រដ្ឋមន្ត្រីទេសចរណ៍ ជំរុញឱ្យរដ្ឋបាលខេត្តកំពតសិក្សារៀបចំផែនការមេ និងកំណត់ផែនទីអភិវឌ្ឍន៍តំបន់ទេសចរណ៍នៅព្រែកកំពង់បាយ

អត្ថបទដោយ៖
Kien Sereyvuth

(កំពត)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯ ឧ ថោង ខុន បានកត់សម្គាល់ប្រកបដោយភាពជឿជាក់ថា តំបន់ទេសចរណ៍ ក៏ដូចជារមណីយដ្ឋានទេសចរណ៍ធម្មជាតិនានា ដែលមាននៅតាមព្រែកកំពត ឬព្រែកកំពង់បាយ នៃស្រុកទឹកឈូ ខេត្តកំពត គឺពិតជាមេដែកថ្មីដ៏សំខាន់មួយក្នុងការទាក់ទាញកំណើនភ្ញៀវទេសចរឱ្យមកទស្សនាខេត្តកំពត ខណៈខេត្តនេះក៏មានភ្នំបូកគោ និងរមណីយដ្ឋានមួយចំនួនទៀត ជាមេដែកទាក់ទាញភ្ញៀវទេសចរដ៏សំខាន់ទៀតដែរ។
ឯ ឧ រដ្ឋមន្ត្រីក៏បានជំរុញឱ្យអាជ្ញាធរខេត្តកំពត ត្រូវសិក្សារៀបចំឱ្យបាននូវផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅតំបន់ព្រែកកំពតនេះ ពិសេសត្រូវធ្វើឱ្យបានលឿនបំផុត ដើម្បីឱ្យទាន់សភាពការណ៍បច្ចុប្បន្ន ដែលភ្ញៀវទេសចរក្នុងខេត្តនេះកំពុងមានការកើនឡើង។
ការលើកឡើងយ៉ាងដូច្នេះរបស់ ឯ ឧ រដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងឱកាស ឯ ឧ និង ឯ ឧ ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៨ នៅសាលាខេត្តកំពត នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩។
នាថ្ងៃម្សិលមិញ ឯ ឧ រដ្ឋមន្ត្រី ថោង ខុន ក៏បានដឹកនាំក្រុមមន្ត្រីនៃក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តកំពត ចុះត្រួតពិនិត្យដោយផ្ទាល់នៅតាមរមណីយដ្ឋានទេសចរណ៍នានា នៅតាមព្រែកកំពត ឬព្រែកកំពង់បាយនោះផងដែរ។
ឯ ឧ បានលើកឡើងពីវិធានការភ្លាមៗនៅចំពោះមុខ គឺត្រូវទប់ច្រាំងនៅកន្លែងមួយចំនួននៃដងព្រែកកំពង់បាយ ដើម្បីរក្សាច្រាំងព្រែកឱ្យបានយូរអង្វែង រាំងទប់អោយបានការបូមខ្សាច់ដែអាចធ្វើអោយប៉ះពាល់ដល់តំបន់នេះ ពីព្រោះកន្លែងខ្លះ  ដូចជាផ្លូវធ្វើដំណើរនៅជិតមាត់ព្រែក និង ផែទូកកាណូតទេសចរណ៍តូចៗ  ប្រើសិនបើដាច់ច្រាំង គឺដូចជាបាត់ផ្លូវធ្វើដំណើរ និងមិនអាចធ្វើសកម្មភាពទេសចរណ៍បាន។

ម្យ៉ាងទៀត តំបន់ទេសចរណ៍នៅព្រែកកំពង់បាយនេះ មិនត្រូវឱ្យមានការកាប់ទន្ទ្រានព្រៃឈើនានា ដូចជាដើមចាក យកធ្វើដីចម្ការតទៅទៀតឡើយ ព្រោះធនធានធម្មជាតិទាំងនោះ ក៏ជាកត្តាចាំបាច់ក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ ម្យ៉ាងទៀត ត្រូវរក្សាស្ថិរភាពទឹក និងភាពស្អាតនៅក្នុងព្រែកឱ្យបានជាប់ជានិច្ច។
ឯ ឧ បានបន្តថា ប្រព័ន្ធផ្សព្វផ្សាយត្រូវជួយផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ពិសេសត្រូវផលិតជាវីដេអូស្ព័តអំពីតំបន់ទេសចរណ៍ទាំងនោះឱ្យកាន់តែខ្លាំងក្លា ដើម្បីឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានដឹងពីសក្ដានុពលនៃតំបន់នេះឱ្យបានសុះសាយបន្ថែមទៀត។
នៅពេលភ្ញៀវទេសចរមកទស្សនាច្រើនឡើងហើយ រមណីយដ្ឋាននីមួយៗត្រូវចុះពង្រឹងគុណភាពសេវាកម្ម និងត្រូវបង្កើនការទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរ កុំដំឡើងថ្លៃហួសហេតុពេក កុំលក់ទំនិញអន់គុណភាព ត្រូវបានបង្កើនសេវាស្នាក់នៅបន្ថែមទៀត ពិសេសត្រូវពង្រឹងអនាម័យចំណីអាហារ បញ្ហាសំរាម បរិស្ថាន សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងកុំបង្ហូរទឹកកខ្វក់ចូលក្នុងព្រែក។
ឯ ឧ បានលើកឡើងពីបញ្ហាកកស្ទុះនៅពេលបុណ្យទានម្ដងៗ ដែលមានចំនួនភ្ញៀវទេសចរយ៉ាងច្រើនមកទស្សនាខេត្តកំពតនេះ ដោយ ឯ ឧ រដ្ឋមន្ត្រី ថោង ខុន បានគាំទ្រឱ្យលោកអភិបាលខេត្តស្នើសុំរាជរដ្ឋាភិបាលកសាងស្ពានថ្មីមួយទៀត នៅអមជាមួយស្ពានបច្ចុប្បន្ន ដើម្បីកាត់បន្ថយបញ្ហាកកស្ទុះចរាចរណ៍ដូចមុនៗ។
បើតាម លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា រយៈពេល៩ខែ ក្នុងឆ្នាំ២០១៩នេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុប ១,៣១៣,៩២២នាក់ កើនឡើង ១៧.៤៨% ក្នុងនោះភ្ញៀវជាតិមានចំនួន ១,១៥៩,៩៩០នាក់ កើនឡើង ១៧.៥២% និងភ្ញៀវអន្តរជាតិមានចំនួន ១៥៣,៩៣២នាក់ កើនឡើង ១៧.១៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner