សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រី ឥណ្ឌា តាមប្រព័ន្ធវីដេអូ
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានជួបពិភាក្សាការងារ ជាមួយឯកឧត្តម ណារិនត្រា ម៉ូឌី នាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌា តាមប្រព័ន្ធវីដេអូ ។
ជាការចាប់ផ្ដើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ឯកឧត្តម នាយករដ្ឋមន្ត្រីឥណ្ឌា បានរំលឹកថា សម្ដេចតេជោ បានជួបជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រី កាលពីខែមិថុនា ឆ្នាំ២០២០ តាមរយៈ ប្រព័ន្ធវុដេអូដូចគ្នា។សម្ដេចតេជោ បានគូសបញ្ជាក់អំពីការបង្កើត ទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និងឥណ្ឌា តាំងពីឆ្នាំ១៩៨១ ក្រោយពេលមានការអាក់ខាន តាំងពីមុននោះមក ដោយសារកម្ពុជា មានការលំបាក ប៉ុន្តែប្រទេសឥណ្ឌា ជាប្រទេសទី១ នៅក្នុងពិភព លោក ដែលបានទទួលស្គាល់កម្ពុជា ហើយបានបង្កើតទំនាក់ទំនង ការទូត ជាមួយកម្ពុជានាពេលនោះ ដែលគិតមកដល់ឆ្នាំ២០២២ គឺ ជា ខួបទី ៧០ នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌានៅ ឆ្នាំ នេះ។ ដើម្បីប្រារព្ធខួបទី៧០ នៃទំនាក់ទំនងទ្វេភាគីនេះ ប្រទេសទាំង ពីរ កម្ពុជា និងឥណ្ឌា បានឯកភាពក្នុងការត្រៀមបញ្ជីសកម្មភាព ធ្វើរួមគ្នា ដើម្បីអបអរសាទរនៃការបង្កើតទំនាក់ទំនងទ្វេភាគីនេះ នៅក្នុងស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរ ក៏ដូចជារវាងប្រជាជនប្រទេសទាំងពីរផងដែរ។
ចំណែកឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា បានសម្ដែងនូវការពេញចិត្ត ចំពោះការសន្ទនានៅថ្ងៃនេះ នឹងសម្ដែងនូវការចូលរួមការកាន់ទុក្ខ ចំពោះ ការបាត់បង់បងប្រុសរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី គឺ សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង។ ឯកឧត្តម បានគូស បញ្ជាក់ ថា ឥណ្ឌា និងកម្ពុជា មានទំនាក់ទំនងយូរលង់មកហើយ តាំងពី សម័យ បុរាណមកម្ល៉េះ ជាពិសេស ប្រទេសទាំងពីរដែលមាន ការ ទំនាក់ទំនងរវាងវប្បធម៌ និងស៊ីវីល័យ ពិសេសតាមការឆ្លុះ បញ្ចាំង ដូចជា ប្រាសាទអង្គរវត្តជាដើម។ ពិតជាមោទនភាពចំពោះឥណ្ឌា ដែលបន្តធ្វើការងារ ក៏ដូចជាជួយប្រទេសកម្ពុជាកន្លងមកនេះ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា ក៏បានអបអរ សាទរចំពោះកម្ពុជា ដែលបានទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ 2022 នេះ ហើយមិនត្រឹមតែប៉ុណ្ណោះទេ នៅក្នុងគោលនយោបាយ ឆ្ពោះទៅខាងកើតរបស់ប្រទេសឥណ្ឌា ឯកឧត្តម បានចាត់ទុកកម្ពុជា ជាដៃគូសំខាន់របស់ឥណ្ឌា។
ជាការឆ្លើយតប សម្តេចតេជោ បានអរគុណឯកឧត្តមនាយករដ្ឋមន្ត្រី ឥណ្ឌា ដែលបានចូលរួមនូវការរំលែកទុក្ខចំពោះការបាត់បង់ បង ប្រុស របស់សម្ដេចតេជោ ហើយសម្ដេចក៏បានគូសបញ្ជាក់ដែរថា ចំពោះគោលនយោបាយឆ្ពោះមកខាងកើតរបស់ប្រទេសឥណ្ឌានេះ វាត្រឹមត្រូវជាមួយនឹងអ្វីដែលជាគោលនយោបាយរបស់អាស៊ានផងដែរ ដែលផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រទេសឥណ្ឌា ហើយចាត់ ទុកប្រទេសឥណ្ឌា ជាដៃគូយុទ្ធសាស្ត្រសំខាន់មួយ ។
សម្តេចតេជោក៏បានគូសបញ្ជាក់ផងដែរថា នៅក្នុងការពិភាក្សានេះ អ្វីដែលសម្ដេចចង់លើក ទី១-ការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ19 ។ ក្នុងន័យនេះ សម្តេចតេជោ បានអបអរសាទរចំពោះឥណ្ឌា ដែល បាន ទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងគ្រប់គ្រងកូវីដ១៩ ពីការ ឆ្លងច្រើនរហូតដល់ឆ្លងតិចតួចនៅពេលនេះ ថ្វីត្បិតតែប្រទេសឥណ្ឌា មានប្រជាពលរដ្ឋច្រើន។សម្ដេចតេជោក៏បានអរគុណប្រទេសឥណ្ឌា ដែលបានផ្ដល់វ៉ាក់សាំង ដែលកម្ពុជាបានទទួលនៅថ្ងៃទី១២ខែមេសា ឆ្នាំ២០២២ ចំនួន ៣២៥.០០០ដូស នៅក្នុងក្របខណ្ឌគំនិត ដូច ដើម វ៉ាក់សាំង ខ្វត ។
សម្ដេចបានបញ្ជាក់ថា នេះគឺជាវ៉ាក់សាំងដែលឆ្លុះបញ្ចាំងពីអ្វីដែល ឥណ្ឌា ចូលរួមនៅក្នុងសាមគ្គីភាព ហើយធ្វើឲ្យកម្ពុជា ទទួលបាន ជោគជ័យ ហើយនៅពេលនេះ កម្ពុជា បានចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋចំនួន ៩៣,៦ភាគរយ នៃចំនួនប្រជាជន ១៦លាននាក់ ដោយសារការចូលរួមចំណែករបស់ប្រទេសឥណ្ឌានេះ ធ្វើឲ្យប្រទេស កម្ពុជា បានបើកប្រទេសឡើងវិញ កាលពីថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ ២០២១ ។
សម្ដេចតេជោបានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា នឹង បន្ត យុទ្ធនាការថ្នាក់ជាតិចាក់វ៉ាក់សាំង ជាពិសេស ដល់ប្រជាពល រដ្ឋ កម្ពុជា ដែលជាជំនួយរបស់ប្រទេសឥណ្ឌា និងបណ្ដាប្រទេសផ្សេង ទៀត។ សម្តេច ថា មកដល់ពេលនេះ មានរយៈពេល ១១ថ្ងៃហើយ ដែលប្រទេសកម្ពុជា មិនមានករណីឆ្លងកូវីដ19 ឡើយ ។ សម្ដេច ក៏បានអរគុណឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា ចំពោះការគាំទ្រនូវការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ19 នេះ។
សម្ដេចតេជោបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិ កា រដ៏ល្អតាំងពី ប្រពៃណីមក បានគ្របដណ្ដប់លើវិស័យជាច្រើន ទាំងនយោបាយ សេដ្ឋកិច្ច អប់រំ វប្បធម៌ ហើយជាពិសេសទៀត គឺក្នុងការជំរុញវិស័យ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ។
សម្ដេចក៏បានគូសបញ្ជាក់ផងដែរថា សម្ដេចមិនបានជួប ឬក៏ទទួល ជួបផ្ទាល់របស់ឯកឧត្តម អំបឺឡា នៅដែលឯកឧត្តម បានអញ្ជើញ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជា ប្រធាន សភាជាន់ទាបរបស់ប្រទេសឥណ្ឌា ហើយសម្ដេចក៏បាន នាំនូវ ការជូនពរដល់ឯកឧត្តមផងដែរ តាមរយៈឯកឧត្តមនាយករដ្ឋមន្ត្រី ឥណ្ឌា។ សម្ដេចតេជោ ក៏បានលើកឡើងដែរថា ឥឡូវនេះ ភាគីទាំង ពីរកម្ពុជានិងឥណ្ឌាកំពុងតែស្វែងរកពេលវេលាសាកសមនៅក្នុងព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តមសីហមុនីដែលគ្រោងនឹងយាងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាក្នុងឆ្នាំ២០២៣ព្រមទាំងទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតដែលជាមេបញ្ជាការកងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជា នឹងទៅទស្សនកិច្ចនៅឥណ្ឌា ក្នុងឆ្នាំ២០២២នេះ ដើម្បីចូលរួមពង្រីកទំនាក់ទំនងទ្វេភាគី ជាពិសេស នៅក្នុងការប្រារព្ធ ខួ បទី ៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
សម្តេចតេជោក៏បានអរគុណចំពោះឥណ្ឌា ដែលបានចូលរួមផ្ដល់ នៅអណ្ដូងទឹកប្រមាណជា ១៥០០អណ្ដូង ក៏ដូចជាការផ្ដល់នូវ សម្ភារៈ ផ្សេងៗទៀត ដល់ប្រទេសកម្ពុជា ដែលជាជំនួយឥត សំណង។
សម្ដេចក៏បានគូសបញ្ជាក់ផងដែរពាក់ព័ន្ធនឹងទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងឥណ្ឌាថ្វីត្បិតមានការធ្លាក់ចុះនៅសម័យកាលកូវីដ ប៉ុន្តែនៅក្នុងឆ្នាំ២០២១ មានការកើនឡើងប្រមាណ៣០០លាន ដុល្លារ។ សម្ដេចក៏បានស្នើដល់ប្រទេសឥណ្ឌា ២ចំណុច ក្នុងនោះ ទី១-ជំរុញនូវការបញ្ចប់នីតិវិធីបច្ចេកទេសឲ្យបានឆាប់ ដើម្បីពន្លឿន លើការចុះហត្ថលេខានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងឥណ្ឌា និងពន្លឿនទៅលើការចរចា ដើម្បីបញ្ចប់នូវសន្ធិសញ្ញា វិនិយោគ ទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា ដើម្បីឈានទៅចុះ ហត្ថលេខា ឲ្យបានឆាប់ផងដែរ។
លើសពីនេះទៀត សម្ដេចក៏បានលើកឡើងអំពីវិស័យទេសចរណ៍ ដែលសម្ដេចបានស្នើសុំឱ្យមានការហោះហើរត្រង់ពីឥណ្ឌាមកភ្នំពេញនិងពីឥណ្ឌាមកខេត្តសៀមរាបក្នុងការជំរុញធ្វើយ៉ាងណាឱ្យទេសចរណ៍មានការកើនឡើងរវាងប្រទេសទាំងពីរ ហើយជាពិសេសទៀត ដោយសារកម្ពុជាឥឡូវនេះបានបើកចំហសម្រាប់ទេសចរណ៍ដែលបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ហើយនោះដោយពុំបានទាមទារឱ្យមានការធ្វើតេស្ត(PCR) ឬធ្វើតេស្តរហ័សពេលមកដល់ជាដើម។ ដូច្នេះ ក្នុង ន័យនេះ សម្តេចបានស្នើសុំឲ្យឥណ្ឌា ជួយជំរុញការងារនេះ។
ទាក់ទងកិច្ចសហប្រតិបត្តិការពហុភាគី សម្ដេចតេជោ បានមាន ប្រសាសន៍ ថា ចំពោះវឌ្ឍនភាពនៃកិច្ចប្រតិបត្តិការក្នុងក្របខណ្ឌ ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន និងឥណ្ឌា ដោយកម្ពុជា ស្វាគមន៍ ការកំណត់យកឆ្នាំ ២០២២នេះ ជាឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា ដែល បានឯកភាពគ្នាលើកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩ នៅក្នុង ឆ្នាំ២០២១ កន្លងទៅនេះ ជាពិសេស ដើម្បីរំឭកខួប អនុស្សាវរីយ៍ លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កន្លងមកនេះ ហើយកម្ពុជា ទន្ទឹងរង់ចាំក្នុងការប្រារព្ធ និងអនុវត្ត សកម្មភាព ដើម្បីអបអរសាទរនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។
សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា បញ្ជាក់ពី សារៈសំខាន់ នៃការអនុវត្តគម្រោងផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងការពង្រីកមកកាន់ប្រទេសកម្ពុជា ឡាវ និង វៀតណាម ផងដែរ ។ សម្ដេចបានវាយតម្លៃខ្ពស់ចំពោះការចូលរួម
វិ ភាគ ទានរបស់ឥណ្ឌាចំនួន ១លានដុល្លារ ដល់អាស៊ាន ឆ្លើយតប ជាមួយនឹងកូវីដ19 ហើយកម្ពុជា ក៏សូមលើកទឹកចិត្តដល់ឥណ្ឌា ឲ្យបន្តគាំទ្រប្រព័ន្ធសុខាភិបាលសាធារណៈជាតិរបស់កម្ពុជា ជាពិសេស ការកសាងសមត្ថភាពអ្នកជំនាញសុខាភិបាលផងដែរ។
សម្ដេចក៏បានអរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដែលប្រទេសឥណ្ឌា បានផ្ដល់អោយកម្ពុជា តាមរយៈគម្រោងទទួលផលឆាប់ រហ័ស ក្រោមគំនិតដូចដើមនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើវិស័យ កសិកម្ម បរិស្ថាន សុខាភិបាល ការអប់រំ ការអភិវឌ្ឍន៍ជនបទ ការ លើកកម្ពស់សិទ្ធិស្ត្រី និងវប្បធម៌ ដូច្នេះសម្ដេចតេជោ ស្នើសុំឱ្យឥណ្ឌា បន្តការគាំទ្រសំណើគម្រោងឆាប់ទទួលបានផលរបស់កម្ពុជាបន្ថែមទៀត ដល់បណ្ដាឆ្នាំខាងមុខ ។
សម្ដេចក៏បានគូសបញ្ជាក់អំពីការងារដែលកម្ពុជាបានធ្វើក្នុងនាមជាប្រធានអាស៊ាន ជាពិសេស នៅក្នុងការខិតខំជួយដល់ប្រទេស មីយ៉ាន់ម៉ា កុំឱ្យធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិល ហើយសម្ដេចបាន គូស បញ្ជាក់ ផងដែរថា សម្ដេចបានបានអញ្ជើញទៅទស្សនកិច្ច នៅ មីយ៉ាន់ម៉ា នៅថ្ងៃទី៧ និងទី៨ ខែមករា ឆ្នាំ២០២២ និងបានជួប ជាមួយឯកឧត្តម មីន អោងលាំង ចំនួន២លើក តាមវីដេអូ ខនហ្វឺរេន ហើយក៏មានទស្សនកិច្ចរបស់ឯកឧត្តម ប្រាក់ សុខុន ដែលជា ប្រេសិត ពិសេសរបស់ប្រធានអាស៊ាន ទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា ហើយបន្ទាប់មក មានកិច្ចប្រជុំពិគ្រោះយោបល់ ក្នុងការផ្ដល់ជំនួយ ដល់មីយ៉ាន់ម៉ា ដែលជាជំនួយមនុស្សធម៌។
នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ ផង ដែរថា ៣ចំណុចនៃគោលដៅរបស់សម្ដេចតេជោជួយដល់ មីយ៉ាន់ម៉ា គឺទី១ បញ្ឈប់អំពើហិង្សា ហើយនិងធ្វើយ៉ាងណាឲ្យមាន បទឈប់ បាញ់ និងរក្សាស្ថានភាពអត់ធ្មត់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅ មីយ៉ាន់ម៉ា, ទី២ ខិតខំជំរុញជំនួយមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋ មីយ៉ាន់ម៉ាដែលត្រូវការជំនួយជាចាំបាច់ និងទី៣ ជំរុញឲ្យមាន កិច្ច សន្ទនា ដោយមានការចូលរួមពីគ្រប់ភាគី។
ជាចុងក្រោយ សម្តេចតេជោ ក៏បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រី ម៉ូឌី មកទស្សនកិច្ចនៅប្រទេសកម្ពុជា មុនពេលមានកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឬនៅពេលវេលាដែលយើងរៀប ចំកិច្ច ប្រជុំកំពូល នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ។
ជាការឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា បានមានប្រសាសន៍ ថា យើងពិតជារីករាយដែលអាចជួយកម្ពុជាបាន ជាពិសេស ការ ជួយ ផ្ដល់វ៉ាក់សាំងតាមក្របខណ្ឌគំនិតផ្ដួចផ្ដើមវ៉ាក់សាំងខ្វត ហើយ កម្ពុជា ជាប្រទេសទី១ នៅក្នុងក្របខណ្ឌនេះ ដែលទទួលបាន វ៉ាក់សាំង ពីប្រទេសឥណ្ឌា។
ឯកឧត្តមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា ឯកឧត្តម ពិតជារីករាយដែលឮថា កម្ពុជា មិនមានករណីឆ្លងកូវីដ១៩ ក្នុងរយៈពេល ១១ថ្ងៃមកនេះ ដែលពិតជាល្អខ្លាំងណាស់ ។
ឯកឧត្តមក៏បានបញ្ជាក់ដែរថា ជាសមត្ថភាពរបស់ឥណ្ឌា ដែល ខិតខំជំរុញជួយខ្លួនឯងផង និងជួយមនុស្សក្នុងសកល លោក ផងដែរ។ ឯកឧត្តមក៏បានលើកឡើងថា នៅពេលនេះ ឥណ្ឌា បានជួយផ្ដល់វ៉ាក់សាំងនេះ ទៅដល់ប្រមាណ ១០០ប្រទេស ហើយក៏បានចូលរួមបណ្ដុះបណ្ដាលមន្ត្រីរបស់រដ្ឋាភិបាលកម្ពុជា ប្រមាណជាង ពីរពាន់នាក់ ជាពិសេសនៅក្នុងការបណ្ដុះបណ្ដាល គ្រប់វិស័យខុសៗគ្នា ហើយថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌា នឹងផ្ដល់ អាហារូបករណ៍ចំនួន ១០០០កន្លែងទៀត សម្រាប់វិស័យអាយធី ក្នុងការបណ្ដុះបណ្ដាលប្រជាពលរដ្ឋមកពីប្រទេសអាស៊ាន ។
ឯកឧត្តមក៏បានគូសបញ្ជាក់ដែរថា ឯកឧត្តមពិតជារីករាយដែល ឯកឧត្តម អំបឺឡា សភាជាន់ទាប បានអញ្ជើញទៅទស្សនកិច្ច នៅកម្ពុជា បានជោគជ័យ។ឯកឧត្តមសង្ឃឹមថា នឹងមានឱកាស ក្នុងការទទួលស្វាគមន៍នូវព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជា ហើយនឹងស្វាគមន៍ព្រះរាជទស្សនកិច្ចផងដែររបស់សម្ដេចម៉ែ នៅក្នុងពេលវេលាណាមួយ។
ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា នៅក្នុងកិច្ចប្រតិបត្តិការនេះ ឯកឧត្តម និងជំរុញលើវិស័យការពារជាតិផងដែរ ដែលមកដល់ ពេលនេះ គឺឥណ្ឌា បានជំរុញកិច្ចសហប្រតិបត្តិការជាច្រើន ចំពោះ បណ្ដាប្រទេសផ្សេងៗទៀតលើវិស័យការពារជាតិនេះ ហើយ ឯកឧត្តម ក៏ចង់ឃើញប្រទេសឥណ្ឌា និងអាស៊ាន និងដំឡើង ពីភាព ជាដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ផង ដែរ។
ឯកឧត្តមក៏បានគូសបញ្ជាក់ពាក់ព័ន្ធនឹងគម្រោងផ្លូវហាយវេត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ ដែលបន្តខ្សែភ្ជាប់មកប្រទេសកម្ពុជា ។ នៅក្នុង គម្រោងនេះ ពិតជាសមស្របជាមួយនឹងផែនការមេ ក្នុងការតភ្ជាប់ មក អាស៊ាន។ ឯកឧត្តមបានបញ្ជាក់ថា ឥណ្ឌា និងផ្ដល់នូវ ឥណទាន ចំនួនមួយពាន់លានដុល្លារ សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។
ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជា គឺអាចបានទទួលផល ប្រយោជន៍ ពីគម្រោងឆាប់រហ័សជាគម្រោងផង តាមរយៈ អាហារូបករណ៍ផងដែរ ហើយកន្លងមកនេះ ឥណ្ឌា ក៏មានបេក្ខភាព ក្នុងក្របខណ្ឌអន្តរជាតិជាពិសេស ក្នុងក្របខ័ណ្ឌអង្គការ សហប្រជា ជាតិហើយជាពិសេស អរគុណកម្ពុជា ដែលគាំទ្រដល់បេក្ខភាព របស់ ប្រទេសឥណ្ឌា ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាអង្គការ សហប្រជា ជាតិ នៅក្នុងក្របខ័ណ្ឌកំណែទម្រង់នេះ។
ចំពោះបញ្ហាអន្តរជាតិ ឯកឧត្តមបានគូសបញ្ជាក់ថា ពិតជាមាន សារៈសំខាន់ណាស់ដែលធ្វើយ៉ាងណា គាំទ្រដល់ប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសភូមិផងរបងជាមួយប្រទេសឥណ្ឌា ឲ្យមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។
ឯកឧត្តមបានបញ្ជាក់ថា ឯកឧត្តម ពិតជាគាំទ្រនៃតួនាទីជា ប្រធាន អាស៊ានផង គាំទ្រមជ្ឈភាពអាស៊ានផង និងគាំទ្រការឯកភាព ផ្ទៃក្នុង របស់អាស៊ានផង ក្នុងការដើរតួនាទីសំខាន់ ជាពិសេសទៀត ឯកឧត្តម បានគូសបញ្ជាក់ថា ឯកឧត្តម បានព្យាយាមចូលរួម ចំណែក ក្នុងការសន្ទនារកដំណោះស្រាយរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលកន្លងមក ឯកឧត្ដម បានជួបសន្ទនាជាមួយប្រធានាធិបតី ទាំង ពីរ រុស្ស៊ី និងអ៊ុយក្រែន ដើម្បីធ្វើយ៉ាងម៉េច ឱ្យស្ដារស្ថានភាពនេះមក រកសន្តិភាពវិញ។
ចំណែកសមុទ្រចិនខាងត្បូង ឯកឧត្តម ចាត់ទុកថាគឺជាសមុទ្រ ដែលមាន សារៈសំខាន់ណាស់ ជាពិសេស ធ្វើយ៉ាងណាឱ្យមានសេរី បើកចំហនិងផ្អែកទៅលើច្បាប់អន្តរជាតិ ។ឯកឧត្តមពិត ជាគាំទ្រក្នុង ការចរចាឲ្យមាន ស៊ីអូស៊ី ជាពិសេស ដែលមានប្រសិទ្ធភាព មាន បរិយាបន្ន ហើយមានខ្លឹមសារ ព្រមទាំងផ្អែកទៅលើច្បាប់នៃ អន្តរជាតិ ផងដែរ។
ឯកឧត្តមបានគូសបញ្ជាក់ដែរថា ឯកឧត្តមចាត់ទុកអាស៊ាន ជា មជ្ឈមណ្ឌលនៃឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយឯកឧត្តមចាត់ទុកថា ការងារទាំងអស់នេះ គឺអាស៊ាន មានតួនាទីស្នូលដ៏សំខាន់ផងដែរ។
ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា ក៏បានរំពឹងទុកថា នឹងមកទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ដល់ឯកឧត្តម នឹងស្វាគមន៍នូវចំណុចទាំងឡាយដែល ឯកឧត្តម បានលើកឡើង។ សម្ដេចបានបញ្ជាក់ថា ឯកឧត្តម នឹងបន្តតួនាទី ក្នុងការជំរុញកិច្ចសន្ទនាការចរចារវាងរុស្ស៊ី និងអ៊ុយក្រែន នៅពេល ខាងមុខជាបន្តបន្ទាប់ទៀត។ សម្ដេចមានការជឿជាក់ថា ឥណ្ឌា អាចដើរតួនាទីសមស្របក្នុងការចរចារវាងភាគីទាំងពីរ អ៊ុយក្រែននិង រុស្ស៊ី ហើយឥណ្ឌា នឹងដើរតួនាទីសំខាន់ក្នុងការងារនេះ ។
សម្ដេចក៏បានគូសបញ្ជាក់ដែរថា សម្ដេចចង់ឃើញដំណោះស្រាយ រវាងរុស្ស៊ី-អ៊ុយក្រែន ឲ្យបានឆាប់ផងដែរ ដោយសារវាមានផល ប៉ះពាល់ ដល់សកលលោក ជាពិសេស លើវិស័យសន្តិសុខស្បៀង និងថាមពល ដែលប៉ះពាល់ដល់ប្រទេសទាំងអស់ ។
ជាចុងក្រោយ សម្ដេចបានបញ្ជាក់ថា សម្ដេចទន្ទឹងរង់ចាំក្នុងការ ទទួល ការធ្វើទស្សនកិច្ចរបស់ឯកឧត្តម ក្នុងការចូលរួមកិច្ចប្រជុំ កំពូល នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ៕
ដោយ៖ វណ្ណលុក














