិច្ច
ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ (មិនសម្រេច) នៅបន្ទប់ជួលលេខ០៧ ផ្លូវ៣៥៧ ភូមិដើនស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន កាលពីយប់ថ្ងៃទី២០តុលាម្សិលមិញ។ ម្ចាស់បន្ទប់ឈ្មោះ ចែម សម្បូរ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ ប្រធានសមាគមទន្លេបាសាក់ ស្នាក់នៅបន្ទប់កើតហេតុ។ រីឯជនសង្ស័យឈ្មោះ សែម រ៉ាវី ភេទ ប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញទៅធ្វើការដោយទុកប្រពន្ធសម្រាកនៅក្នុងបន្ទប់កើតហេតុ។ លុះដល់ម៉ោង០២និង៤៥នាទីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះចេញមកពីធ្វើការត្រឡប់មកបន្ទប់ជួលវិញ ក៏ស្រាប់តែឃើញជនសង្ស័យកំពុងធ្វើសកម្មភាពបើកទ្វារ បង្អួចបន្ទប់ជួលខាងលើ យកដែកសរសៃរប្រវែង១ម៉ែត្រលូកចូលទៅក្នុងបន្ទប់រកលួចទ្រព្យសម្បត្តិ ក៏ត្រូវបានជនរងគ្រោះឃាត់ខ្លួន រួមនឹងវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្ដង៕ធ.ដ