យុវជនប្រុសស្រី២នាក់ត្រូវរថយន្តកិនស្លាប់ នៅខណ្ឌពោធិ៍សែនជ័យ ឯរថយន្តបង្កបើកគេចខ្លួនបាត់
ភ្នំពេញ ៖ យុវជនប្រុសស្រី២នាក់សង្ស័យជិះម៉ូតូទាក់ ដៃចង្កូតគ្នាបណ្តាលឲ្យដួលខ្ទាតមនុស្សចូលកង់រថយន្ត កុងតឺន័រខាងក្រោយកិនស្លាប់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវវ៉េងស្រេង ត្រង់ចំណុចខាងលិចស្តុប ទួលពង្រប្រមាណ១០០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពរងគ្រោះទី១មានឈ្មោះ ហ៊ន់ គឹមហេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ឯកជន យាមនៅផ្លូវកម្ពុជាក្រោម ស្នាក់នៅបន្ទប់ជួល ជិតសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិប៉ាក់ព្រី ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង (ស្លាប់បាក់ក ជាអ្នកឌុប) ។ ចំណែកអ្នកជិះខាងក្រោយ មានឈ្មោះ ខេង លក្ខណា ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ អាស្រ័យដ្ខាន នៅផ្ទះលេខ២៤៤ ផ្លូវលំ សាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង (ស្លាប់កិនបែកក្បាលនិងខ្លួនខ្ទិច) ។ អ្នកទាំងពីរជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HO.5624 ។ រីឯរថយន្ត កុងតឺន័រ ដែលកិនជនរងគ្រោះបាន បើករត់បាត់។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ យុវជនប្រុសស្រី២នាក់ជិះម៉ូតូហុងដា ប៉ិត ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើបានទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក ធ្វើដំណើរស្របគ្នាបណ្ដាលឲ្យដួលចូលកង់រថយន្ត កុងតឺន័រ កិចចំពាក់កណ្ដាលខ្លួនស្លាប់ភ្លាមៗទាំងពីរនាក់។ រីឯរថយន្តកុងតឺន័រដឹងថាកិនមនុស្សស្លាប់ហើយក៏ព្យាយាមបើករត់ចេញពីកន្លែងកើតហេតុបាត់ ចំណែកឯម៉ូតូម្ខាងទៀតបាន បើកចេញពីកន្លែងកើតហេតុទៅបាត់ផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចុះវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រងចាំសាច់ញាតិមកទទួលយកនៅពេលក្រោយ ចំណែសាកសពជនរងគ្រោះទាំងពីរនាក់សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕ធ.ដ