រថយន្តលុច្សសុីស GS300 បុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់៣កង់ នៅជិតរង្វង់មូលចោមចៅ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តមួយគ្រឿងទំនងជាស្រវឹងស្រា បោះពួយយ៉ាងលឿនបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់៣កង់ និងវៀចចេញពីជួរចំនួន៣កង់បន្ថែមទៀត ធ្វើឲ្យរថយន្តបែកធុងទឹកទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលវេលា ម៉ោង១១ និង៣០នាទីយប់ ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ចំណុចជិតរង្វង់មូលចោមចៅ  ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អ្នកបើករថយន្តបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេបានបើកទ្វារចុះរត់បាត់។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើក រថយន្ដម៉ាកលុច្សសុីសGS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AX.9108 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ទឹសដៅពីលិចទៅកើត បោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកន្លែងកើតហេតុខាងលើក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់៣កង់ និង វៀចចេញពីជួរចំនួន៣កង់បន្ថែមទៀត ។ រីឯរថយន្ត វិលមួយជុំខ្ទិចផ្នែកខាងមុខទៅមុខលែងរួច តែមិនមានអ្នកណារងរបួសនោះទេ មួយសន្ទុះក្រោយមកអ្នកបើករថយន្តបង្កបានចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញវាស់វែងស្ទូចយក រថយន្តបង្កទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner